ប៉េកាំងៈ មន្រ្តីចិនមួយរូបបានថ្លែងថា ប្រទេសកម្ពុជាគឺជាមិត្តដ៏ជិតស្និទ្ធជាមួយប្រទេសចិនជាច្រើនឆ្នាំកន្លងមកហើយ ស្របពេលដែលបច្ចុប្បន្នទំនាក់ទំនងនេះបាននិងកំពុងឈានដល់កម្រិតខ្ពស់មួយ ជាអ្វីដែលអ្នកវិភាគយល់ស្របនឹងការលើកឡើងនេះ ខណៈប្រទេសចិនក៏កំពុងពង្រីកឥទ្ធិពលនៅក្នុងតំបន់និងពិភពលោក។
លោក WangTianxiang អនុប្រធានផ្នែកកិច្ចការអាស៊ីអាគ្នេយ៍នៃនាយកដ្ឋានកិច្ចការអាស៊ានរបស់ក្រសួងកិច្ចការបរទេសចិន បានថ្លែងប្រាប់ប្រតិភូព័ត៌មានក្នុងកិច្ចប្រជុំជាមួយកាលពីពេលថ្មីៗនេះថា «តាមដែលយើងដឹងយើងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការបង្កើតសហគមន៍នៃអនាគតរួមគ្នានាថ្ងៃទី ១០ ខែ មិថុនា»។
លោកបានបញ្ជាក់ថា៖ «ប្រទេស កម្ពុជា ជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានចុះហត្ថលេខាលើឯកសារនេះជាមួយនឹងប្រទេស ចិន»។
លោក Wang បានបន្ថែមថា ទាំងនេះជាការបង្ហាញនូវទំនាក់ទំនងជិតខាងដ៏ល្អរវាងប្រទេស ចិន និងកម្ពុជា។ ប្រទេស ចិន ក៏កំពុងគាំទ្រប្រទេស កម្ពុជា ក្នុងការអភិវឌ្ឍជាតិដោយផ្តល់ជំនួយជាច្រើនមកឲ្យកម្ពុជានិងមានកិច្ចសហការជាច្រើនទៀតផងដែរ។
លោក Wang ថ្លែងថា ប្រទេស ចិន បានជួយកម្ពុជាក្នុងការកសាងផ្លូវថ្នល់និងបង្គោលស្ថានីយអគ្គិសនី ទំនប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
លោក Wang បានបញ្ជាក់ថា៖ «ដូច្នេះ ខ្ញុំជឿថា នាពេលអនាគត យើងនឹងបន្តគាំទ្រប្រជាជនកម្ពុជា ហើយនឹងបន្តគាំទ្រតួនាទីរបស់កម្ពុជាក្នុងអាស៊ានព្រមទាំងកិច្ចការក្នុងតំបន់ផងដែរ។ ខ្ញុំជឿថា ទំនាក់ទំនងទ្វេភាគី នឹងឈានដល់កម្រិតខ្ពស់»។
ពាក់ព័ន្ធនឹងការប្រឈមមុខនឹងប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខ លើកលែងតែសព្វាវុធ (EBA) របស់កម្ពុជាជាមួយលោកខាងលិចនោះ លោក Wang បានថ្លែងថា ប្រទេស ចិន គួរតែគោរពកម្ពុជាជារដ្ឋអធិបតេយ្យ។ ប្រទេស ចិន នឹងគោរពការជ្រើសរើសរបស់ប្រជាជននាពេលអនាគតហើយនឹងគាំទ្រដល់រដ្ឋាភិបាលកម្ពុជាព្រមទាំងប្រជាជនដើម្បីធ្វើជាម្ចាស់ផ្ទះរបស់ខ្លួនផ្ទាល់ផងដែរ។
លោក Wang បានបន្ថែមថា នៅក្នុងលក្ខខណ្ឌដ៏លំបាកនាពេលបច្ចុប្បន្នដែលលោកខាងលិចបានកំណត់មកលើកម្ពុជានោះ ប្រទេសចិននឹងគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទប់ទល់នឹងការ បំភិតបំភ័យ ឬកម្លាំងពីលោកខាងលិច។
