ភ្នំពេញៈ នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​នាំខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន ៩៣ នាក់ (​ស្រី​ ៤០ ​នាក់​) ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន និង​បាន​រឹបអូស​ថ្នាំញៀន​មួយចំនួន​ធំ បន្ទាប់ពី​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ខារ៉ាអូខេ​ ១ ​កន្លែង ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ ២០៦ ​កែង​នឹង​ផ្លូវ​ ២០៩ ​ក្នុង​សង្កាត់​ផ្សារដេប៉ូ​ទី​ ១ ខណ្ឌទួលគោក​។

ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​វេលា​ម៉ោងជាង ១ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ២៦ ខែសីហា ឆ្នាំ​ ២០២០ តាម​ការបញ្ជា​ពី​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដោយ​មាន​ការសម្របសម្រួល​ពី​លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង​អមសាលាដំបូង​រាជធានី​ភ្នំពេញ​។

នេះ​បើ​តាម​លោក​ ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នគរបាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​។ លោក ប៊ុន សត្យា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា អំឡុងពេល​ចុះបង្ក្រាប​គឺ​សមត្ថកិច្ច​បាន​នាំខ្លួន មនុស្ស​ប្រុស-ស្រី​ចំនួន ៩៣ ​នាក់ និង​រឹបអូស​ថ្នាំញៀន​មួយចំនួន​ធំ ព្រមទាំង​រថយន្ត​ស៊េរី​ទំនើបៗ​ជាច្រើន​គ្រឿង​ទៀត យក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

លោក​បន្តថា ដោយសារ​តែ​ស្ថិត​ក្នុង​នីតិវិធី សមត្ថកិច្ច​នៅ​បន្ត​សាកសួរ​មនុស្ស​ប្រុស-ស្រី​ទាំងនោះ​ ជុំវិញ​ការជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នៅឡើយ​ដោយ​មិន​ទាន់​មាន​ការសម្រេច​យ៉ាងណា​បន្តទៀត​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​កំពុងតែ​សាកសួរ​នៅ​ស្នងការ ប៉ុន្តែ​មិនទាន់​មាន​ការសម្រេច​ចោទប្រកាន់​ ឬ​រកឃើញ​អ្នក​ជាប់​សង្ស័យ​នឹង​ថ្នាំញៀន​នោះទេ ព្រោះ​យើង​មិនទាន់​ធ្វើការងារ​នេះ​ចប់​។ មនុស្ស​ប្រុស​ស្រី​ទាំង​ ៩៣ ​នាក់​នេះ​គឺ​មិនទាន់​ត្រូវបាន​ដោះលែង​អ្នក​ណាម្នាក់​នៅឡើយ​ទេ​»​។

លោក​ សុខ ហេង អធិការនគរបាល​ខណ្ឌ​ទួលគោក​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​កាលពី​ម្សិលមិញ​ថា ក្រោយពី​បញ្ជូន​មនុស្ស​ប្រុស-ស្រី និង​វត្ថុតាង​ទាំងនោះ​ទៅ​ស្នងការដ្ឋាន​ចំពោះ​ទីតាំង​ខារ៉ាអូខេ​នេះ​ក៏​ត្រូវ​បានសម្រេច​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ផងដែរ ដើម្បី​រង់ចាំ​នីតិវិធី​បន្ត​ទៀត​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ទេ ថា​តើ​សមត្ថកិច្ច​នឹង​មាន​វិធានការ​យ៉ាងណា​ទៀត​ចំពោះ​ម្ចាស់​ទីតាំង​ដោយ​គ្រាន់តែ​ថ្លែងថា​ស្ថិត​លើ​ការសម្រេច​របស់​ថ្នាក់លើ​។

លោកស្រី ពៅ សាម៉ោច ចៅសង្កាត់​ផ្សារ​ដេប៉ូ​ទី​ ១ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដំបូង​ឡើយ ទីតាំង​ខាងលើ​ប្រកប​អាជីវកម្ម ខារ៉ាអូខេ​ ប៉ុន្តែ​ក្រោយពី​រដ្ឋាភិបាល ប្រកាស​បិទ​ដោយ​តម្រូវ​ឲ្យ​កែប្រែ​ឈ្មោះ​ពី​ខារ៉ាអូខេ មក​បម្រើ​សេវាកម្ម​ជា​ភោជនីយដ្ឋាន​វិញ​ក៏​បាន​បិទទ្វារ​មួយរយៈ ដើម្បី​ធ្វើការ​ជួសជុល​។

