កំពង់ស្ពឺៈ បុរស​ ២ ​នាក់​ ដែល​ជាប់​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​លើ​បុរស​ម្នាក់​កាលពី​ម្សិលមិញ​កំពុង​ត្រូវបាន​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បន្ទាប់ពី​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ចំណុច​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ក្នុង​ភូមិ​រំលោង ឃុំ​វល្លិសរ ស្រុក​សំរោង​ទង​។

លោក ឃុត សុផល អធិការ​ស្រុក​សំរោង​ទង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក សាន សឿន អាយុ​ ៥៤ ​ឆ្នាំ​ ជា​កម្មករ​ខួង​ដី​នៃ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​មាន​ទី​លំនៅ​ភូមិ​ត្បូងដំរី ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល និង​អ្នក​រួម​ការងារ​របស់​គាត់​ម្នាក់​ឈ្មោះ សំ ភាព អាយុ​ ៤២ ​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រែវាល ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ត្រូវបាន​ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ​ ២០២០ បន្ទាប់ពី​ពួកគេ​បាន​រត់គេចខ្លួន​អស់​រយៈពេល​ ៨ ​ម៉ោង​ក្រោយ​ធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​សម្លាប់​បុរស​ម្នាក់​ឈ្មោះ រឿន សារិទ្ធ អាយុ​ ២៤ ​ឆ្នាំ​មាន​ទីលំនៅ​ភូមិ-ឃុំ​វល្លិសរ ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ​។

លោក សុផល បញ្ជាក់ថា​៖ «​ក្រោយ​ការចាប់​ខ្លួន ជនសង្ស័យ​ទាំង​ ២ ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នាំយក​ទៅ​សាកសួរ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់​»​។

ជុំវិញ​ករណីនេះ​លោក សម ស័ក្ដិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយ​ការសាកសួរ ជនសង្ស័យ​ឈ្មោះ សំ ភាព បាន​ឆ្លើយ​បដិសេធ​ថា គាត់​មិនបាន​ចូលរួម​វាយ​សម្លាប់​ជនរងគ្រោះ​នោះ​ទេ ប៉ុន្តែ​បាន​សារភាព​ថា គាត់​បាន​ជួយ​សែង​សព​ជនរងគ្រោះ​យក​ទៅ​បោះចោល​ក្នុង​ប្រឡាយទឹក​ក្បែរ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​។

លោក ស័ក្ដិ បាន​ប្រាប់​ដោយ​លើក​យក​សម្រង់​សម្ដី​ផ្ទាល់​របស់​ជនសង្ស័យ​ឈ្មោះ​ សំ ភាព ​មក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនបាន​ដឹងថា​នរណា​វាយ​សម្លាប់​ជនរងគ្រោះ​នោះទេ ប៉ុន្តែ​នៅវេលា​ម៉ោង​ ៦ និង​ ៣០ ​នាទី​ព្រឹក​ថ្ងៃទី ​១ ខែ​មករា ឆ្នាំ​ ២០២០ ឈ្មោះ​ សាន សឿន បាន​មក​ប្រាប់​ខ្ញុំ​ថា មាន​មនុស្ស​ម្នាក់​ស្លាប់​នៅក្នុង​ការដ្ឋាន ហើយ​សុំ​ឲ្យ​ខ្ញុំ​ជួយ​សែង​សព​ជនរងគ្រោះ​ទៅ​បោះចោល ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដល់​ក្រុមហ៊ុន​»​។ លោក​បន្តថា លោក និង​ឈ្មោះ​ សឿន ​បាន​សែង​សព​ជនរងគ្រោះ​ទៅ​​បោះចោល​នៅក្នុង​ប្រឡាយទឹក​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥០ ​ម៉ែត្រ​ពី​ការដ្ឋាន​។

លោក​ ស័ក្តិ ​បន្ត​ថា​ចំណែក​ជនសង្ស័យ​ឈ្មោះ សាន សឿន ក៏​មិនបាន​សារភាព​ថា បាន​សម្លាប់​ជនរងគ្រោះ​នោះដែរ ប៉ុន្តែ​បាន​និយាយ​ថា​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ជនរងគ្រោះ​បាន​ចូល​បង្ករឿង​ជាមួយ​ពួកគេ​នៅក្នុង​ការដ្ឋាន​ធ្វើឲ្យ​កម្មករ​ជាច្រើន​មាន​ការខឹងសម្បា​។

លោក​និយាយ​ទៀត​ថា នៅពេល​សាកសួរ​ថា បើ​មិន​បាន​សម្លាប់​ជនរងគ្រោះ ហេតុអ្វី​ចាំបាច់​រត់គេចខ្លួន​? សាន សឿន បាន​ឆ្លើយថា ខ្លាច​អ្នកភូមិ​លើក​គ្នា​មក​ស្ទាក់​វាយ​សម្លាប់​ពួកគាត់​ព្រោះ​នៅពេល​ពួកគាត់​នាំគ្នា​សែង​សព​ជនរងគ្រោះ​ទៅ​បោះចោល​ក្នុង​ប្រឡាយទឹក​នោះ​មាន​អ្នកភូមិ ​៣-៤ ​នាក់​ បានឃើញ​ហើយ​បាន​ស្រែក​សន្ធាប់​ដោយ​ចោទប្រកាន់​ពួកគាត់​ថា ជា​ «​ឃាតករ​»​។

លោក​ ស័ក្ដិ បញ្ជាក់​ថា​៖ «​នៅពេល​នេះ​មន្ត្រីនគរបាល​ជំនាញ​យើង​នៅ​មិន​ទាន់​បញ្ចប់​នីតិវិធី​នៃ​ការសួរចម្លើយ​ជនសង្ស័យ​ទាំង​ ២ ​នៅ​ឡើយ​ទេ​។ ទោះជា​បែបនេះ​ក្ដី​ជនសង្ស័យ​ទាំង​ ២ មិន​អាច​គេចផុត​ពី​ការជាប់​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​នេះ​ទេ​»​។

កាលពី​ម្សិលមិញ​លោក ឆាយ គឹមសាន ប្រធានភូមិ​វល្លិសរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនរងគ្រោះ​ជា​មនុស្ស​ធ្លាប់​ជាប់គុក​ ២ ​ឆ្នាំ​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​ និង​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​។ ជនរងគ្រោះ​ទើប​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​បាន​ជាង​ ២ ​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​តែ​បន្ត​ផឹកស្រា និង​ប្រើប្រាស់​គ្រឿងញៀន​ដដែល និង​ចូលចិត្ត​បង្ក​រឿង​ជាមួយ​អ្នកភូមិ​៕