ភ្នំពេញ: ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានអំពាវនាវឱ្យអាជ្ញាធរចុះជួយប្រមូលផលស្រូវកសិករ និងសូមឱ្យអ្នកមានម៉ាស៊ីនច្រូតកាត់ស្រូវ កុំដំឡើងថ្លៃឈ្នួល ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាកសិករក្នុងការប្រមូលផលឱ្យបានទាន់ពេលវេលា និងចៀសវាងការធ្លាក់គុណភាពស្រូវ។
សេចក្តីអំពាវនាវរបស់ ធ.អ.ជ.ក ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឱ្យដឹងថា ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួនកំពុងសស្រោកសស្រាំធ្វើការប្រមូលផលស្រូវសែនក្រអូប និងស្រូវផ្កាម្លិះឱ្យទាន់ពេលវេលា ប៉ុន្តែស្របពេលជាមួយគ្នានេះនៅតំបន់មួយចំនួន ការប្រមូលផលស្រូវទាំងពីរប្រភេទនេះកំពុងប្រឈមនឹងការខ្វះកម្លាំងពលកម្មដើម្បីច្រូតកាត់ក៏ដូចជាខ្វះម៉ាស៊ីនច្រូតកាត់ស្រូវធ្វើឱ្យការច្រូតកាត់មិនទាន់ពេលវេលា ដោយសារការប្រមូលស្រូវក្នុងរដូវប្រមូលផលឆ្នាំនេះមានការសម្រុកខ្លាំងផ្ទួនៗគ្នា។
ការសម្រុកប្រមូលផល និងកង្វះកម្លាំងច្រូតកាត់ធ្វើឱ្យថ្លៃឈ្នួលម៉ាស៊ីនច្រូតស្រូវក្នុង ១ ហិកតាឡើងថ្លៃគុណនឹង ៣ ដងបើធៀបនឹងឆ្នាំមុន។ ប្រសិនបើស្ថានភាពខ្វះមធ្យោបាយច្រូតកាត់នេះ នៅតែអូសបន្លាយយូរថ្ងៃទៀត ស្រូវរបស់ប្រជាកសិករនៅក្នុងស្រែនឹងទុំជ្រុល បាត់បង់គុណភាពស្រូវ ព្រមទាំងធ្វើឱ្យស្រូវធ្លាក់ថ្លៃដែរ។
ដោយឃើញបញ្ហាដូចខាងលើនេះ ធ.អ.ជ.ក. បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅតាមតំបន់ដែលប្រមូលផលស្រូវសែនក្រអូប និងស្រូវផ្កាម្លិះ សូមចាត់ចែងកម្លាំងចុះជួយច្រូតកាត់ស្រូវរបស់ប្រជាកសិករជាបន្ទាន់ និងតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីជួយសម្រួលទុក្ខលំបាកក៏ដូចជាជួយទប់ស្កាត់ការធ្លាក់ថ្លៃស្រូវរបស់ប្រជាកសិករដែលអាចនឹងកើតឡើងដោយប្រការណាមួយ។
ធ.អ.ជ.ក. បញ្ជាក់ថា៖ «សូមអំពាវនាវដល់អ្នកដែលមានម៉ាស៊ីនច្រូតកាត់ស្រូវ សូមមេត្តាកុំដំឡើងថ្លៃឈ្នួល និងសូមរក្សាថ្លៃឈ្នួលដដែល។ ធ.អ.ជ.ក. សង្ឃឹមថា អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជនស្ម័គ្រចិត្តនឹងចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជួយចម្លងភាពលំបាករបស់ប្រជាកសិករនៅគ្រានេះ»។
លោកស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមិនទាន់អាចទាក់ទងដើម្បីសុំការបញ្ជាក់ជុំវិញករណីដែលកសិករជួបការលំបាកក្នុងការប្រមូលផលស្រូវនេះបានទេដោយទូរស័ព្ទលោកគ្មានអ្នកទទួល។
ចំណែកលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងពីថ្ងៃទី ១ ធ្នូថា ការអំពាវនាវនេះគឺជាការចូលរួមជួយដោះស្រាយបញ្ហាក្នុងសង្គមទាំងអស់គ្នា ហើយអាជ្ញាធរតាមមូលដ្ឋានទាំងអស់នឹងចូលរួមតាមការស្នើសុំ ឬសម្របសម្រួលតាមលទ្ធភាពជាក់ស្ដែងនៅមូលដ្ឋាន។ ក្រុមការងារ ធ.អ.ជ.ក. គួរតែឆ្លៀតពេលនេះ ចុះជួយប្រជាកសិករជាមួយអាជ្ញាធរមូលដ្ឋានដែរ ដើម្បីបង្ហាញពីសាមគ្គីភាព។
