
សមត្ថកិច្ចកំពុងដកកញ្ឆាដែលត្រូវគេលួចដាំដោយខុសច្បាប់។ រូបថត នគរបាលខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ៈ នគរបាលកំពុងស្រាវជ្រាវរកជនល្មើសដែលជាអ្នកលួចដាំកញ្ឆា បន្ទាប់ពីបានកាប់បំផ្លាញដើមកញ្ឆាដែលគេលួចដាំនៅក្នុងព្រៃជាង ១ ពាន់ដើម ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខណៈនៅក្នុងឆ្នាំ ២០២០ នេះ សមត្ថកិច្ចបានកាប់បំផ្លាញដើមកញ្ឆាអស់ជិត ១៩ ម៉ឺនដើម។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានថ្លែងនៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០ ថា មានកញ្ឆាចំនួន ១ ពាន់ ៤២៦ ដើម ដាំលើផ្ទៃដី ១ ពាន់ ៣៦ ម៉ែត្រការ៉េ ត្រូវបានសមត្ថកិច្ចដក និងដុតកម្ទេចចោល ខណៈអ្នកដាំកញ្ឆានោះបានគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់។
ក្រៅពីកញ្ឆា នគរបាលបានរកឃើញវត្ថុតាងបន្សល់ទុកមួយចំនួនទៀត ដូចជាជញ្ជីង ១ គ្រឿង ជីអ៊ុយរ៉េ ៣ គីឡូក្រាម និងអាវមួយ បន្សល់ទុកនៅទីតាំងដាំកញ្ឆានោះ។
បើតាមលោក ឡេង ការចាប់មិនបានជនល្មើស ដែលដាំដើមកញ្ឆានេះ ដោយសារតែទីតាំងភូមិសាស្ត្រនៅឆ្ងាយ គឺស្ថិតនៅក្នុងព្រៃជ្រៅ ពេលសមត្ថកិច្ចដើរចូលទៅអាចបែកការ ម្យ៉ាងទៀតលោកសង្កេតឃើញថា មុខសញ្ញាទាំងនោះមានការប្រយ័ត្នខ្លាំង។
លោក ឡេង ថ្លែងថា៖ «ទម្រាំយើងទៅដល់ ផ្លូវភ្នំមិនមែនដូចផ្លូវជាតិឯណា ទម្រាំយើងឆ្លងកាត់ផ្លូវដើរ ផ្លូវអីផងចឹងទៅ បើពួកគាត់ឃើញសមត្ថកិច្ច គ្រាន់តែទូរស័ព្ទប្រាប់តែគ្នាគាត់ ទោះត្រឹម ១០ ម៉ែត្រ ឬ ៥ ម៉ែត្រក៏យើងតាមរកមិនឃើញដែរ ព្រោះនៅក្នុងព្រៃ» ។
លោក អ៊ីន សុង ប្រធានការិយាល័យនៃនាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានទទួលស្គាល់ថា ការចុះបង្ក្រាបទីតាំងដាំដើមកញ្ឆា មានការលំបាកមួយចំនួន ដោយសារតែឈ្មួញមានការឃុបគិតជាមួយប្រជាពលរដ្ឋក្នុងការដាំដុះ ដោយលួចលាក់នៅតាមតំបន់ព្រៃភ្នំ ហេតុនេះសមត្ថកិច្ចពិបាកក្នុងការក្តាប់ព័ត៌មាន មុនឈានទៅដល់ការបង្ក្រាប។
លោក សុង ថ្លែងថា៖ «កន្លងមកពេលដាំភ្លាមៗហ្នឹងយើងមិនដឹងទេ ហើយភាគច្រើនយើងបានទទួលព័ត៌មានតែពីពលរដ្ឋល្អ ដែលគាត់នៅជិតៗទីតាំងដាំដុះហ្នឹង គាត់ដើរកាត់ទៅ គាត់ឃើញហើយផ្តល់ព័ត៌មាន មកយើងក៏ទៅរកឃើញតាមហ្នឹងទៅ»។
បើតាមលោក សុង កញ្ឆា គឺជារុក្ខជាតិម្យ៉ាងស្ថិតនៅក្នុងតារាងទី១ ដែលច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ហាមឃាត់មិនឲ្យធ្វើការដាំដុះ ជួញដូរ ផលិត ឬប្រើប្រាស់ឡើយ។
បើសិនមានពលរដ្ឋណាជក់កញ្ឆា ហើយត្រូវសមត្ថកិច្ចដឹង នឹងត្រូវហៅមកធ្វើការអប់រំ ហើយក្រោយពីអប់រំ បើមិនឈប់ប្រព្រឹត្តទេ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ដូចការប្រព្រឹត្តក្នុងករណីបទល្មើសគ្រឿងញៀនផ្សេងៗទៀតដែរ។
លោក សុង បញ្ជាក់ថា ក្នុងឆ្នាំ ២០២០ គិតត្រឹមថ្ងៃទី ១៦ ខែធ្នូ សមត្ថកិច្ចបានរឹបអូសកញ្ឆាក្រៀមចំនួន ២៨៩ គីឡូក្រាម បំផ្លាញដំណាំកញ្ឆាស្រស់ ២៨ ម៉ឺន ៦ពាន់ ៣០៩ ដើម នៅទូទាំងប្រទេស ចាប់បានជនល្មើសមួយចំនួនបញ្ជូនទៅតុលាការ ខណៈមួយចំនួនផ្សេងទៀត រកមុខសញ្ញាមិនទាន់ឃើញ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