លោកស្រី​បន្តថា ក្រោយពេល​ជួសជុល​ហើយ​ក៏​បាន​បើក​ជា​លក្ខណៈ​ភោជនីយដ្ឋាន​តែ​អាជ្ញាធរ​ដែនដី​បាន​ចុះទៅ​ធ្វើ​អធិការកិច្ច​ជាច្រើន​ដង​មកហើយ និង​តម្រូវ​ឲ្យ​បង្ហាញ​លិខិត​អនុញ្ញាត ប៉ុន្តែ​មិនទាន់​បានបញ្ចប់​ផង​ក៏​ត្រូវបាន​បង្ក្រាប​តែម្តង​។

លោកស្រី​បញ្ជាក់ថា​៖ «​ទីនេះ​ដំបូង​ជា​អតីត​ខារ៉ាអូខេ X តែ​ក៏បាន​បិទ ហើយ​ដូរ​ថៅកែ និង​ជួសជុល​បាន​បើក​ខារ៉ាអូខេ ១៨ វិញ​តែ​មិនទាន់​បាន​បើក​ទេ​ក៏​គេ​ឲ្យ​ផ្ទេរ​មកជា​ភោជនីយដ្ឋាន​វិញ​ដោយ​សុំ​បាន​ប៉ាតង់​ហើយ​។ ឥឡូវនេះ​ពួកខ្ញុំ​ក៏​ល្បាត​ជាប្រចាំ​មិនមាន​រឿង​អី​ទេ តែ​លើក​នេះ​មិនដឹង​យ៉ាងម៉េច ខ្ញុំ​ក៏​មិនបាន​ដឹង​ដែរ​»​។ បើ​តាម​លោកស្រី សាម៉ោច ទីតាំង​ខាងលើ​នេះ​គឺ​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ ប៉ុន្តែ​បាន​ផ្តល់​ទីតាំង​ទៅ​ឲ្យ​ជនជាតិ​ចិន​ជួល​ដើម្បី​បើក​អាជីវកម្ម​នេះ ប៉ុន្តែ​មិន​ស្គាល់​ឈ្មោះ​នោះទេ​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​បាន​សាទរ​ចំពោះ​ការចុះ​បង្ក្រាប​នេះ ពិសេស​គឺ​ការរឹបអូស​គ្រឿងញៀន​ដែល​បង្ក​ហានិភ័យ​ខ្ពស់​ដល់​យុវជន​។ បន្ថែម​ពីនេះ​លោក​ថ្លែងថា ការហាមឃាត់​រាល់​ការបើក​ខារ៉ាអូខេ​ដោយ​ខុសច្បាប់​ក៏ត្រូវតែ​មាន ព្រោះ​វា​ជា​ក្តីព្រួយបារម្ភ​នៃ​ការផ្ទុះ​ជំងឺ​កូវីដ​១៩​ខណៈ​ទីតាំង​ជាច្រើន​នៅ​តែ​បន្ត​លួចលាក់​បើក​ដោយ​បំពាន​ទៅនឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​។ ដូច្នេះ​លោក​សូម​ស្នើឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​មាន​បញ្ហា​កើតឡើង គឺ​វា​នឹង​ផ្តល់​ផលវិបាក​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ​ក៏​ដូចជា​រដ្ឋាភិបាល​ដែរ​ព្រោះ​រដ្ឋាភិបាល ត្រូវតែ​ដោះស្រាយ​រាល់​វិបត្តិ​ក្នុង​សង្គម​ហើយ​បើ​បណ្តាល​ឲ្យ​កើតមាន​ជំងឺ​ច្រើន​ដូច​ប្រទេស​ដទៃ​នោះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​។ លើស​ពីនោះ​ទៀត ចំពោះ​បញ្ហា​គ្រឿងញៀន​វិញ យើង​កំពុង​តែ​មាន​វិបត្តិ​កូវីដ​១៩​ហើយ​ប្រជាពលរដ្ឋ​ខ្លះ​លោក​កំពុង​តែ​ខ្វះខាត​ហើយ​បើសិន​ជា​បញ្ហា​គ្រឿងញៀន​នេះ នៅតែ​រាតត្បាត​បង្ក្រាប​មិន​បាន​ថមថយ​នោះ​បញ្ហា​នេះ​គឺ​នឹង​ក្លាយ​ជា​បន្ទុក​ធ្ងន់​ ១ ​ទៀត​»៕