លោកបានបញ្ជាក់ថា៖ «យើងស្វាគមន៍ការអំពាវនាវនេះហើយកន្លងមកយើងក៏ធ្លាប់បានជួយកសិករ ជួយប្រជាពលរដ្ឋដែលខ្វះខាតលទ្ធភាពប្រមូលផលស្រូវច្រើនមកហើយ គឺយើងជួយច្រូតកាត់ដោយផ្ទាល់ដៃ ច្រូតកាត់ដោយម៉ាស៊ីន ដោយយើងបានជួយតាមស្ថានភាពជាក់ស្ដែង»។
លោក ខៀវ សុភ័គ ក៏បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធបន្តជួយប្រជាកសិករ ព្រោះកសិករនៅកន្លែង ខ្លះមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលផលស្រូវគាត់ទេ។
អ្នកស្រី ភីម ស្រីល័ក្ខ តំណាងកសិករខេត្តកំពតបានឱ្យដឹងពីម្សិលមិញថា នៅខេត្តកំពតចាប់ផ្ដើមប្រមូលផលស្រូវបណ្ដើរៗហើយដោយមានប្រជាកសិករមួយចំនួនមានលទ្ធភាពជួលត្រាក់ទ័រ ឬម៉ាស៊ីនច្រូតកាត់ស្រូវជួយសម្រួលដល់ការប្រមូលផលស្រូវ ប៉ុន្ដែកសិករមួយចំនួនទៀត ខ្វះលទ្ធភាពពោលគឺពួកគាត់នៅតែប្រើប្រាស់កម្លាំងពលកម្មដូចជា ច្រូតដោយដៃ បោកស្រូវដោយដៃ និងដឹកជញ្ជូនដោយរទេះគោក្របីដដែល។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំសូមសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ការធ្លាក់តម្លៃស្រូវ គឺចៀសវាងនៅពេលកសិករប្រមូលផលស្រូវមិនទាន់ពេលវេលា។ ម្យ៉ាងទៀតខ្ញុំស្នើសុំម្ចាស់គ្រឿងចក្រនានា សូមកុំដំឡើងតម្លៃជួលម៉ាស៊ីនច្រូតកាត់ស្រូវខ្ពស់ពេក ព្រោះនៅខេត្តកំពតនេះ គឺតម្លៃឡើងដល់ ៤០ ម៉ឺនរៀលក្នុង ១ ហិកតា ខណៈឆ្នាំមុនត្រឹម ៣៥ ម៉ឺនរៀលប៉ុណ្ណោះ»។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានថ្លែងពីថ្ងៃទី ១ ធ្នូថា ប្រសិនមានតែការអំពាវនាវដោយគ្មានការរៀបចំប្រព័ន្ធគ្រប់គ្រងក្នុងការបង្ហាញពីសកម្មភាពជួយកសិករទេ គឺអាជ្ញាធរនៅតែមិនអាចជួយដោះស្រាយបញ្ហារបស់កសិករបានទាន់ពេលវេលាដដែល។ ការជួយពួកគាត់គួរធ្វើតាមរយៈការជួយអន្តរាគមន៍តម្លៃស្រូវ និងតម្លៃជួលគ្រឿងចក្រប្រមូលផលស្រូវឱ្យសមរម្យ។
លោកបន្តថា អាជ្ញាធរត្រូវតែរៀបចំយុទ្ធសាស្ត្រជំរុញលើកទឹកចិត្ត ឬដាក់លក្ខខណ្ឌធ្វើឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងឈ្មួញកណ្ដាលនានាដែលទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មត្រូវតែមានកាតព្វកិច្ចជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យដែលធ្វើឱ្យពួកគាត់ទទួលបានប្រាក់កម្រៃទូទាត់ការចំណាយនានា។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ដឹងថា អាជ្ញាធរអាចជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋបានកម្រិតណាទេ ព្រោះអាជ្ញាធរភាគច្រើនស្ដាប់បញ្ជាតែរាជរដ្ឋាភិបាល ឬស្ថាប័នសាមីរបស់គាត់ រីឯស្ថាប័នផ្សេងៗទៅអំពាវនាវបែបនេះ ខ្ញុំគិតថាមានប្រសិទ្ធភាពតិចតួចបំផុត»។ បើតាមលោក សាវឿន ប្រសិនអាជ្ញាធរមិនជួយឱ្យការប្រមូលផលស្រូវទាន់ពេលវេលាទេ គឺប៉ះពាល់ដល់គុណភាពស្រូវ និងតម្លៃដែលធ្វើឱ្យប្រជាកសិករលក់ស្រូវបានតម្លៃទាប៕