ឆ្លើយតបទៅនឹងសំណួររបស់កាសែតភ្នំពេញប៉ុស្តិ៍ លោក Wang បានថ្លែងថា ក្នុងលក្ខខណ្ឌជំនួយរបស់ចិនមកកម្ពុជាមិនថា កិច្ចសហការឬជំនួយនឹងនៅតែគ្មានលក្ខខណ្ឌដដែល។ ប្រទេសលោកខាងលិចជាច្រើននឹងស្នើសុំឲ្យកម្ពុជាធ្វើអ្វីមួយនៅពេលដែលពួកគេផ្តល់ជំនួយម្ដងៗ។ ពួកគេនឹងស្នើសុំឲ្យកម្ពុជាមានប្រជា ធិបតេយ្យច្រើន បើកចំហច្រើន គោរពសិទ្ធិមនុស្ស និងដោះលែងអ្នកប្រឆាំងជាដើម។
ក៏ប៉ុន្តែលោក Wang បានបញ្ជាក់ថា សម្រាប់ប្រទេស ចិន វិញ មានទស្សនវិជ្ជាមួយដែលជឿថា ប្រទេស ចិន គួរតែទុកឲ្យប្រជាជនកម្ពុជាជាអ្នកសម្រេចចិត្តលើរឿងរ៉ាវរបស់ខ្លួនផ្ទាល់។ លោក Wang បានបង្ហាញការជឿថា ប្រជាជនក្នុងប្រទេសកម្ពុជាមានអំណាចដើម្បីសម្រេចចិត្តចំពោះអ្វីដែលគួរតែពឹងផ្អែកលើខ្លួនឯងផ្ទាល់ក្នុងលក្ខខណ្ឌនៃកិច្ចការផ្សេងៗ។
លោក Wang បានថ្លែងថា៖ «ដូច្នេះនៅពេលដែលយើងកំពុងតែពិភាក្សាអំពីកិច្ចការគឺយើងតែងតែពិភាក្សាអំពីកិច្ចការនោះ ដោយយើងមិនផ្តល់ឲ្យអ្នក [ប្រទេស កម្ពុជា] មានការកំហិតផ្សេងៗទេ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជានិងជាអ្នកវិភាគបញ្ហានយោបាយបានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជាចិន គឺឈានដល់ទំនាក់ទំនងកម្រិតកំពូលមួយដែលគេទទួលស្គាល់ទាំងអស់គ្នាខណៈចិនក៏កំពុងមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ក៏ដូចជាពិភពលោក។ ប៉ុន្ដែទន្ទឹមនឹងនេះចិនក៏កំពុងរងការការរិះគន់ខ្លាំងចំពោះអន្ទាក់បំណុលរបស់ខ្លួនផងដែរ។
លោកបានបន្ដថា ដូច្នេះចង់ឬមិនចង់ ដើម្បីបង្ហាញភាពស្អាតស្អំរបស់ខ្លួន ចិនត្រូវតែធ្វើឱ្យគេឯងគ្រប់គ្នាមើលឃើញថាអ្នកដែលមានទំនាក់ទំនងល្អជាមួយចិន អាចទទួលបាននូវវិបុលភាព និងការអភិវឌ្ឍ ជាជាងជាប់អន្ទាក់បំណុល។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើចិន មិនខំប្រឹងធ្វើឱ្យកម្ពុជាមានការរីកចម្រើនដោយភាពគ្មានមន្ទិលទេ គឺចិនមិន អាចមានភាពជាគំរូសម្រាប់កិច្ចសហប្រតិបត្ដិការជាមួយបណ្ដាប្រទេសផ្សេងៗទៀតទេព្រោះកន្លងមក ចិនត្រូវបានគេរិះគន់ដូចជា រឿងពាក់ព័ន្ធនៅប្រទេស ស្រីលង្កា នៅអាហ្រ្វិក និងបណ្ដាប្រទេសមួយចំនួនទៀតពាក់ព័ន្ធជាមួយនឹងបំណុលរបស់ចិន»៕