ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy បាន​ថ្លែងថា ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​លើ​កិច្ចការ​អនុវត្ត​ច្បាប់​ហាក់​ដូចជា​ស្ងប់ស្ងាត់ និង​មិន​ដែល​បង្ហាញ​ឱ្យដឹង​ដល់​សាធារណជន ប៉ុន្តែ​ប្រទេស​ទាំង​ ២ ​ធ្វើ​កិច្ចការ​នេះ​ជាមួយ​គ្នា​បាន​ជោគជ័យ​យ៉ាងច្រើន​។

លោក Murphy បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ក្នុង​ពេល​លោក​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ដើម្បី​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំង​ ២ ដែល​ស្ថានទូត​បានកំណត់​យកមក​បង្ហាញ​នៅក្នុង​ខែតុលា​នេះ​។ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​ច្បាប់​ជាមួយ​កម្ពុជា​គឺជា​ផែនការ​មួយ​របស់​ស្ថានទូត​អាមេរិក​សម្រាប់​ប្រារព្ធ​ខួប​ ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិតថា នេះ​ជា​កិច្ចសហប្រតិបត្តិការ​មួយ​ដែល​ស្ងប់ស្ងាត់​ និង​មិន​ដែល​ប្រកាស​ឱ្យដឹង​ន័យ​ថា វា​មិន​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ ប៉ុន្តែ​យើង​មាន​ភាពជោគជ័យ​ជាច្រើន​ដែល​ត្រូវ​បង្ហាញ​។ យើង​មាន​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ពី​សហរដ្ឋ​អាមេរិក​ដែល​កំពុង​ធ្វើការ​នៅ​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​ជាមួយ​សមភាគី​កម្ពុជា ដើម្បី​ធ្វើឱ្យ​កម្ពុជា​កាន់តែ​មាន​សុវត្ថិភាព សុខុមាលភាព វិបុលភាព និង​ជា​ប្រទេស​អភិវឌ្ឍន៍​»​។

លោក​បន្ត​ថា សហរដ្ឋអាមេរិក​ចង់​ប្រឆាំង​ទប់ស្កាត់ និង​បំផ្លាញ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​កើត​មាន​នៅ​ទូទាំង​ពិភពលោក​ក្នុង​នោះ​ក៏មាន​កម្ពុជា​ផងដែរ​។ អាមេរិក​ព្យាយាម​បញ្ឈប់​បណ្ដាញ​ឧក្រិដ្ឋជន​មិនឱ្យ​ចូលមក​កម្ពុជា ប្រឆាំង​ការជួញដូរ​មនុស្ស និង​គ្រឿងញៀន សត្វព្រៃ និង​គាំពារ​កុមារ​។ អាមេរិក​ក៏​ធ្វើ​កិច្ចការ​ដើម្បី​ការពារ​ដល់​មរតក​វប្បធម៌​កម្ពុជា ដូចជា​ការបញ្ជូន​វត្ថុ​បុរាណ​ដែល​គេ​លួច​យក​ទៅ​អាមេរិក​ត្រឡប់​មក​កម្ពុជា​វិញ​។ លើស​ពី​នេះ សហរដ្ឋអាមេរិក​ចង់​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការរីកសាយភាយ​អាវុធ​។

ចំពោះ​បទល្មើស​ផ្នែក​បរិស្ថាន​វិញ​សហរដ្ឋអាមេរិក​តាមរយៈ​អង្គការ USAID បាន​បណ្ដុះបណ្ដាល​មន្ត្រី​ឧទ្យានុរក្ស​រាប់រយ​នាក់ ហើយ​មន្ត្រី​ទាំងនោះ​បាន​ចាប់យក​អន្ទាក់​ដាក់​សត្វព្រៃ និង​រណារយន្ត​រាប់រយ​គ្រឿង​ព្រមទាំង​មាន​ការចាប់ខ្លួន ៦០ ករណី​។ លើស​ពី​នេះ​ទៀត​សត្វព្រៃ​ជិត​ផុត​ពូជ​រាប់សិប​ក្បាល​ត្រូវបាន​លែង​ទៅវិញ​។ នេះ​បើ​តាម​លោក Murphy ដដែល​។

