ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហភាព​អឺរ៉ុប (EU) ដែល​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធានរដ្ឋសភា លោក​ ហេង សំរិន ពី​ម្សិលមិញ បាន​បញ្ជាក់​អំពី​ជំហរ​របស់ខ្លួន​ក្នុង​ការខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​សម្រួល​ឲ្យ​កម្ពុជា​អាច​រក្សាបាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ EBA (Everything But Arm)​។

ក្នុង​ជំនួប​សម្តែង​ការគួរសម​នោះ​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហភាព​អឺរ៉ុប​បាន​ថ្លែងថា ក្នុង​អាណត្តិ​ទូត​ថ្មី​នេះ​លោកស្រី​នឹង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ កែវ ពិសិដ្ឋ ប្រធាន​ខុទ្ទកាល័យ​លោក​ ហេង សំរិន​។

លោក កែវ ពិសិដ្ឋ ក៏បាន​បញ្ជាក់​ដែរ​ថា​លោកស្រី Carmen Moreno បានបញ្ជាក់​ពី​ជំហរ​ជួយ​កម្ពុជា​ក្នុង​ការរក្សា​នូវ EBA ដោយ​លោក​បាន​ថ្លែងថា​៖ «​ទន្ទឹម​នឹង​នេះ​ទូត​ថ្មី​ក៏​សម្ដែង​ការគាំទ្រ​ផងដែរ គឺថា​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឲ្យ​មាន​ការបន្ត​ការអនុគ្រោះ​ពន្ធ (EBA) ពី​សហគមន៍​អឺរ៉ុប​ដល់​កម្ពុជា​។ លោកជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង ហើយ​សង្ឃឹម​ថា​កម្ពុជា​នឹង​រក្សាបាន​នូវ EBA បន្តទៀត​»​។

លោក កែវ ពិសិដ្ឋ បន្ត​ថា​លោក ហេង សំរិន បាន​អបអរសាទរ​ចំពោះ​ការដែល​លោកស្រី Carmen Moreno ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហភាព​អឺរ៉ុប ហើយ​លោក​ ហេង សំរិន បញ្ជាក់​ថា​សហភាព​អឺរ៉ុប​គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏សំខាន់​ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​របស់​កម្ពុជា​។

លោក​បន្តថា ប្រធាន​រដ្ឋសភា​កម្ពុជា​សង្ឃឹមថា បេសកកម្ម​ការទូត​ថ្មី​នឹង​រួមចំណែក​បន្ថែមទៀត​ក្នុង​ការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​កម្ពុជា-អឺរ៉ុប​ឲ្យ​កាន់តែ​រឹងមាំ​មួយកម្រិត​ទៀត​។

លោក​ ពិសិដ្ឋ បានបញ្ជាក់​​ថា​៖ «​ទន្ទឹមនឹង​នេះដែរ​សម្ដេច​ (​ហេង សំរិន​) ​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោកជំទាវ Carmen ដែល​គាំទ្រ​ដល់​ការអនុវត្ត​របស់​កម្ពុជា​។ ពិសេស​គាំទ្រ​នយោបាយ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ដែល​ធ្វើឲ្យ​មាន​កំណើន​ពាណិជ្ជកម្ម និង​វិនិយោគ​ជា​បន្តបន្ទាប់​»​។

លោក ហេង សំរិន និង​លោកស្រី Carmen Moreno នៅក្នុង​ជំនួប​កាលពី​ថ្ងៃ​ម្សិលមិញ​។ រូប SDP.NA page

កាលពី​ថ្ងៃទី​ ២ ខែធ្នូ លោកស្រី Carmen Moreno ក៏បាន​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​ដោយ​ក្នុងជំនួប​នោះ លោកស្រី​ក៏​បាន​លើកឡើង​ពី​ការភ្ញាក់ផ្អើល​របស់​លោកស្រី​ចំពោះ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ព្រមទាំង​អបអរសាទរ​ការអភិវឌ្ឍ​នេះ​។ នេះ​បើតាម​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោកស្រី​ក៏បាន​ថ្លែងថា កម្ពុជា​មាន​ការអភិវឌ្ឍ និង​កំពុង​ដើរ​លើផ្លូវ​ត្រូវ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ការថែរក្សា​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ចីរភាព​។ លោកស្រី​បាន​បន្តថា លោកស្រី​មាន​មោទនភាព​ចំពោះ​កម្ពុជា​នឹង​បន្ត​ជា​ដៃគូ​ជួយ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព​។

