ភ្នំពេញ៖ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឱ្យ​ម្ចាស់​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ប្រតិបត្តិការ​ចំពោះ​សាខា ឬ​ការិយាល័យ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ដែល​ប្រកាស​ជា​ផ្លូវការ​ដោយ​រាជរដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃទី ១២ មេសា​នេះ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយក​ត្រួត​ពិនិត្យ​របស់​ធនគារជាតិ​នៃ​កម្ពុជា ផ្ញើ​ជូន លោក លោកស្រី អគ្គនាយក អគ្គនាយិកា នាយក នាយិកា គ្រប់គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​ផ្ដោត​លើ​ការ​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​បិទ​ខ្ទប់​តាម​តំបន់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

លោក រ័ត្ន សុវណ្ណនរៈ បាន​សរសេរ​នៅ​ក្នុង​លិខិត​នេះ​ថា ត្រូវ​ជូន​ដំណឹង​ដល់​សាធារណ​ជន​ឲ្យ​បាន​ច្បាស់លាស់ អំពី​ការ​ផ្អាក​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន​ចំពោះ​សាខា ឬ​ការិយាល័យ​នោះ និង​ស្នើសុំ​អតិថិជន​ទៅ​ទទួល​សេវា​នៅ​សាខា ឬ​ការិយាល័យ​ដែល​នៅ​ជិត​បំផុត ឬ​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​ប្រព័ន្ធអនឡាញ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នីមួយៗ។

លោក​អគ្គនាយក​ត្រួត​ពិនិត្យ​របស់​ធនគារជាតិ​នៃ​កម្ពុជា​បាន​ពន្យល់​ថា ការ​ជូន​ដំណឹង​នេះ ត្រូវ​បិទ​ផ្សាយ​នៅ​តាម​សាខា ឬ​ការិយាល័យ​ដែល​ផ្អាក​ប្រតិបត្តិការ និង​តាម​រយៈ​មធ្យោបាយ​នានា​ដូច​ជា បណ្តាញ​ទំនាក់​ទំនង​សង្គម និង​គេហទំព័រ​ផ្លូវ​ការ​ជាដើម និង​ត្រូវ​រក្សា​នូវ​ប្រាក់​បៀវត្សរ៍ និង​អត្ថប្រយោជន៍​នានា សម្រាប់​បុគ្គលិក​គ្រប់​រូប​ដែល​ខកខាន​បំពេញ​ការងារ​នៅ​សាខា ឬ​ការិយាល័យ ដោយសារ​ការ​អនុវត្ត​តាម​វិធានការ​សុខាភិបាល ការ​ធ្វើ​ចត្តាឡីស័ក និង​វិធានការ​បិទ​ខ្ទប់​តំបន់។

ទោះជា​យ៉ាងណា នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នេះ មិន​បាន​បញ្ជាក់​ពី​ពេល​វេល​ដែល​ត្រូវ​ចាប់ផ្តើម​អនុវត្ត និង​បញ្ចប់​នោះ​ទេ ប៉ុន្តែ​កាល​ពី​កន្លង​មក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បិទ​ខ្ទប់​នូវ​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​ខណ្ឌ​ចំនួន ៣ ក្នុង​នោះមាន​ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និង​ខណ្ឌ​សែនសុខ របស់​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩៕