ភ្នំពេញៈ កម្ពុជា​ប្រកាស​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ចំនួន ​២៦ ​នាក់​បន្ថែម​ទៀត​ពី​ម្សិលមិញ ​ដែល​ជា​ក្រុមនិស្សិត​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​អេហ្ស៊ីប​ និង​រុស្ស៊ី ខណៈ​នាយករដ្ឋមន្ត្រី​អះអាង​ថា រដ្ឋាភិបាល​នឹង​មិន​រារាំង​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ឱ្យ​ឈប់​វិល​ត្រឡប់មក​ប្រទេស​វិញ​ដូច​ការហាមឃាត់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ខែ​មេសា​កន្លង​ទៅ​នោះ​ឡើយ​។

ក្រសួង​សុខាភិបាល​ប្រកាស​ថា​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ឆ្លងជំងឺ​កូវីដ​ថ្មី​ទាំង​ ២៦ ​នាក់​ក្នុង​នោះ​ជា​និស្សិត​មកពី​ប្រទេស​អេហ្ស៊ីប​ចំនួន​ ៥ ​នាក់​។ សិក្ខាកាម​យោធា​មកពី​ប្រទេស​រុស្ស៊ី​ ២០ ​នាក់ និង​ម្នាក់ទៀត​គឺជា​បុរស​អាយុ​ ៦៥ ​ឆ្នាំ​ធ្វើ​ដំណើរ​មកពី​ប្រទេស​កូរ៉េ​ខាងត្បូង​។ អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩​ ទាំងនេះ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំងអស់​ចំនួន​ ២៥៤ ​នាក់​។ ក្នុងនោះ​មាន​ ១៤៤ ​នាក់​ជា​អ្នកដំណើរ​មកពី​ប្រទេស​អេហ្ស៊ីប រុស្ស៊ី និង​ម៉ាឡេស៊ី រីឯ​ ១១០ ​នាក់​ផ្សេង​ទៀត​ជា​អ្នក​ដំណើរ​មកពី​ប្រទេស​កូរ៉េ​ខាងត្បូង​។ ជើងហោះហើរ​ទាំង​ ២ ​នេះ​បាន​ចូល​មក​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​។

អ្នកដំណើរ​ដែល​ត្រូវ​បាន​ធ្វើ​តេស្ដ​អវិជ្ជមាន​ ២២៨ ​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ នៅ​មណ្ឌល​ចត្តាឡីស័ក​ទ័ពអាកាស មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​ហ៊ុនសែន​បូរី​ ១០០ ​ខ្នង និង​នៅតាម​សណ្ឋាគារ​មួយ​ចំនួន​។ ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ឆ្លង​សរុប​បាន​កើន​ដល់​ ១៩៧ ​នាក់​ក្នុង​នោះ​ ១៤០ ​នាក់​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ពី​ម្សិលមិញ​នៅពេល​ចុះជួប​ជាមួយ​កសិករ​នៅ​ខេត្ត​តាកែវ​ថា​លោក​ស្លុតចិត្ត​នៅពេល​ទទួល​បាន​ដំណឹង​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ ២៦ ​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ដែល​ជា​ករណី​ឆ្លង​ប្រចាំថ្ងៃ​ដ៏ច្រើន​បំផុត​មិន​ធ្លាប់មាន​។

រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​រឹតបន្តឹង​វិធានការ​បន្ថែម​តាំងពី​ថ្ងៃទី​ ២០ ​ឧសភា​ នៅ​ព្រលាន​យន្តហោះ​ដោយ​បាន​តម្រូវ​ឱ្យ​អ្នកដំណើរ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ដ និង​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ មុន​អនុញ្ញាត​ឲ្យ​ទៅ​ជួបជុំ​ជាមួយ​គ្រួសារ ដើម្បី​បង្ការ​ការឆ្លង​រាលដាល​ជំងឺ​នៅក្នុង​សហគមន៍​។

លោក​ ហ៊ុន សែន ប្រកាស​ថា​ថ្វីដ្បិត​នៅពេល​នេះ​មាន​ការរកឃើញ​ករណី​ឆ្លង​ជា​បន្តបន្ទាប់ ហើយ​រយៈកាល​ចុងក្រោយ​នេះ​ជា​ករណី​នាំចូល​ភាគច្រើន​តាមរយៈ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​មកពី​ក្រៅប្រទេស​ក្តី ប៉ុន្តែ​លោក​នឹង​មិន​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​មិន​ឱ្យ​ធ្វើដំណើរ​មក​ប្រទេស​កំណើត​វិញ ដូចជា​លោក​ធ្លាប់​ហាមឃាត់​ពលរដ្ឋ​ជាង​ ១០០ ​នាក់ ​នៅ​ប្រទេស​ម៉ាឡេស៊ី ​កាលពី​ខែ​មេសា​ឡើយ​។ លោក​ថា ការមិន​ហាមឃាត់​នេះ ដោយសារ​រដ្ឋាភិបាល​បាន​រៀបចំ​ធ្វើតេស្ដ​ និង​ធ្វើ​ចត្តាឡីស័ក​រាល់​អ្នកដំណើរ​ពី​ក្រៅ​ប្រទេស​។

