ភ្នំពេញៈ បើទោះបីជាឆ្នាំនេះជាឆ្នាំដែលមានទឹកជំនន់ធំ ហើយខេត្តក្រុងជាច្រើនត្រូវបានទឹកជន់លិចក៏ដោយ ក៏ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលចាប់ផ្តើមពីម្សិលមិញបានប្រព្រឹត្តទៅដោយពុំមានការរាំងស្ទះឡើយក្នុងចំណោមមណ្ឌលប្រឡង ១៩៦ នៅទូទាំងប្រទេស បើទោះបីជាមណ្ឌលប្រឡងមួយនៅខេត្តកំពតត្រូវបានផ្លាស់ប្តូរដោយសារតែទឹកជន់លិចក៏ដោយ។
នៅក្នុងពេលបើកវិញ្ញាសាប្រលងនៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិនាព្រឹកថ្ងៃទី ២០ ខែសីហា ម្សិលមិញលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថាថ្វីដ្បិតឆ្នាំនេះជាឆ្នាំដែលមានទឹកជំនន់ធំ ប៉ុន្ដែដោយសារតែក្រសួងអប់រំបានសហការគ្នាល្អជាមួយអង្គភាពពាក់ព័ន្ធចំពោះការប្រឡងគឺមានការរៀបចំបានល្អប្រសើរ ហើយមានតែមួយមណ្ឌលប៉ុណ្ណោះស្ថិតនៅខេត្ដកំពតត្រូវប្ដូរមណ្ឌលប្រឡង ព្រោះទឹកជំនន់ទឹកភ្លៀងដែលធ្លាក់ ២-៣ ថ្ងៃជាប់គ្នា។
លោកបញ្ជាក់ថា៖ «តាមរយៈការសហការគ្នាបានល្អ និងកំណែទម្រង់បានកាន់តែល្អក្នុងរយៈពេល ៥ ឆ្នាំនេះបានផ្លាស់ប្ដូរឥរិយាបថរបស់សិស្សក៏ដូចជាគ្រូពី ១ ឆ្នាំទៅ ១ ឆ្នាំដែលជំរុញឲ្យការប្រឡងកាន់តែដំណើរការទៅបានរឹតតែល្អប្រសើរ ហើយការផ្លាស់ប្ដូរឥរិយាបថរបស់សិស្សកាន់តែលឿន ព្រោះពេលបញ្ចប់ការប្រឡងម្ដងៗយើងតែងតែប្រជុំគ្នាដកបទពិសោធ»។
លោកបញ្ជាក់ថាជាក់ស្ដែងក្នុងថ្ងៃប្រឡងទី ១ កាលពីម្សិលមិញមិនបានឃើញសិស្សណាម្នាក់កាន់សំណៅឯកសារ និងសម្ភារអេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងទេ បើប្រៀបធៀបកាលពី ៥ ឆ្នាំមុនគឺខុសគ្នាមែនទែន។
លោក ជាវ តាយ អភិបាលខេត្តកំពតបានឲ្យដឹងថាបេក្ខជនប្រឡងទាំងអស់មិនត្រូវចំណាយការបង់ប្រាក់សម្រាប់ផ្ញើម៉ូតូ-កង់នៅគ្រប់មណ្ឌលប្រឡងទាំង ៩ ទូទាំងខេត្តនោះទេ ព្រោះរដ្ឋបាលខេត្តជាអ្នកទទួលបន្ទុកជំនួស។
លោកបន្ថែមថា៖ «មានតែករណីមួយទេគឺមណ្ឌលសាលាគរុកោសល្យខេត្តកំពត ភ្លៀង ២-៣ ថ្ងៃជាប់គ្នាបណ្ដាលឲ្យលិចទឹក។ ដូច្នេះទេយើងក៏សម្រេចប្ដូរមណ្ឌលមកវិទ្យាល័យ ឯកជនវឌ្ឍនវិជ្ជាថ្នាក់វិទ្យាសាស្ត្រដែលមាន ២០ បន្ទប់»។
លោក នួន យ៉ង់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ខណៈកំពុងអង្គុយជាមួយកូនស្រី និងក្មួយៗ ៥ នាក់ទៀត បរិភោគបាយថ្ងៃត្រង់លើខឿនចិញ្ចើមថ្នល់ ក្បែរវិទ្យាល័យ ជា ស៊ីម បឹងកេងកងក្នុងខណ្ឌចំការមនថា លោកមានទីលំនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ប៉ុន្ដែលោកត្រូវក្រោកពីដំណេកតាំងពីពាក់កណ្ដាលអធ្រាត្រដើម្បីរៀបចំបាយទឹក និងជូនកូនមកមណ្ឌលប្រឡងតាំងពីម៉ោង ៤ ទៀបភ្លឺ។