លោក​និយាយថា សហរដ្ឋអាមេរិក​ក៏បាន​ព្យាយាម​រារាំង​ជនជាតិ​អាមេរិកាំង​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក​មិន​ឱ្យ​ចូលមក​កម្ពុជា​។ ក្នុង​រយៈពេល ២ ឆ្នាំ​ចុងក្រោយ​នេះ​ជនជាតិ​អាមេរិចកាំង​ជាង ២០ នាក់​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​រកឃើញ​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រឈមមុខ​នឹង​ច្បាប់​នៅ​សហរដ្ឋអាមេរិក​វិញ​។ លើស​ពី​នេះ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ នឹង​បើក​ការិយាល័យ​ក្រុមការងារ​រួមជាមួយ​នឹង​អគ្គស្នងការ​នគរបាល​ជាតិ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ទាំងអស់​នេះ​គឺជា​ជោគជ័យ​ដែល​យើង​បានធ្វើ​។ ដូច​ខ្ញុំ​បាន​លើក​ឡើង​អ៊ីចឹង គឺថា​វា​ស្ងប់ស្ងាត់ និង​មិនត្រូវ​បានបង្ហាញ​ឱ្យ​ឃើញ ឬ​ដឹង​ជា​សាធារណៈ​។ ប៉ុន្តែ​វា​ពិតជា​រឿង​សំខាន់ សំខាន់​ពិសេស​សម្រាប់​សុវត្ថិភាព សុខភាព​ និង​វិបុលភាព​នៃ​ប្រជាជន​កម្ពុជា​»​។

លោក​បន្តថា សហរដ្ឋអាមេរិក​ក៏​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការទប់ស្កាត់​ក្រុម​ឧក្រិដ្ឋជន គ្រឿងញៀន ដោយ​បាន​រកឃើញ​មន្ទីរពិសោធន៍​សម្រាប់​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា​ផង​ដែរ​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​បាន​កត់សម្គាល់​ថា កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​មាន​ការចូលរួម​ពី​សហរដ្ឋអាមេរិក​ផងដែរ​។ ប៉ុន្តែ​ទាំង​អ្នក​នៅក្នុង​ស្រុក​ និង​អន្តរជាតិ​ហាក់​ដូចជា​ចាប់អារម្មណ៍​លើ​កិច្ចប្រឹងប្រែង​រួម​នេះ​។ ពួកគេ​ហាក់ដូចជា​មើល​លើ​រឿង​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ច្រើនជាង​។

លោក​ថ្លែងថា​៖ «​នេះ​ជា​មូលហេតុ​ដែល​ធ្វើឱ្យ​គេ​មើលឃើញថា ទំនាក់ទំនង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ហាក់ដូចជា​មាន​ចំណុច​អវិជ្ជមាន​ច្រើនជាង​វិជ្ជមាន​។ ខ្ញុំ​ឃើញ​មាន​កិច្ចសហការ​ជាច្រើន​ក្នុង​ការប្រឆាំង​ការជួញដូរ​មនុស្ស គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​»​។

លោក​បន្ត​ទោះ​យ៉ាងណា​ក៏ដោយ​គណបក្សប្រឆាំង​តែង​ព្យាយាម​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ស្ថានភាព​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល ហើយ​បក្ស​ប្រឆាំង​ត្រូវតែ​បង្ហាញ​ការងារ​ទាំងនេះ​ទៅ​សាធារណជន​។ រដ្ឋាភិបាល​ក៏ត្រូវ​តែ​បង្ហាញ​នូវ​សមិទ្ធផល​ដែល​ខ្លួន​សម្រេច​បាន​ផងដែរ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ទំនាក់ទំនង​កម្ពុជា​ និង​សហរដ្ឋអាមេរិក ហាក់​ដូចជា​ត្រូវបាន​រាំងស្ទះ​ដោយ​រូបភាព​អវិជ្ជមាន​រឿង​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ និង​ការដាក់ទណ្ឌកម្ម​។

លោក​បាន​ថ្លែងថា​៖ «​តាមពិតទៅ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​មាន​រឿង​ល្អ​ច្រើន​លើ​ទិដ្ឋភាព​នៃ​ការអនុវត្ត​ច្បាប់ អប់រំ បរិស្ថាន វប្បធម៌ និង​សុខភាព​។ ទាំងនេះ​គឺជា​ផ្នែក​ល្អៗ​នៃ​កិច្ចសហប្រតិបត្តិការ​។ ប៉ុន្តែ​ចំណុច​ល្អ​ទាំងនេះ​ហាក់​ដូចជា​កាត់ផ្ដាច់​ដោយ​ពពក​ខ្មៅ​»​។

ប្រធាន​វិទ្យាស្ថាន​រូបនេះ​បាន​ថ្លែង​ឱ្យដឹង​បន្ត​ទៀត​ថា​៖ «​ប្រទេស​ទាំង​ ២ ​គួរតែ​មើល​លើ​មេរៀន​ល្អៗ​ដែល​បាន​ធ្វើ​ជាមួយ​គ្នា ដើម្បី​ពង្រីក​ទំនាក់​ទំនង​របស់ខ្លួន ជា​ជាង​ព្យាយាម​ភ្ជាប់​ខ្លួន​ទៅ​នឹង​អតីតកាល​អាក្រក់ៗ​។ ទំនាក់ទំនង​ល្អ​នៃ​ប្រទេស​ទាំង ​២ ​អាស្រ័យ​លើ​ការគោរព​អធិបតេយ្យ​គា្ន​ទៅវិញ​ទៅមក ចៀសវាង​ការជ្រៀតជ្រែក​ផ្ទៃក្នុង​គ្នា​»៕