លោក​ថ្លែងថា​៖ «​និស្សិត​យើង​ដែល​រៀន​នៅ​ក្រៅ​ប្រទេស គឺ​ត្រូវ​ចូល​ប្រទេស គឺ​ឆ្លង​តាមរយៈ​ហ្នឹង​។ បើ​យើង​មិន​យក​ពលរដ្ឋ​យើង​ចូល​ប្រទេស​ទេ តើ​ឱ្យ​គាត់​ទៅ​នៅ​ឯណា​? កាលពី​មុន​ដោយសារ​ខ្វះ​ការរៀបចំ​នៅក្នុង​ស្រុក ហើយ​យើង​មិនដឹង​ច្បាស់លាស់​គឺ​យើង​បាន​ស្នើឱ្យ​បងប្អូន​យើង​នៅ​ម៉ាឡេស៊ី​ផ្អាក​ធ្វើដំណើរ​មក​កាន់​ប្រទេស​សិន ហើយ​យើង​សុខចិត្ត​បញ្ជូន​លុយ​ពីនេះ​ទៅ​ឲ្យ​ស្ថានទូត​យើង​ជួយ​ចិញ្ចឹម ហើយ​ក្រោយ​មក​យើង​ទទួល​វិញ​»​។

លោក​ ហ៊ុន សែន បន្ថែម​ថា​នៅ​ថ្ងៃ​ឈប់​សម្រាក​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​ ២១ ខែ​សីហា​ខាងមុខ ដែល​ពលរដ្ឋ​អាចធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​តំបន់​ទេសចរណ៍​នានា​ត្រូវ​ចៀសវាង​ការប្រមូលផ្ដុំ​ដែល​មាន​ទ្រង់ទ្រាយ​ធំ ព្រោះ​ជំងឺ​កូវីដ​-១៩​នៅក្នុង​ពិភពលោក​មិនទាន់​ធូរស្រាល​នៅ​ឡើយ​ទេ ហើយ​ប្រទេស​ខ្លះ​ចាប់ផ្ដើម​ឆ្លង​ជា​រលក​ថ្មី​ជា​បន្តបន្ទាប់​។

លោក​ថា​៖ «​ឥឡូវនេះ​ពាក់​ម៉ាស់​កាន់តែ​តិច​ទៅៗ​ដែល​ជាការ​ធ្វេសប្រហែស​បន្តិច ហើយ​នៅពេល​ឈប់សម្រាក​ខាងមុខ​នេះ​ប្រជាពលរដ្ឋ​នឹង​ធ្វើ​ដំណើរ​ដើរលេង​។ ប៉ុន្តែ​ត្រូវ​ចៀសវាង​ការប្រមូលផ្ដុំ​ទ្រង់ទ្រាយ​ធំ​ជា​ការល្អ​ដើម្បី​ចៀសវាង​ការរីករាលដាល​ជំងឺ​កូវីដ​»​។

លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ប្រកាស​ដែរ​ថា​ក្រសួង​នឹង​ប្រឹងប្រែង​គោរព​តាម​ការណែនាំ​របស់​លោក​ ហ៊ុន សែន ដើម្បី​ជួយ​ពលរដ្ឋ​កំពុង​ជាប់​នៅ​ក្រៅ​ប្រទេស​ឱ្យចូល​មក​ប្រទេស​វិញ និង​ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ការចម្លង​នៅក្នុង​ប្រទេស​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​នឹង​ប្រឹងប្រែង​ធ្វើ​ជា​បន្តទៀត​ទៅតាម​ការសម្រេច​ និង​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដោយ​ឈរលើ​ឆន្ទៈ​។ ដៃ​ម្ខាង​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅ​ជាប់​គាំង​អស់​រយ:ពេល​យ៉ាងយូរ​នៅក្រៅ​ប្រទេស និង​ដៃ​ម្ខាង​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ ​១៩ ដែល​តម្រូវ​ឲ្យ​មាន​ការចូលរួម និង អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ចត្តាឡីស័ក និង​វិធាន​ការការពារ​ផ្សេងៗ​ទៀត​ពី​បុគ្គល​គ្រប់រូប​»​។

លោកស្រី​ថា​៖ «​ទាំង​អ្នកដំណើរ ទាំង​អ្នក​នៅក្នុង​ប្រទេស​យើង​ខ្មែរ​ដូចគ្នា​ត្រូវ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​។ យើង​ទាំងអស់​គ្នា​សូម​ចូលរួម​គាំទ្រ​ និង​អនុវត្ត​វិធានការ​ការពារ​ឲ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ទប់ស្កាត់​នូវ​ការចម្លង​ក្នុង​សហគមន៍​យើង​»៕