ភ្នំពេញៈ កូនប្រុស​ច្បង​សព​លោក ស៊ិន សុង អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សម័យ​រដ្ឋ​កម្ពុជា នា​ទសវត្សរ៍​ ១៩៨០ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ១០០ ​នាក់​ដែល​ជា​សាច់ញាតិ​បាន​នាំ​គ្នា​តវ៉ា ដើម្បី​ស្នើសុំ​ដល់​រដ្ឋាភិបាល និង​អគ្គនាយក​ធនាគារ​កាណាឌីយ៉ា លោក​ ពុង ឃាវសែ ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​ដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ជិត​ ២០ ​ឆ្នាំ​មក​ហើយ​នេះ​។

ការតវ៉ា និង​ការស្នើសុំ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ធនាគារ កាណាឌីយ៉ា បាន​ទាមទារ​និង​ព្យាយាម​រឹបអូស​យក​ផ្ទះ​ដែល​ជា​កេរ​របស់​លោក​ ស៊ិន សុង ដែល​បាន​និ​ងកំពុង​កាន់កាប់ និង​រស់នៅ​រាល់​ថ្ងៃ​ដោយ​លោក​ ស៊ិន វិសាល ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ស៊ិន សុង​។

ការទាមទារ និង​ព្យាយាម​រឹបអូស​របស់​ធនាគារ​កាណាឌីយ៉ា​នេះ ដោយសារ​តែ​លោកស្រី​ ឡុង សាខន ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក ស៊ិន សុង និង​ជា​ម្តាយ​របស់​លោក​ ស៊ិន វិសាល បាន​យក​ផ្ទះ​កេរ​របស់​លោក​ ស៊ិន សុង ដែល​លោក​ ស៊ិន វិសាល កំពុង​រស់នៅ​ដែល​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ និង​ប្លង់ដី​មួយ​ចំនួន​ទៅ​បញ្ចាំ​នៅ​ធនាគារ​។

ដី​ដែល​លោកស្រី ឡុង សាខន យក​ទៅ​បញ្ចាំ​នោះ​រួមមាន​ប្លង់ដី​ទំហំ​ ១៦៩៩៩ ​ម៉ែត្រការ៉េ​ដែល​ស្ថិត​នៅ​ខណ្ឌ​ឫស្សីកែវ ដី​ទំហំ​ ៧៦៧៥០ ​ម៉ែត្រការ៉េ ៥០០០០ ​ម៉ែត្រការ៉េ ៣៩៨៤៣ ​ម៉ែត្រការ៉េ​ដែល​ទាំង​ ៣ ​ប្លង់​នេះ​ស្ថិត​នៅ​ក្រុង​ព្រះសីហនុ និង​ដី​ទំហំ​ ៧៤១៤៦ ម៉ែត្រការ៉េ​ស្ថិត​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដែល​ជា​កន្លែង​បញ្ចុះសព​ឪពុក​លោក​។

ផ្ទះ និង​ដី​ប៉ុន្មាន​ប្លង់​ខាងលើ​ត្រូវ​លោកស្រី​ ឡុង សាខន យក​ទៅ​បញ្ចាំ​ធនាគារ​កាលពី​ឆ្នាំ​ ២០១២ ​ចំនួន​ ៦ ​លាន​ដុល្លារ ដោយ​មាន​អត្រា​ការប្រាក់​ចំនួន​ ១៣,២ ​ភាគរយ​ប្រចាំ​ឆ្នាំ​។

ធនាគារ​កាណាឌីយ៉ា​បាន​ប្ដឹង​ទៅ​តុលាការ​ទាមទារ​ប្រាក់​ដើម ការប្រាក់ និង​ប្រាក់​ពិន័យ ហើយ​សាលក្រម​ចូល​ស្ថាពរ​រួចហើយ​។ បើ​យោង​តាម​ឯកសារ​ពី​ខាង​ធនាគារ​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​សង​តាម​អំណាច​សាលក្រម​គឺ​មាន​រហូត​ដល់​ទៅ​ជាង​ ១៥ ​លាន​ដុល្លារ​ឯណោះ​។ លោក​ ស៊ិន វិសាល បាន​ជួប​ពិភាក្សា​ជាមួយ​ខាង​ធនាគារ​ជាច្រើន​ដង​រួច​មក​ហើយ តែ​មិនមាន​លទ្ធផល ព្រោះ​តែ​ខាង​ធនាគារ​មាន​បំណង​រឹបអូស​យក​ផ្ទះ​ជា​ថ្នូរ​សំណង​តែ​ម្ដង​។

លោក ស៊ិន វិសាល បាន​ប្រាប់​​អ្នក​សារព័ត៌មាន​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​មាន​ព័ត៌មាន​ចេញ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ថា ធនាគារ​បាន​និង​កំពុង​ធ្វើការ​កាត់​ឈ្មោះ​ផ្ទះ​របស់​លោក​ដែល​កំពុង​រស់នៅ​ជាមួយ​ប្រពន្ធ​ និង​កូន​។ លោក អះអាង​ថា លោក​ និង​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​ដើម្បី​ស្នើសុំ​ដល់​រដ្ឋាភិបាល និង​អគ្គនាយក​ធនាគារ​កាណាឌីយ៉ា ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ព្យាយាម​ដោះស្រាយ​បំណុល​ជាង​ ៦ ​លាន​ដុល្លារ​ដែល​ម្តាយ​ខ្ញុំ និង​កូនៗ​របស់​គាត់​ដែល​បាន​ឃុបឃិត​គ្នា​យក​ទៅ​បញ្ចាំ​នៅ​ធនាគារ​ដោយ​រូប​ខ្ញុំ​បាទ​ដែល​ជា​កូនប្រុស​បង​ឪពុក​ខ្ញុំ មិន​បាន​ដឹង​អ្វី​សោះ ដូច្នេះ​ស្នើសុំ​រក​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​សង​ជំនួស​ម្តាយ​របស់​ខ្ញុំ​។ ខ្ញុំ​សំណូមពរ​ឲ្យ​ពូ​ឧកញ៉ា ពុង ឃាវសែ ទទួល​យក​លុយ​ ៦ ​លាន​ដុល្លារ​ដែល​ម្តាយ​របស់​ខ្ញុំ ឡុង សាខន បាន​ជំពាក់​»​។

លោក​បន្ថែម​ថា​ធនាគារ​មិន​ព្រម​ដោះស្រាយ ប៉ុន្តែ​បែរ​ជា​កាត់​យក​ដី​ផ្នូ​របស់​ឪពុក​លោក​នៅ​កៀនស្វាយ​ដោយ​ពុំ​មាន​ការយល់ព្រម​ពី​រូបលោក​ដែល​ដី​នោះ​លោក​អះអាង​ថា មាន​ទំហំ​ ៧៤១៤៦ ​ម៉ែត្រការ៉េ​ស្ថិត​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ធ្វើការ​ទាក់ទង ដើម្បី​សុំ​ការបំភ្លឺ​ពី​លោកស្រី ឡុង សាខន និង​លោក​ ប៉ែន រដ្ឋា តំណាង អគ្គនាយក​ធនាគារ​កាណាឌីយ៉ា​បាន​នោះ​ទេ​កាលពី​ម្សិលមិញ​។

លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​បាន​ទេ​ពី​ម្សិលមិញ​។ ដោយឡែក​លោក សូ សារិន អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​កណ្តាល និង​លោក​ ឯក ស៊ុនរស្មី អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្ត​កណ្តាល​បាន​បដិសេធ​ក្នុង​ការធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​៕