ក្រចេះ/ស្ទឹងត្រែង/ត្បូងឃ្មុំៈ ផ្ទះ​យ៉ាង​ហោច​ណាស់​ចំនួន​ ១១៣៣ ​ខ្នង​ក្នុង​ខេត្ដ​ក្រចេះ​ត្រូវ​បាន​ជន់​លិច​កាលពី​ម្សិលមិញ ខណៈ​ពលរដ្ឋ​ជិត​ ១ ​ពាន់​គ្រួសារ​ក្នុង​ខេត្ដ​ស្ទឹងត្រែង និង​ត្បូងឃ្មុំ​ត្រូវ​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព រីឯ​សាលារៀន​​មួយ​ចំនួន​ត្រូវ​បាន​ទឹក​លិច និង​ផ្អាក​ការសិក្សា​ដើម្បី​សុវត្ថិភាព​។ នេះ​បើ​តាម​មន្ត្រី​នៃ​បណ្ដា​ខេត្ត​ជាប់​ទន្លេ​មេគង្គ​ពី​ម្សិលមិញ​។

លោក ប៉ែន លីណាត អ្នក​នាំពាក្យ​សាលា​ខេត្ដ​ក្រចេះ​បាន​ឲ្យ​ដឹងថា ទឹកជំនន់​បាន​ហក់​ឡើង​ខ្លាំង និង​បាន​លិច​ចូល​ដល់​ក្រុង​ក្រចេះ និង​ស្រុក​ចំនួន​ ៤ ​ក្នុង​នោះ​ផ្ទះ​ជាង​មួយ​ពាន់​ខ្នង​ និង​សាលារៀន​ ៤ ​កន្លែង​ភាគច្រើន​សាលាបឋមសិក្សា​ត្រូវ​បាន​ផ្អាក​សិក្សា​ដោយសារ​ទឹកលិច ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ពលរដ្ឋ​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​​សរុប​ទៅ​ចំពោះ​ការ​លិច​នេះ មាន​ផ្ទះ​ពលរដ្ឋ​ចំនួន​ ១១៣៣ ​ខ្នង​...​ប៉ុន្ដែ​នៅ​ក្រចេះ​មិន​អី​ទេ​ពលរដ្ឋ​គាត់​ស៊ាំ​នឹង​ការរស់នៅ​ជាមួយ​ទឹកទន្លេ​ហើយ​ទោះ ទឹក​លិច​ផ្ទះ ប៉ុន្ដែ​គាត់​មិន​បាន​ជម្លៀស​ទៅ​ណា​ទេ​ពួកគាត់​យក​តែ​គោក្របី​ទៅ​ទីទួល​ប៉ុណ្ណោះ​»...«​សាលា​ខ្លះ​ត្រូវ​ផ្អាក​ហើយ ព្រោះ​ទឹក​ជន់​លិច ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ក្មេង ណា​មួយ​ឥឡូវ​ក៏​ជិត​ដល់​ពេល​បញ្ចប់​បវេសនកាល​ផង​។ ចំពោះ​ការប្រឡង​បាក់ឌុប​មិន​មាន​បញ្ហា​អ្វី​ទេ ព្រោះ​យើង​បាន​ដាក់​មណ្ឌល​ប្រឡង​ទាំងអស់​នៅ​ក្នុង​ក្រុង​ដែល​ជា​ទីទួល​សុវត្ថិភាព​»​។

ដោយឡែក​នៅ​ខេត្ដ​ត្បូងឃ្មុំ​​ទឹក​បាន​ជន់​លិច​នៅ​ឃុំ​ចំនួន​ ៤ ​ពិសេស​ក្នុង​បរិវេណ​សាលា​បឋមសិក្សា និង​អនុវិទ្យាល័យ​ ខណៈ​ពលរដ្ឋ​ជាង​ ៦០០ ​គ្រួសារ​​ត្រូវ​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​។ ​នេះ​បើ​តាម​លោក​ លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ​ពី​ម្សិលមិញ​។

លោក​ថា​៖ «​ទឹក​បាន​លិច​ ៤-៥ ឃុំ ហើយ​លិច​ច្រើន​ជាងគេ​នៅ​តាម​សាលា​បឋមសិក្សា​​ និង​អនុវិទ្យាល័យ​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ត្រូវ​តែ​ផ្អាក​ការសិក្សា​។

យើង​បាន​ជម្លៀស​ពលរដ្ឋ​ទៅ​ទីទួល​សុវត្ថិភាព​ជាង​ ៦០០ ​គ្រួសារ​។ ប៉ុន្ដែ​មិន​មាន​រងគ្រោះ​អ្វី​ទេ ព្រោះ​យើង​បាន​ត្រៀម​លក្ខណៈ​ទុក​ជា​មុន ណា​មួយ​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ទន្លេ​ពួកគាត់​មាន​ទម្លាប់​រស់នៅ​តាម​តំបន់​ទន្លេ​នេះ​ស្រាប់​។ អ៊ីចឹង​មិន​អី​ទេ​»​។

