បន្ទាយមានជ័យៈ នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ គ្រោង​បញ្ជូន​ អតី​ត​ព្រះ​សង្ឃ​មួយ​អង្គ (ក្រោយពី​ផ្សឹក)​ព្រះនាម​ ​ទន់​ ​សាវន ព្រះ​ជន្ម​៥២​ឆ្នាំ​ ដែល​ធ្លាប់​គង់​នៅក្នុង​វត្ត​ចម​សុទ្ធា​វាស​ ស្ថិត​ក្នុង​ក្រុង​សេរី​សោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ទៅ​តុលា​ការ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្រោយ​ពី​បាន​បង្កហិង្សា​​ទៅ​លើ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​កាល​ពី​ថ្ងៃ​ទី​២៤។​

លោក​ សិទ្ធ​ ឡោះ ​ស្នង​ការ​រង​ទទួល​ផែន​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​អាទិត្យ​ថា ព្រះ​សង្ឃ​មួយ​អង្គ​ ព្រះ​នាម​ ទន់​ សា​វន​ ព្រះ​ជន្ម​ ៥២​ ដែល​គង់​នៅ​វត្ត​ចម​សុទ្ធា​វាស​ស្ថិត ​ក្នុង​ក្រុង​សិរី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូវ​បាន​និង​កំពុង​ឃុំ​ខ្លូន​និង​សាកសួរ​ដោយ​កម្លាំង​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​ ដោយ​សង្ស័យ​ថា ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​យក​ដែក​ឆាប​ចាក់​ទៅ​លើស្ត្រី​អាជី​វ​ក​រ​វេ​លុយ​វី​ង​ម្នាក់​ឈ្មោះ ​សេង​ ផល្លា ​អាយុ​៤​៦​ឆ្នាំ​  បណ្តាល​ឲ្យ​របួស​ធ្ងន់​ កាល​ពី​វេលា​ម៉ោង ១០​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​សង្កាត់​និមិត្ត ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ។​

​លោក​​អះ​អាង​ថា ក​ម្លាំ​ងជំនាញ ​អាច​នឹង​បញ្ជូន​ជន​សង្ស័យ​រូបនេះ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ថ្ងៃ​ចន្ទ​។

​លោក​បាន​បញ្ជាក់​ថា​៖​«​យើង​បាន​និង​កំពុង​ដំណើរ​ការ​សាកសួ​រ​នៅ​ក្រុង​ប៉ោយ​ប៉ែត។​ យើង​ឃាត់​ខ្លូន​ជាក់​ស្តែង​តែ​ម្តង​ពាក់​ព័ន្ធ​នឹង​រឿង​ស្នេហា​ត្រី​កោណ។​ យើង​ប្រហែល​ជា​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​តុលា​ការ​នៅ​ថ្ងៃ​ចន្ទ​​»​។​

​យោង​តាម​គេហ​ទំព័រ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​កាល​ពី​ថ្ងៃទី​២​៤ ​ខែ​វិច្ឆិកា​ បាន​ឲ្យ​ដឹង​ថា​ ប្រភព​ពី​សាក្សី​នៅ​ម្តុំ​កន្លែង​កើត​ហេតុ ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​មាន​បញ្ហា​ គេ​បាន​ឃើញ​ស្ត្រី​ម្នាក់​ឈ្មោះ​សេង ​ផល្លា​ បាន​បើក​រថយន្ត​ម៉ាក​ហាយ​ឡិន​ដ័​រ មក​កាន់​ចំណុច​​អូរ​ខៃ​ដន​ នៅ​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ក្រោយ​មក​ស្រាប់​តែមា​ន​ព្រះ​សង្ឃ​ទន់​ សា​វន បាន​ដើរ​ពី​ម្តុំ​គេ​លក់​អីវ៉ាន់​មក​ចូល​ក្នុង​ឡាន​ បាន​មួយ​សន្ទុះ​ក៏​ស្រាប់​តែមាន​ការប្រើ​អំពើ​ហិង្សា​កើត​ឡើង​ ដែល​បង្ក​ដោយ​លោក​សង្ឃ​អង្គ​នេះ​បាន​យក​ដែក​ឆាប​មក​ប៉ង​សម្លាប់​ស្ត្រី​រង​គ្រោះ ​ត្រូវ​បាន​អ្នក​ស្រុក​ឃើញ​ផ្អើល​ឆោ​ឡោ​​ បាន​រាយ​ការណ៍​ជូន​ទៅ​សមត្ថ​កិច្ច​ចុះ​មក​អន្ត​រាគមន៍​និង​ឃាត់​ខ្លួន​ព្រះ​សង្ឃ​អង្គ​នោះ​បាន​ភ្លាម​ៗ​តែ​ម្ត​ង​៕​