ធនាគារ​ឯកទេស​វីង​នឹង​ផ្តល់​ការគាំទ្រ​ដល់​អង្គការ​ស្នាមញញឹម​កម្ពុជា​ក្នុង​ការកំណត់​ប្រភេទ​អ្នកជំងឺ ជួយ​ផ្សព្វផ្សាយ​ពី​ការវះកាត់​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកជំងឺ​ដែល​មាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​។

ធនាគារ​ឯកទេស​វីង និង​អង្គការ​ស្នាមញញឹម​កម្ពុជា​កាលពី​ថ្ងៃទី ២៧ មិថុនា ឆ្នាំ​ ២០២០ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ធ្វើ​ជា​ដៃគូ​ដើម្បី​ផ្សព្វផ្សាយ​ការវះកាត់​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​អ្នកជំងឺ​កម្ពុជា​ដែល​មាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​។

ក្នុង​ភាព​ជា​ដៃគូ​នេះ ធនាគារ​ឯកទេស​វីង នឹង​ជួយ​គាំទ្រ​ដល់​អង្គការ​ស្នាមញញឹម​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​ការវះកាត់​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកជំងឺ​កម្ពុជា​ដែល​មាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​របស់​ធនាគារ​ឯកទេស វីង ​ដោយ​រួមមាន​៖ បណ្តាញ​សង្គម គេហទំព័រ កម្មវិធី​ស្មាតហ្វូន​វីង និង​តាមរយៈ​ភ្នាក់ងារ​វីង​ជាដើម​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង (​ខេមបូឌា) លីមីតធីត បាន​មាន​ប្រសាសន៍​ថា​៖ «​មាត់​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​រាងកាយ​របស់​មនុស្ស​។ ទោះបីជា​យ៉ាងណាក្តី កុមារ​មួយចំនួន​បាន​ទទួល​រងគ្រោះ​នៃ​បញ្ហា​ឆែបមាត់​ដែល​បណ្តាល​ឱ្យ​ពួកគេ​ពិបាក​បរិភោគ​អាហារ ពិបាក​ធ្វើការ​ទំនាក់ទំនង និង​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង​។ យើង​ដឹង​ពី​ការឈឺចាប់​របស់​ពួកគេ ហើយ​យើង​មាន​គោលបំណង​លើកកម្ពស់​គុណភាព​នៃ​ជីវិត​របស់​ប្រជាជន និង​យុវជន​កម្ពុជា​ដែល​កំពុង​រស់នៅ​ជាមួយ​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​»​។

ក្នុង​នាម​ជា​ធនាគារ​ឯកទេស​ឈានមុខ​គេ​នៅ​កម្ពុជា វីង​បាន​បញ្ជ្រាប​នូវ​ស្មារតី​នៃ​ការចូលរួម​កិច្ចការ​សង្គម​ទៅដល់​និយោជិត និង​ការប្រតិបត្តិការ​អាជីវកម្ម​ប្រចាំថ្ងៃ​របស់​ពួកគេ​ផងដែរ​។ វីង ​បាន​ប្តេជ្ញា​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ល្អប្រសើរ​តាម​គ្រប់​វិធី​ទាំងអស់​។ ហេតុដូច្នេះ​ហើយ​ទើប​កម្មវិធី​ទទួល​ខុសត្រូវ​ក្នុង​សង្គម​របស់​វីង​បាន​ផ្តោត​សំខាន់​លើ​៖ អក្ខរកម្ម​ហិរញ្ញវត្ថុ សុខភាព និង​សុវត្ថិភាព ការអភិវឌ្ឍ​សហគមន៍ ការអប់រំ ក៏ដូចជា​ការពង្រឹង​សមភាព​យេនឌ័រ​ជាដើម​។

លោក ចាន់ កុកចយ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ស្នាមញញឹម​នៃ​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖ «​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​វីង​នា​ថ្ងៃនេះ​នឹង​ធ្វើ​ឱ្យ​យើង​អាច​ជួយ​ដល់​ប្រជាជន​ដែល​មាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​កាន់តែ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​របស់​វីង​។ យើង​ដឹង​ពី​ការឈឺចាប់​របស់​អ្នកជំងឺ ហើយ​យើង​ចង់ឱ្យ​ជីវិត​របស់​ពួកគេ​ពោរពេញ​ទៅដោយ​ស្នាមញញឹម និង​ប្រកប​ដោយ​ទំនុកចិត្ត​។ យើង​ចង់​ព្យាបាល​អ្នកជំងឺ​ដែល​មិនបាន​ទទួល​ការវះកាត់​មាត់​ឆែប ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​។ យើង​នឹង​រៀបចំ​ប្រតិបត្ដិការ​វះកាត់​នៅតាម​ខេត្ដ​ផ្សេងៗ​ដើម្បី​ព្យាបាល និង​ផ្ដល់​ឱ្យ​ពួកគេ​នូវ​អនាគត​ល្អប្រសើរ​»​។

បណ្តា​អ្នកជំងឺ​ដែល​មាន​ឆែបមាត់​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម​ដែល​បណ្តាល​ឲ្យ​ពួកគាត់​មាន​បញ្ហា​ផ្លូវចិត្ត និង​អាកប្បកិរិយា​ផងដែរ​។ ចាប់តាំងពី​ឆ្នាំ ២០១៥ អង្គការ​ស្នាមញញឹម​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការបន្ត​បុព្វហេតុ​ដ៏មាន​តម្លៃ​ក្នុង​ការផ្តល់​ជូន​នូវ​ការវះកាត់​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​ជំងឺ​កម្ពុជា​ដែល​មាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​។

ក្នុង​រយៈពេល​ជា​ ៥ ​ឆ្នាំ​មកនេះ អង្គការ​ស្នាមញញឹម​កម្ពុជា​បាន​ផ្តល់​ការវះកាត់​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកជំងឺ​ប្រមាណ​ ១ ៤០០ ​នាក់ ​ដោយ​មាន​ការគាំទ្រ​ពី Smile Asia, Rotary Club of LIkas Bay, Rotary Club of Lu Chou & I-LAN, Taiwan, Face to Face, USA, MdM និង Australia ជាដើម ដោយ​មាន​អ្នកស្ម័គ្រចិត្ត​ក្នុង​ស្រុក​ជាង ៥០ ​នាក់​រួមមាន គ្រូពេទ្យ​វះកាត់ គ្រូពេទ្យ​ឯកទេស​ខាង​ថ្នាំ​សណ្ដំ និង​គិលានុបដ្ឋាយិកា​ជាដើម​ដែល​មាន​បទពិសោធ​ល្អ និង​បាន​គាំទ្រ​ប្រតិបត្តិការ​វះកាត់​។ ចាប់ពី​ពេលនេះ​តទៅ​ភ្នាក់ងារ​វីង​ជិត​ ៨០០០ ​កន្លែង​ទូទាំង​ព្រះរាជាណាចក្រ​នឹង​ចូលរួម​ផ្តល់​នូវ​ពន្លឺ​នៃ​ជីវិត​ដល់​កុមារ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