ព្រៃវែងៈ ទូកង​របស់​ប្រទេស​កម្ពុជា​បាន​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ទូកង​វែង​ជាង​គេ​លើ​ពិភពលោក​របស់​ World Guinness Record កាលពី​ម្សិលមិញ ដោយ​ត្រូវ​បាន​ដាក់​សម្ពោធ​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​មេគង្គ​នៅ​អ្នក​លឿង​ក្នុង​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង​ជា​កំណត់ត្រា​ថ្មី​មួយ​បន្ទាប់ពី​ធ្លាប់​បាន​បំបែក​​ឯតទគ្គកម្ម​នានា​កន្លង​មក​។

ពិធី​ប្រកាស​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​លោក Pravin Patel អ្នក​វាយតម្លៃ​​ពី​ World Guinness Record​។ លោក Pravin Patel ថ្លែង​ក្រោយ​ពេល​បាន​វាស់វែង​ទូក​ «​ង​» ​នេះ​ថា​៖ «​ដោយ​មាន​ប្រវែង​សរុប​ ៨៧,៣ ​ម៉ែត្រ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង និង​រដ្ឋបាល​ខេត្ត​ព្រៃវែង អ្នក​គឺជា​អ្នក​ទទួល​បាន​កំណត់​ត្រា Guinness ថ្មី​ជាមួយ​នឹង​ទូក​ដែល​វែង​ជាង​គេ​»​។

លោក​បាន​ថ្លែង​ថា​កម្ពុជា​បាន​យក​ឈ្នះ​លើ​កំណត់ត្រា​ពិភពលោក​របស់​ចិន​ដែល​មាន​ទូក​ «​ង​» ​វែង​ជាងគេ ប៉ុន្តែ​មាន​ប្រវែង​ត្រឹមតែ ៧៧,៨ ម៉ែត្រ​ដែល​បាន​បង្កើត​ឡើង​កាលពី​ខែ​ឧសភា ឆ្នាំ ២០១៦​។

លោក ជា សុមេធី អភិបាលខេត្ត​ព្រៃវែង​បាន​ថ្លែង​ថា​ទូក​នេះ​មាន​ប្រវែង​ ៨៧,៣ ​ម៉ែត្រ​ទទឹង​ធំ​បំផុត​ ១,៩៤ ម៉ែត្រ និង​ជម្រៅ​ជ្រៅ​បំផុត ០,៨ ​ម៉ែត្រ​ដែល​មាន​ចំណុះ​មនុស្ស ១៧៩ ​នាក់​។ ទូក​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ក្បាល​ជា​នាគ​ហើយ​កន្ទុយ​ជា​កន្ទុយ​ហង្ស​។ លោក​បាន​ថ្លែង​ថា​ទូក​នេះ​ត្រូវ​បាន​ចំណាយ​ពេល​សាងសង់​ ៦ ​ខែ ចាប់ពី​ខែ​មេសា​ដល់​ខែ​តុលា ឆ្នាំ​ ២០១៨ ដោយ​មាន​ពលរដ្ឋ​ចូលរួម​ប្រមាណ ១ ​ម៉ឺន​ ៤ ​ពាន់​នាក់ និង​អស់​ថវិកា​ប្រមាណ​ ៦ ​ម៉ឺន​ដុល្លារ​អាមេរិក​។

លោក​បាន​ថ្លែង​ថា​៖ «​ថ្ងៃ​នេះ​យើង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ព្រៃវែង រដ្ឋបាលខេត្ត​ព្រៃវែង​បំបែក​កំណត់ត្រា​ពិភពលោក​ដោយ​ទូក​ «​ង​» ​វែង​ជាងគេ​នៅ​លើ​ពិភពលោក ដើម្បី​បញ្ជាក់​ពី​វីរភាព ពលិកម្ម និង​សមត្ថភាព​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​សហការ​គ្នា​ក្រោម​ពាក្យ​ស្លោក​ «​ខ្មែរ​​សាមគ្គី ខ្មែរ​ឈ្នះ​» ដែល​ជា​មោទនភាព​របស់​កម្ពុជា​»​។

លោក ស សុខា តំណាងរាស្ត្រ​ខេត្ត​ព្រៃវែង និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​បាន​ថ្លែង​ថា ទូក​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា «​កម្ពោជិក​បុត្តា​ខេមរាតរី​» ដែល​មាន​អត្ថន័យ​ថា «​ទូកង​របស់​កូន​ខ្មែរ​រស់នៅ​ក្នុង​ដែនដី​កម្ពុជា​»​។ លោក​ក៏​បាន​​បញ្ជាក់​ដែរ​ថា​ចំណុះ​មនុស្ស​ ១៧៩ ​នាក់​គឺ​តំណាង​ឲ្យ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ពី​របប​ប៉ុលពត​។

លោក ស សុខា បន្ថែម​ថា​ទូក​នេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​មាន​គោលដៅ​ ៣ ​យ៉ាង​រួមមាន​ទី​ ១ គឺ​ដើម្បី​រំឭក​ដល់​ប្រវត្តិសាស្ត្រ​ទូកង​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​ជំនាន់​ដើម​គ្រប់​ជំនាន់​ក្នុង​ការ​ការពារ​ជាតិ​ទី​ ២ ​ដើម្បី​លើក​កិត្យានុភាព​ជាតិ​ដោយ​បង្ហាញ​ពិភពលោក​ថា កម្ពុជា​បាន​បង្កើត​ស្នាដៃ​ដ៏អស្ចារ្យ និង​ទី​ ៣ ​ដើម្បី​ជំរុញ​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​យុវជន​ និង​មនុស្ស​ជំនាន់​ក្រោយ​។ លោក​បន្ថែម​ថា​ការបង្កើត​ឯតទគ្គកម្ម​នេះ​ក៏​ជួយ​លើក​ស្ទួយ​ដល់​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​។

នេះ​ជា​លើក​ទី​ ៤ ​ហើយ​ដែល​កម្ពុជា​ទទួល​បាន​ឯតទគ្គកម្ម​ពិភពលោក​គឺ​នៅ​ឆ្នាំ​ ២០១៥ កម្ពុជា​បំបែក​កំណត់ត្រា​ដោយ​ការ​រាំ​ចង្វាក់​ម៉ាឌីហ្សុន​មាន​អ្នកចូលរួម​ ២០១៥ ​នាក់​នំអន្សម​យក្ស​មាន​ទម្ងន់​ជាង​ ៤ ​តោន​កាលពី​ឆ្នាំ​ ២០១៥ និង​ចុងក្រោយ​គឺ​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​ដែល​មាន​ប្រវែង​ជាង​ ១១៤៩ ម៉ែត្រ​៕