បន្ទាយមានជ័យៈ នគរបាល​ខេត្ត​បន្ទាយមានជ័យ កំពុង​ស្រាវជ្រាវ​រក​មេ​ខ្យល់ ដែល​បាន​រៀបចំ​ផែនការ​បម្រុង​នាំ​ពលករ​ខ្មែរ​ឆ្លង​ដែន​ដោយខុស​ច្បាប់​ទៅ​ប្រទេស​ថៃ បន្ទាប់ពី​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុសស្រី និង កូន​តូច​របស់​ពលករ​ទាំង​នោះ សរុប ចំនួន ៨​នាក់ កាល​ពី​ថ្ងៃ​ទី ១ខែឧសភា នៅ​ត្រង់​ចំណុច​ព្រំដែន កម្ពុជា​ថៃ​ស្ថិត​ក្នុង​ភូមិសង្កែ ឃុំ​បឹងបេង ស្រុកម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ។

អធិការ​នគរបាល​ស្រុក​ម៉ាឡៃ លោក បេន សំអាត បាន​ឲ្យ​ដឹង​ថា ពលករ​ទាំង ៨ នាក់​មាន​ប្រុស ៣ ស្រី ៤ ត្រូវ​បាន​កម្លាំង​នគរបាលការពារ​ព្រំដែន​នៃ​វរសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ ៨១៥ ធ្វើ​ការ​ឃាត់​ខ្លួន​ពេល​ដែល​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ កាល​ពី​រសៀលថ្ងៃ​ទី ១​ខែ​ឧសភា នៅ​ចំណុច​ព្រំដែន កម្ពុជាថៃ​ស្ថិត​ក្នុង​ភូមិ​សង្កែ​ ឃុំបឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

លោកថ្លែងថា៖​«ពេលនេះ កម្លាំង​សមត្ថកិច្ច​យើង​កំពុង​តែ​ស្រាវជ្រាវ​រក​មេ​ខ្យល់ ហើយ​សម្រាប់​ពលករ យើង​បញ្ជូន​ទៅ​ដាក់​មណ្ឌល​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​ ម៉ាឡៃ»។

ពលករខ្មែរ​ប្រុស​ស្រី​ដែល​កម្លាំង​ជំនាញ​ឃាត់​ខ្លួន​បាន ទី១ ឈ្មោះវឿ ឆវន្ត ភេទស្រី អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ម៉ោង​កំព្រីង សង្កាត់​ភ្នៀត ក្រុងសេរីសោភ័ណ្ឌ ខេត្ដ បន្ទាយមានជ័យ។

ទី២​ ឈ្មោះហៀង សុខហេង ភេទស្រី អាយុ២៩ឆ្នាំ ទី៣ ឈ្មោះរៀន តាវ៉ាន់ ភេទ​ប្រុស អាយុ​៨​ឆ្នាំ ទី​៤ ឈ្មោះ សុ នីតា ភេទស្រី អាយុ១ឆ្នាំ អ្នក​ទាំង ៣​នេះ រស់​នៅ​ភូមិ​អន្លង់​ប៉ែន ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

ទី៥ ឈ្មោះ ឆាន សៅលីន ភេទស្រី អាយុ ៣១ឆ្នាំ ទី៦ក្មេងស្រី ឈ្មោះវូ ណាឡែន អាយុ៤ឆ្នាំ និងទី៧ ទារក​ឈ្មោះវូ សិនថាន់ អាយុ ៩ ខែ​ដែល​ជា​កូន​ពលករ​ទាំង​នោះ។ ពួកគេ​រស់​នៅ​ភូមិ​គោក​ក្រសាំង ឃុំ​ស្រះរាំង ស្រុក មង្គលបុរី ខេត្ត បន្ទាយ​មាន​ជ័យ និង ទី៨ ឈ្មោះ ឆន កុសល ប្រុស​ អាយុ ២៤​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃរុង ឃុំ​ដំរី​ពួន​ ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង។

បើ​តាម​លោក បេន សំអាត ដែល​បាន​ស្រង់​សំដី​ពលរដ្ឋ​ម្នាក់​ឈ្មោះ វឿ ឆវ័ន្ត ភេទស្រី បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួកគេ​មក​ស្រុក​ម៉ាឡៃ តាម​មេខ្យល់​ដែល​បាន​ទាក់ទង​គ្នា​តាម​រយៈ​ទូរស័ព្ទ។

លោកថ្លែងថា៖ «ពលរដ្ឋ​បាន​លើក​ឡើង​ថា មេ​ខ្យល់​បាន​ទំនាក់​ទំនង​ឱ្យ​រថយន្ត​ដឹក​ពួកគេ ក្នុង​ម្នាក់​ថ្លៃ​ឈ្លួល រថយន្ត ៧០០​បាត នឹង​មក​ដល់គោល​ដៅ​ក្នុង​ស្រុក ម៉ាឡៃ»។

ពេល​មក​ដល់​គោលដៅ​ហើយ​គេ​ឲ្យ​ចុះ​ពី​លើ​ឡាន​ដើរ​ទៅ​មុខ ដោយ​ខ្លួន​ឯង​ដោយ ប្រាប់​ថា មាន​គេ​នៅ​ចាំ​ទទួល​ខាង​មុខ តែ​ពេល​កំពុង​ធ្វើដំណើរ​ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តែ​ម្តង៕