ជាការ​ឆ្លើយតប​លោក ហ៊ុន សែន ក៏បាន​ថ្លែង​អំណរគុណ​ដល់​សហភាព​អឺរ៉ុប​ដែល​បាន​ជួយ​ដល់​កម្ពុជា ជាពិសេស​ក្នុង​ការកាត់ទោស​អតីត​ថ្នាក់ដឹកនាំ​កំពូលៗ​ខ្មែរក្រហម និង​បាន​ជួយ​ដល់​កម្ពុជា​ជាច្រើន​លើ​វិស័យ​ដទៃទៀត​។

បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ដដែល លោក​ ហ៊ុន សែន បានបញ្ជាក់​ច្បាស់​ថា​៖ «​យើង​គប្បី​ឈរលើ​មូលដ្ឋាន​ត្រឹមត្រូវ​នូវ​រាល់​កិច្ចការងារ​ដែល​យើង​បាន​សហការ​គ្នា​កន្លងមក និង​ស្វែងរក​នូវ​អ្វីដែល​យើង​អាច​សហការ​ធ្វើការ​រួមគ្នា​បន្តទៀត​ក្នុង​ភាព​ជា​ដៃគូ​ផង និង​ក្នុង​កិច្ចពង្រឹង​ពង្រីក​ទំនាក់ទំនង​រវាង​សហគមន៍​អឺរ៉ុប និង​កម្ពុជា​ផង​»​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោកស្រី Carmen បានឃើញ​ស្ថានភាព​ពិត​នៅ​កម្ពុជា ថា​កំពុង​ដើរ​នៅលើ​គន្លង​ដ៏ត្រឹមត្រូវ​។ លោក​ថា បើ​ឃើញ​ថា​កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​ហើយ​នោះ សហភាព​អឺរ៉ុប​គួរតែ​ជួយ​កម្ពុជា​បន្តទៀត​។

ប៉ុន្តែ​លោក​ព្រមាន​ថា បើ​សហភាព​អឺរ៉ុប​មិន​ជួយ​កម្ពុជា​ពាក់ព័ន្ធ​នឹង​រឿង EBA ទេ ហើយ​កម្ពុជា​នៅតែ​អាច​រស់​បាន​ដោយ​ខ្លួនឯង​នោះ សហភាព​អឺរ៉ុប​នឹង​បាត់​តម្លៃ​។ លោក​ថា ដំណើរការ​ដក EBA នេះ​គឺជា​សម្ពាធ​នយោបាយ​គឺថា​សហភាព​អឺរ៉ុប​ចង់​ជួយ​ដល់​លោក​ កឹម សុខា ឬ​គណបក្សប្រឆាំង​។

លោក​ថ្លែងថា​៖ «​ពិភពលោក​ឥឡូវ​ស្ថិត​នៅ​ក្នុង​លំអាន​តែមួយ​ទេ គឺ​សកលភាវូបនីយកម្ម​។

ក្នុង​ករណី​ដែល​សហភាព​អឺរ៉ុប​រុញ​កម្ពុជា​ឲ្យ​កាន់តែ​ឆ្ងាយ​ទៅ កម្ពុជា​ត្រូវ​បែរ​ទៅរក​មហាអំណាច​ណាមួយ​ដើម្បី​ភាពរឹងមាំ​ទាំង​សេដ្ឋកិច្ច និង​នយោបាយ និង​អធិបតេយ្យភាព​។ ដូច្នេះ​កម្ពុជា​ត្រូវ​សម្លឹង​ទៅ​មហាអំណាច ព្រោះ​កម្ពុជា​យើង​ទទួលស្គាល់​ជា​ប្រទេស​តូច​នៅ​ខ្សោយ ហើយ​អ៊ីចឹង​ត្រូវ​មាន​ការគាំទ្រ​ពី​មហាអំណាច​ណាមួយ​»​។

លោក​ សុខ ទូច បន្តថា​៖ «​ដូច្នេះ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​ត្រូវ​សម្លឹងមើល​លើ​ប្រវត្តិសាស្ត្រ​។ បើ​ធ្វើ​តឹង​ពេក​ធ្វើឲ្យ​កម្ពុជា​ទៅ​កៀនជញ្ជាំង​។ ខ្មែរ​យើង​មាន​សុភាសិត​មួយ​ថា​បើ​ទូក​លិច អ្វីៗ​ក៏មាន​តម្លៃ​ដែរ សូម្បីតែ​ខ្នើយ​ ឬ​ផ្លែ​គ​មួយ​នៅលើ​ទន្លេ ក៏​ក្លាយ​ជា​នាវា​ដ៏ស្កឹមស្កៃ​ដែរ​»​។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​នេះ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ​៕

វីដេអូ៖