ភ្នំពេញៈ វិស័យ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៃ​ក្រសួង​អប់រំ​នៃ​ព្រះ​រាជាណាចក្រ​​កម្ពុជា ដែល​មន្រ្តី​អប់រំ​ កាល​ពី​ខែ​មុន​ថ្លែង​ថា ខ្វះ​ចក្ខុវិស័យ​ច្បាស់​លាស់​ ​នឹង​ធ្វើ​ការ​កែ​លម្អ​ ព្រម​ជាមួយ​នឹង​កំណែ​ទម្រង់ STEM ខណៈ​សិស្ស​ក្រីក្រ​នឹង​ទទួល​បាន​លទ្ធភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ ក្រោម​គម្រោង​មួយ​ដែល​មាន​​រយៈពេល​ ៦ ​ឆ្នាំ ដែល​​ទទួល​បាន​ហិរញ្ញ​វត្ថុ​ដោយ​ឥណទាន​ ៩០ ​លាន​ដុល្លារ ពី​ធនាគារ​ពិភពលោក។

ធនាគារ​ពិភព​លោក​ កាល​ពី​ថ្ងៃ​សុក្រ ​បាន​ប្រកាស​ថា គណៈកម្មាធិការ​នាយក​ប្រតិបត្តិ​របស់​ខ្លួន​​បាន​អនុម័ត​ការ​គាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​នេះ ដែល​នឹង​ជួយ​កែ​លម្អ​គុណភាព​អប់រំ​និង​ការ​ស្រាវជ្រាវ ព្រម​ទាំង​ពង្រឹង​អភិបាល​កិច្ច​សម្រាប់​គ្រឹះស្ថាន​ឧត្តម​សិក្សា។

ជាង​ ៧០ ​ភាគរយ​នៃ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា ១១៩ នៅ​ក្នុង​ប្រទេស​ គឺជា​របស់​ឯកជន។ អ្នក​ជំនាញ​កាល​ពី​​មុន​បាន​ថ្លែង​ថា សាកល​វិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា ​​មិន​ត្រូវ​បាន​បំពាក់​ឧបករណ៍​ទំនើបៗ​សម​ស្រប​សម្រាប់​និស្សិត​ដែល​ត្រូវ​នឹង​ជំនាញ​ត្រូវ​ការ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​នោះទេ។

គម្រោង​នេះ​មាន​គោល​បំណង​ពង្រីក​សាកល​វិទ្យាល័យ​នៅ​ក្នុង​ខេត្ត​ បាត់ដំបង និង​ខេត្ត​ ស្វាយរៀង ​ផង​ដែរ ​និង​មាន​គម្រោង​សាង​សង់​អន្តេវាសិកដ្ឋាន​ ក្នុង​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន។

លោក ប៊ូ សារឿន អ្នក​នាំ​ពាក្យ​ធនាគារ​ពិភព​លោក​ថ្លែង​ថា ថវិកា​នេះ​គឺ​ជា​ឥណទាន ​មាន​ន័យ​ថា ​កម្ពុជា​នឹង​ត្រូវ​សង​វិញ ប៉ុន្តែ​មិន​មាន​ការ​ប្រាក់។ ក្រុម​មួយ​របស់​ធនាគារ​ពិភព​លោក​នឹង​ធ្វើ​ការ​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ​ដើម្បី​​ពិនិត្យ​មើល​គម្រោង​នេះ។

លោក​បាន​ថ្លែង​បន្ត​ថា ​៖ «ធនាគារ​ពិភព​លោក​មាន​ក្រុម​ការងារ​មួយ​និង​ក្រុម​មួយ​ដែល​គាំទ្រ​គម្រោង​ទាំង​នោះ​ជាមួយ​នឹង​ក្រសួង​អនុវត្ត​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គម្រោង​នេះ ធ្វើ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង និង​ដែន​ដែល​ធនាគារ​ពិភព​លោក និង​រដ្ឋាភិបាល​បាន​ព្រម​ព្រៀង​គ្នា»។

លោក សារឿន បាន​ថ្លែង​ថា៖ «ផ្អែក​តាម​តម្រូវ​ការ​ប្រទេស យើង​ឃើញ​​សក្តានុពល​របស់​គម្រោង​នេះ»។

លោក ម៉ក់ ងូយ អគ្គនាយក​ឧត្តម​សិក្សា​នៅ​ក្រសួង​ អប់រំ យុវជន​ និង​កីឡា និង​លោក រី សុភក្រ្ត អគ្គនាយករង​ឧត្តម​សិក្សា​ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ។

លោក រស់ សាលីន ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ទេ​ កាល​ពី​ម្សិល​មិញ៕PS