កម្លាំង​ការិយា​ល័យ​ប្រឆាំ​ង​គ្រឿង​ញៀន ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ នៅ​ថ្ងៃ​ទី​ ៣០​ ខែ​មិថុនា​ បាន​បញ្ជូន​ប្ដី​ប្រពន្ ធ​​២ នាក់​ ​និង​វត្ថុតាង​ថ្នាំ​ញៀន​ប្រភេទ​ម៉េតំហ្វេតាមីន​ជាង​ ៦ ០០០ គ្រាប់ ទៅកាន់​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ចំណាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ង៉េង សុជា ស្នង​ការ​រង​ខេត្ត​បន្ទាយ​មាន​ជ័យ ទទួល​បន្ទុក​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជន​សង្ស័យ ឈិន សំពៅ អាយុ​ ៥១​ ឆ្នាំ មាន​ទីលំ​នៅ ភូមិ​គាប សង្កាត់​ទឹក​ថ្លា ក្រុង​សិរីសោ​ភ័ណ និងប្រពន្ធ​របស់​គាត់​ឈ្មោះ ទុយ សុធា អាយុ​ ៤៧​ ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​ ២៨ ខែ​ មិថុនា ឆ្នាំ​ ២០២០ បន្ទាប់ពី​សមត្ថ​កិច្ច​ជំនាញ បាន​ចុះ​ឆែក​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉េតំ​ហ្វេតា​មីន​ចំនួន​ ៦ ០០៥ ​គ្រាប់ និង​ម្ស៉ៅ​ថ្នាំញៀន​ប្រភេទ អៃស៍​ម៉េ​តំហ្វេ​តាមីន​ចំនួន​ជាង​ ១០០​ ក្រាម នៅ​ក្នុង​ផ្ទះ​របស់​គាត់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

លោក សុជា បាន​ថ្លែង​ថា​៖«មុន​ពេល​ឈាន​ដល់​ការ​ចុះឆែក​ឆេរ​ផ្ទះ និងចាប់​ខ្លួន​ប្ដី​ប្រពន្ធ​មួយ​គូនេះ​ ក្រុម​សមត្ថ​កិច្ច​ជំនាញបាន​ធ្វើ​ការ​តាម​ដាន​សកម្ម​ភាព​របស់​ពួក​គេអស់​ជាច្រើន​ខែមក​ហើយ ក្រោយ​ពី​ទទួល​បាន​សេចក្ដី​រាយ​ការណ៍​ពី​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ថា ប្ដីប្រពន្ធ​ពីរ​នាក់​នេះ ជាអ្នក​រក​ស៊ីជួញ​ដូរ​គ្រឿង​ញៀន​»។

បើតាម​ការ​រៀប​រាប់​របស់​លោក សុជា មន្ត្រី​ជំនាញ​បាន​អនុវត្ត​វិធាន​ញុះ​ញង់ ដោយ​ដើរ​តួជា​អ្នក​ទិញ​ថ្នាំ​ញៀន​ ពីប្ដី​ប្រពន្ធ​មួយ​គូ​នោះ ដើម្បី​ឲ្យ​ពួក​គេ បញ្ចេញ​មុខ​មាត់​ពិត និង​ដើម្បី​ប្រមូល​ភស្ដុតាង​ពិត​ឲ្យ​បាន​ពីពួក​គេ ហើយ​ជា​លទ្ធផល នៅ​រសៀល​ថ្ងៃ​ទី ២៨ ខែ​ មិថុនា ឆ្នាំ ​២០២០ ក្រុម​មន្ត្រី​ជំនាញ បាន​ចាប់​ឃាត់​​ខ្លួន​ស្ត្រី​សង្ស័យ​ឈ្មោះ ទុយ សុធា នៅ​ចំណុច​ផ្សារ​អូរ​អំបិល​ភូមិ​អូរ​អំបិល សង្កា​ត់​អូរ​អំបិល ក្រុ​ង​សិរីសោ​ភ័ណ។

នៅ​ពេល​ចាប់​ខ្លួន​សមត្ថ​កិច្ច​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​សថ្លា ចំនួន​ ១​ ថង់ និង​ថ្នាំ​ប្រភេទ​គ្រាប់​ពណ៌​ផ្កា​ឈូក​អក្សរ wy ចំនួន​ ១ ​ថង់​ខៀវ ស្មើ​ចំនួន ២០​០​ គ្រាប់​។

បន្ទាប់​មក​សមត្ថ​កិច្ច​បាន​បន្ត​ចុះ​ឆែក​ឆេរ​ផ្ទះស្ត្រី​សង្ស័យ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​គាប សង្កាត់​ទឹក​ថ្លា ក្រុង​សិរីសោ​ភ័ណ ដោយ​បាន​ឃាត់​ខ្លួន​បុរស​ឈ្មោះ ឈិន សំពៅ អាយុ​ ៥១​ ឆ្នាំ ដែល​ត្រូវ​ជាប្ដី​ស្ត្រីស​ង្ស័យ និង​​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅក្រាម​សថ្លា​ចំនួន ៤ កូន​ថង់ និង​ថ្នាំ​ប្រភេទ​គ្រាប់​ពណ៌​ផ្កា​ឈូក​អក្សរ wy ចំនួន ​៣០ ថង់​ខៀវ​ និង​ ៥​ គ្រាប់​ថែម​ទៀត ដែល​សរុប​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ទាំង​អស់​កើន​ដល់​ ៦ ០០០៥​ គ្រាប់ និង​ប្រភេទ​ម្ស៉ៅជាង​ ១០០​ ក្រាម។

លោកបាន​បញ្ជាក់​​ថា៖ ​«ក្រោយ​បញ្ចប់​ការ​សាក​សួរ សមត្ថកិច្ច​នគរ​បាល​ជំនាញ​យើង​បាន​សម្រេច​បញ្ជូន​ខ្លួន​​ប្ដីប្រពន្ធ​ទាំង​ ២​​ ទៅ​កាន់​តុលា​ការ ដើម្បី​ចាត់​ការ​បន្តតាម​នីតិវិ​ធី​ច្បាប់ ដោយ​ចោទ​ប្រកាន់​ពីបទ​ជួញ​ដូរ និង​រក្សាទុក​គ្រឿន​ញៀន​ខុស​ច្បាប់​»។

ជុំវិញ​ករណី​នេះ លោក សេង សម័យ អ្នក​នាំពាក្យ​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃ​ទី ៣០​ ខែ​ មិថុនា​ ថា ជន​សង្ស័យ​ពីរនាក់​ប្ដីប្រពន្ធ​នេះ​ ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ​នាំម​កដល់​តុលាការ​ហើយ​ ប៉ុន្តែ​តុលាការ​នៅ​មិន​ទាន់​ធ្វើ​ការ​ចោទ​ប្រកាន់​ពួក​គេ​នៅឡើយ​ទេ។

លោក​បាន​បញ្ជាក់​ថា៖ «​សំណុំ​រឿង​ប្ដី​ប្រពន្ធ​ទាំង ​២ ​នាក់ កំពុង​ស្ថិត​ក្រោមនីតិ​វិធីនៃ​ការស៊ើបសួរ​របស់​តុលា​ការ​នៅ​ឡើយ»៕