ទន្ទឹម​នឹង​នេះ​លោក ម៉ែន គុង អ្នក​នាំពាក្យ​ខេត្ដ​ស្ទឹងត្រែង​​បាន​ឲ្យ​ដឹង​ដែរ​ថា ទឹកទន្លេ​មេគង្គ​កំពុង​បន្ដ​ហក់​ឡើង​ខ្លាំង​រហូត​ដល់​ល្ងាច​ថ្ងៃ​ម្សិលមិញ​បណ្ដាល​ឲ្យ​លិច​នៅ​ស្រុក​មួយ​ចំនួន ដូចជា​ក្នុង​សង្កាត់​សាមគ្គី ហើយ​លិច​ខ្លាំង​ជាង​គេ​គឺ​សង្កាត់​​ស្រះ​ឫស្សី​។

លោក​ឲ្យ​ដឹង​ថា​៖ «​ទឹកទន្លេ​ហក់​ឡើង​ខ្លាំង ឥឡូវ​លិច​ចូល​​ដល់​ស្រុក​ ២-៣ ​ហើយ ប៉ុន្ដែ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ ព្រោះ​លិច​ចូល​នៅ​តិចតួច​នៅ​ឡើយ​។

ចំណែក​ទឹកជំនន់​ពី​ឡាវ​នៅ​ទន្លេ​សេកុង​ក្នុង​ស្រុក​សៀមប៉ាង និង​សេសាន​ទឹក​កំពុង​បន្ដ​​ស្រក​ចុះ​»​។

លោក​បាន​ឲ្យ​ដឹង​ថា​មក​ដល់​ល្ងាច​ម្សិលមិញ​ពលរដ្ឋ​ចំនួន​ ៦៧ ​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​សង្កាត់​ទាំង​ ២ ​ខាង​លើ​​ទៅកាន់​ទីទួល​សុវត្ថិភាព​ និង​ជាង​ ២០០ ​គ្រួសារ​ទៀត​កំពុង​ត្រៀម​ជម្លៀស​បើ​ទឹក​បន្ដ​ឡើង​ខ្លាំង​។

ទាក់ទិន​នឹង​ព័ត៌មាន​ដែល​ថា​អាជ្ញាធរ​ខេត្ដ​ស្ទឹងត្រែង​ស្រង់​បាន​សាកសព​ប្រជាជន​ឡាវ​ ៣០ ​នាក់​នោះ​លោក គុង បាន​បញ្ជាក់​ថា​មិនមែន​ជា​ការពិត​ទេ ប៉ុន្តែ​លោក​ថា​មាន​សព​មួយ​ត្រូវ​បាន​រកឃើញ​។

លោក​ថា​៖ «​យើង​ទើប​តែ​ស្រង់​​បាន​សាកសព​មួយ​ទេ ហើយ​យើង​បាន​ទាក់ទង​ទៅ​អគ្គកុងស៊ុល​ឡាវ​ហើយ​ដើម្បី​ឲ្យ​គេ មក​ទទួល​យក​សាកសព​នេះ​»​។

លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បញ្ជាក់​ពី​​ម្សិលមិញ​ដែរ​ថា តាម​សម្ទុះ​ទឹក​បែប​នេះ​ប្រាកដ​ជា​លិច​សាលា​​រៀន​មួយ​ចំនួន​ថែម​ទៀត ប៉ុន្ដែ​លោក​ថា​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ត្រៀម​ដោះស្រាយ​បញ្ហា​នេះ​រួច​ហើយ​។

លោក​ថា​៖ «​បើ​ទឹក​នៅ​តែ​ហក់​​ឡើង​ដូច​ក្រសួង​ធនធាន​ទឹក​បាន​ជូន​ដំណឹង ២-៣ ​ថ្ងៃ​ខាង​មុខ​នេះ​នឹង​លិច​សាលារៀន​ខ្លះ​ទៀត​ហើយ ប៉ុន្ដែ​មិន​អី​ទេ ព្រោះ​អាជ្ញាធរ​ខេត្ដ​តាម​ដងទន្លេ​គាត់​បាន​ប្រុងប្រៀប​រួច​អស់​ហើយ​»​។

អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​លោក ចាន់ យុត្ថា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា មន្ទីរ​ធនធាន​ទឹក​ខេត្ត​ស្ទឹងត្រែង​បាន​ដំឡើង​ម៉ាស៊ីន​បូមទឹក​ចល័ត​ខ្នាត​មធ្យម​ ១ ​គ្រឿង​ដើម្បី​បូម​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​ក្នុង​ក្រុង​ស្ទឹងត្រែង​។

បើ​តាម​លោក ចាន់ យុត្ថា ខេត្ដ​ដែល​កំពុង​ប្រឈមមុខ​​នឹង​ទឹកជំនន់​ទាំង​នោះ​រួមមាន ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ដែល​មាន​តំបន់​ខ្លះ ទឹក​កំពុង​តែ​ជន់​លិច​ចូល​តាម​ស្រុក​មួយ​ចំនួន​ហើយ​៕