លោកបន្ដថា៖ «កូនខ្ញុំរៀននៅវិទ្យាល័យព្រែកកំពឹសស្ថិតក្នុងខណ្ឌដង្កោ តែខ្ញុំងើបតាំងពីម៉ោង ៤ ជូនកូនមកប្រឡងព្រោះចេញមកពេលភ្លឺខ្លាចស្ទះផ្លូវមកមិនទាន់»។
លោកបន្តថា៖ «ប្រឡងឥឡូវខុសពីកាលសម័យខ្ញុំ ឥឡូវទាល់តែចេះបានប្រឡងជាប់។ ការមានវិន័យតាំងពីអ៊ីចឹងល្អណាស់ ខ្ញុំគាំទ្រ»។
អ្នកស្រី ហែម សុខ ដែលមានកូនកំពុងប្រឡងនៅវិទ្យាល័យ ជា ស៊ីម បឹងកេងកងនេះដែរបានលើកឡើងថា អ្នកស្រីតែងតែផ្ដាំកូនឲ្យខិតខំរៀន មិនឲ្យមានការយកប្រ៊ុយយ៉ុងចូលមណ្ឌលប្រឡងឡើយ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំតែងតែប្រាប់កូនតាំងពីមុនប្រឡង មិនឲ្យយកប្រ៊ុយយ៉ុងចូលមណ្ឌលប្រឡងទេ។ ព្រោះចំណេះក្នុងខ្លួនទើបជួយកូនបាន។ ចំពោះវិន័យតឹងរ៉ឹងនេះ ខ្ញុំមិនមានការបារម្ភទេ ព្រោះកូនខ្ញុំប្រឹងប្រែងរៀនសូត្ររហូតមក»។
យុវសិស្ស យឿន រតនា ទើបបញ្ចប់ការប្រឡង និងកំពុងចេញទៅរកទទួលទានបាយថ្ងៃត្រង់ជាមួយមិត្ដភក្ដិនៅក្បែរវិទ្យាល័យ ជា ស៊ីម បឹងកេងកងដែរនោះបានឲ្យដឹងថា ២ វិញ្ញាសាពេលព្រឹកមិនសូវលំបាកទេ គេអាចធ្វើបានច្រើន។ យុវសិស្សវ័យ ១៩ ឆ្នាំរូបនេះបន្ដ៖ «ប្រឡងឆ្នាំនេះរាងតឹងចំពោះវិន័យក្នុងថ្នាក់ ប៉ុន្ដែមិនអីទេ ព្រោះវិញ្ញាសាមិនសូវលំបាកដែរ»។
យុវតី លី គឹមឡាំង សិស្សប្រឡងនៅវិទ្យាល័យ ជា ស៊ីម បឹងកេងកងនេះដែរជឿជាក់ថានាងអាចប្រឡងជាប់និទ្ទេស B ឬ C ព្រោះនាងបានធ្វើបានច្រើន។
លោក សន ជ័យ នាយកប្រតិបត្ដិអង្គការសម្ព័ន្ធគណនេយ្យសង្គម លើកឡើងថាការពង្រឹងចំពោះក្រឹត្យក្រមវិន័យនៃការប្រឡងបាក់ឌុបនេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ អ្វីដែលសំខាន់ និងបញ្ជាក់ពីគុណភាពអប់រំគឺការដាក់វិញ្ញាសាប្រឡង។ លោកបន្ដថា៖ «យើងមើលទៅលើនីតិវិធី ក្រសួងអប់រំគាត់មានភាពចាស់ទុំចំពោះការរៀបចំការប្រឡងនេះ ហើយប្រសិទ្ធភាពផ្សេងៗទៀតក៏យើងសង្កេតឃើញថាបានដំណើរការទៅរលូនដែរ។ ប៉ុន្ដែអ្វីដែលយើងត្រូវយកចិត្ដទុកដាក់នោះគឺគុណភាពនៃវិញ្ញាសាដែលអាចមានភាពស្មើគ្នាទាំងសិស្សជនបទ និងទីក្រុង ពិសេសមិនមានការខូចខាត»។
បើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំសម្រាប់ការប្រឡងឆ្នាំនេះ បើទោះបីជាមានបេក្ខជនប្រឡងជាប់មានចំនួនតិចក៏ដោយ ក៏ក្រសួងមិនមានគម្រោងឲ្យប្រឡងជាលើកទី ២ ដូចឆ្នាំ ២០១៤ នោះដែរ ខណៈឆ្នាំនេះក្រសួងចំណាយថវិកាជិត ៥ លានដុល្លារសម្រាប់ដំណើរការប្រឡង។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨ នេះសិស្សដែលបានដាក់ពាក្យប្រឡងមានចំនួន ១១៧០៦២ នាក់ ស្រី ៤៥៧០៨ នាក់មានមណ្ឌលប្រឡងចំនួន ១៩៦ មានចំនួន ៤៧១៨ បន្ទប់ ចែកជា ២ ក្រុមគឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧ ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៤៨,៣ ភាគរយ៕