ត្បូងឃ្មុំៈ នគរបាលខេត្តត្បូងឃ្មុំកំពុងស្វែងរកចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីចាក់សម្លាប់បងស្រីបង្កើតរបស់ខ្លួនស្លាប់នៅភូមិដូងព្រះ ឃុំអញ្ចើម ស្រុក-ខេត្ត ត្បូងឃ្មុំកាលពីថ្ងៃទី ២៣ កញ្ញា ហើយរត់គេចខ្លួន។
លោក ចក់ សុខកៅ ស្នងការរងទទួលផែនព្រហ្មទណ្ឌប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា៖ «រឿងនេះកម្លាំងសមត្ថកិច្ចរបស់យើងកំពុងដុតដៃដុតជើងធ្វើការងារនេះ ព្រោះយើងកំណត់បានអត្តសញ្ញាណជនល្មើសហើយ»។
លោក ទុំ ឆុនឡា នាយប៉ុស្តិ៍នគរបាលអញ្ចើមបានប្រាប់ពីម្សិលមិញដែរថា ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះជនល្មើសឈ្មោះ ម៉ន យុំ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រីឯស្ត្រីស្លាប់ឈ្មោះ ម៉ន ធី អាយុ ៤១ ឆ្នាំ ពួកគេមានលំនៅក្នុងភូមិ-ឃុំ-ស្រុក ខាងលើ។
លោកប្រាប់ថាបើតាមអ្នករស់នៅក្បែរផ្ទះរបស់ស្ត្រីរងគ្រោះគេនិយាយប្រាប់ថា រវាងជនសង្ស័យ និងស្ត្រីរងគ្រោះជាកូនកំព្រា ហើយពួកគេរស់នៅក្នុងផ្ទះជាមួយគ្នាផង ប៉ុន្តែពួកគេជាមនុស្សញៀនស្រាហើយឈ្លោះគ្នារាល់ថ្ងៃ។ លុះនៅរសៀលម៉ោង ៣ ថ្ងៃទី ២៣ កញ្ញាដែលជាថ្ងៃកើតហេតុនោះគឺជនសង្ស័យនិងជនរងគ្រោះបានផឹកស្រាស្រវឹងហើយឈ្លោះប្រកែកគ្នាផង។
គ្រានោះជនសង្ស័យបានយកកាំបិតចិតបន្លែចាក់ចំចុងដង្ហើមស្ត្រីរងគ្រោះបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចរបស់លោកបានចុះដល់កន្លែងកើតហេតុ ហើយមានសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសវិទ្យាសាស្ត្របានធ្វើកោសល្យវិច័យពិនិត្យលើសាកសពឃើញថា ស្ត្រីរងគ្រោះត្រូវជនសង្ស័យចាក់ត្រូវ ១ កាំបិត ជ្រៅចំចុងដង្ហើម។ រីឯជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពក៏បានរត់គេចខ្លួនបាត់៕