ក្រចេះ/ស្ទឹងត្រែងៈ ធនាគារពិភពលោកតាមរយៈរដ្ឋបាលជលផលបានផ្ដល់កាណូតចំនួន ១០០ គ្រឿង ដល់សហគមន៍នេសាទចំនួន ៥០ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ដល់កិច្ចគាំពារ និងអភិរក្សធនធានជលផលសំដៅឈានឆ្ពោះទៅរកការលុបបំបាត់រាល់ទម្រង់នៃបទល្មើសនេសាទតាមរយៈការចូលរួមពីប្រជាសហគមន៍នេសាទតាមមូលដ្ឋាន។
កាណូតចំនួន ៥០ គ្រឿងត្រូវបានផ្ដល់ទៅឲ្យសហគមន៍នេសាទចំនួន ២៥ ក្នុងខេត្តស្ទឹងត្រែង និង ៥០ គ្រឿងទៀត ត្រូវបានផ្ដល់ទៅឲ្យសហគមន៍នេសាទចំនួន ២៥ ក្នុងខេត្តក្រចេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅក្នុងពិធីប្រគល់ និងទទួលកាណូតដែលត្រូវបានធ្វើឡើងនៅខេត្តក្រចេះកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
លោក ជាសាន បានថ្លែងថា៖ «កាណូតទាំង ១០០ គ្រឿងនេះគឺជាអំណោយរបស់ធនាគារពិភពលោកសម្រាប់គាំទ្រដល់ការអនុវត្តគម្រោងស្តីពីការគ្រប់គ្រង ធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី ៣។ សមាសភាគទី ១ របស់គម្រោងគឺផ្តោតលើការគ្រប់គ្រងធនធានជលផល និងវារីសត្វនៅភូមិភាគឦសាននៃប្រទេសកម្ពុជា»។
លោកបន្តថា វិស័យជលផលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់កំណើន សេដ្ឋកិច្ចជាតិ សន្តិសុខស្បៀង អាហារូបត្ថម្ភ និងផ្តល់មុខរបរដល់ប្រជាពលរដ្ឋ។
ទាក់ទងនឹងគម្រោងខាងលើនេះលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំដល់មន្ត្រីអនុវត្តគម្រោងទាំងអស់ត្រូវយកចិត្តទុកដាក់ សហការឲ្យបានល្អជាមួយម្ចាស់ជំនួយ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានសហគមន៍នេសាទ ដើម្បីអនុវត្តគម្រោងនេះឲ្យរលូនប្រកបដោយតម្លាភាពប្រសិទ្ធភាពទទួលខុសត្រូវខ្ពស់ឲ្យសម្រេចបានជោគជ័យទៅតាមការរំពឹងទុក និងជាពិសេសនោះ គឺសម្រេចគោលដៅថ្នាក់ជាតិស្តីពីកិច្ចការពារបរិស្ថានជលផលការអភិរក្សជីវៈចម្រុះ។
លោក សាខុន បានបញ្ជាក់ថា៖ «ជំនួយជាមធ្យោបាយផ្លូវទឹក [កាណូត] នាពេលនេះគឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ចំពោះបញ្ហាប្រឈមរបស់យើងដែលបង្កឡើងដោយគ្រោះទឹកជំនន់»។
លោករដ្ឋមន្ត្រីក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមចំពោះធនាគារពិភពលោកផងដែរ ដែលជានិច្ចកាលតែងតែបានជួយឧបត្ថម្ភគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងនានា និងជួយឧបត្ថម្ភគាំទ្រដល់ដំណើការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាចាប់តាំងពីគ្រាក្រលំបាករហូតដល់កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
កាលពីម្សិលមិញលោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាណូតទាំងនេះគឺជាមធ្យោបាយចាំបាច់បំផុតសម្រាប់ប្រជាសហគមន៍នេសាទ ប្រើប្រាស់ក្នុងការល្បាតឃ្លាំមើល ស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទទាំងក្នុង និងក្រៅតំបន់ការពារ និងគ្រប់គ្រងដោយសហគមន៍។
លោកថ្លែងថា៖ «សហគមន៍នេសាទគឺជាផ្នែកមួយនៃឆ្មាំទន្លេ ឬមន្ត្រីជលផល ដែលមានតួនាទីការពារធនធានជលផល និងវារីសត្វក្នុងសហគមន៍របស់ពួកគេ ដូច្នេះកាណូតទាំងនោះនឹងជួយសម្រួលដល់ការងាររបស់ពួកគេក្នុងកិច្ចការពារ និងបង្ក្រាបបទល្មើសនេសាទកុំឲ្យកើតមាននៅក្នុងសហគមន៍របស់ពួកគេនីមួយៗ»។
បើតាមលោក គិន ខណៈខេត្តក្រចេះកំពុងរងការជន់លិចដោយទឹកជំនន់ទន្លេមេគង្គគ្រប់ទីកន្លែងយ៉ាងល្ហល្ហាចនៅឡើយនោះ បទល្មើសនេសាទនៅមិនទាន់កើតមានគួរឲ្យកត់សម្គាល់នោះទេ៕