កំពង់ឆ្នាំង៖ នគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២០ ខែមេសានេះ កំពុងបន្តស្វែងរកអ្នកបើកបររថយន្តម្នាក់ ដែលបើករថយន្តក្នុងល្បឿនលឿន បណ្តាលឱ្យក្រឡាប់ស្លាប់កម្មការិនីម្នាក់ និង ៥ នាក់ទៀតរងរបួសធ្ងន់ស្រាល កាលពីថ្ងៃទី ១៩ ខែមេសា ដែលកើតហេតុនៅភូមិខ្នាកណ្តាល ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ។
លោក សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យ បានឱ្យដឹងនៅថ្ងៃទី ២០ ខែមេសានេះថា ករណីនេះនគរបាលចរាចរខេត្តរួមទាំង នគរបាលស្រុក កំពុងស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្តបង្កដែលបានរត់គេចខ្លួន។
លោកថ្លែងថា៖ «គាត់ជាអ្នកបើករថយន្ត ប៉ុន្តែគាត់គេចពីការទទួលខុសត្រូវ។ គាត់ត្រូវតែប្រឈមចំពោះមុខច្បាប់»។
ស្រ្តីជាកម្មការិនីដែលស្លាប់ឈ្មោះ យ៉េត សុខេន អាយុ ៣៥ ឆ្នាំ រីឯកម្មការិនី ៥ នាក់ទៀត ដែលរងរបួសបាក់ដៃ ជើង ត្រូវបានសមត្ថកិច្ចដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្រោយកើតហេតុ។
បើតាមលោក ចិន្តា បានរៀបរាប់ប្រាប់តាមសម្តីកម្មកររោងចក្រកាត់ដេរដែលរងរបួសទាំងនោះថា នៅយប់កើតហេតុ អ្នកបើកបររថយន្តឈ្មោះ វ៉ង់ បឿន អាយុ ៣៥ ឆ្នាំ បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3D-7054 មកដាក់កម្មករចុះតាមផ្ទះនៅស្រុក កំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ដែលចេញពីធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់នៅក្នុងស្រុកសាមគ្គីមានជ័យ ដោយមានកម្មករជិះក្នុងរថយន្តទាំងអស់ ៣០ នាក់ តែបានចុះជាបន្តបន្ទាប់ជិតអស់ហើយ។
ប៉ុន្តែដោយផ្លូវតូច ហើយអ្នកបើករថយន្តបើកក្នុងល្បឿនលឿន ក៏រ៉េចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់តែម្តងទៅ។
លោកបន្តថា ក្រោយពេលក្រឡាប់រថយន្ត គឺជនបង្កមិនបានជូនដំណឹងឱ្យសមត្ថកិច្ចប៉ុស្តិ៍ឃុំ ខ្នាឆ្មារបានដឹងទេ។ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចឃុំខ្នាឆ្មា ហើយកម្លាំងសមត្ថកិច្ចរបស់លោកបានចុះទៅដល់កន្លែងកើតហេតុតែម្តង។
ក្រោយមានហេតុការណ៍ សមត្ថកិច្ចបានស្ទូចរថយន្តយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ហើយលោកបានធ្វើកំណត់ហេតុ បញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំងរួចហើយ៕