សៀមរាប៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយលើ គ្រោង​នឹង​បញ្ជូន​បុរស​ម្នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី​នៅ​ថ្ងៃទី ២ ខែ​ឧសភា​នេះ បន្ទាប់​ពី​បាន​ឃាត់​ខ្លួន​គេ​នៅ​ថ្ងៃទី ៣០ ខែ​មេសា ក្រោម​ការ​សង្ស័យ​ថា បាន​សម្លាប់​ប្រពន្ធ​ខ្លួន រួច​យក​សព​ទៅ​ដុត​ចោល​នៅ​ក្នុង​ភូមិខ្នាក្រៅ ឃុំ​កន្ទួត ស្រុកស្វាយលើ ខេត្ត​សៀមរាប។

អធិការ​នគរបាល​ស្រុក​ស្វាយលើ លោក ស៊ុន អេង បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី ១ ខែ​ឧសភា​ថា ជន​សង្ស័យ​ឈ្មោះ អេង អឿន អាយុ ៥២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នារក្រៅ (ត្រពាំងត្បាល់ ) ឃុំ​កន្ទួត ស្រុក​ស្វាយលើ។ រីឯ​ជន​រងគ្រោះ​ជា​ប្រពន្ធ​ខ្លួន​ឈ្មោះ លី កូលាប អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ខាង​លើ។

បើ​តាម​លោក​អធិការ​នគរបាល​ស្រុក​ស្វាយលើ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ថា បាន​បាត់​ប្រពន្ធ។ ពេល​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ស្រាវជ្រាវ និង​បាន​ដាក់​ការ​សង្ស័យ​លើ​ជន​ជា​ប្តី​ដែល​បាន​ទៅ​ប្តឹង​នោះ ហើយ​ក៏​ហៅ​គាត់​ទៅ​ធ្វើ​ការ​សាកសួរ។

លោក​បាន​បញ្ជាក់​ថា៖ «យើង​មាន​ការ​សង្ស័យ ព្រោះ​បាត់​ប្រពន្ធ​តាំង​ពី​ថ្ងៃទី ២៧ ហើយ​ដល់​ថ្ងៃទី ៣០ ហើយ​ទើប​មក​រាយការណ៍។ អ៊ីចឹង​យើង​ធ្វើ​ការ​ស៊ីបអង្កេត ហើយ​ហៅ​គាត់​មក​សួរ​នាំ​ចឹង​ទៅ​បាន​ដឹង​ថា គាត់​បាន​ធ្វើ​ការ​សម្លាប់​មែន។ ចឹង​សមត្ថកិច្ច​ក៏​សម្រេច​ចាប់​ខ្លួន​គាត់ ដើម្បី​រៀបចំ​សំណុំ​រឿង​តាម​នីតិវិធី»។

លោក ស៊ុន អេង បាន​ឲ្យ​ដឹង​បន្ត​ថា រឿង​ឃាតកម្ម​នេះ កើត​ឡើង​ដោយសារ​តែ​ជនសង្ស័យ​ខឹង​នឹង​ប្រពន្ធ​ខ្លួន ដែល​ទៅ​លេង​ល្បែង​ស៊ីសង​ជា​ប្រចាំ។ លោក​ថ្លែង​ដូច្នេះ​ថា៖ «គាត់​ខឹង​ប្រពន្ធ​គាត់​លេង​ល្បែង​រាល់​ថ្ងៃ​រហូត​ដល់​ទ្រាំលែង​បាន ពេល​ប្រពន្ធ​មក​ផ្ទះ​វិញ ក៏​ច្របាច់​ក​រហូត​ដល់​ដាច់​ខ្យល់​ស្លាប់ ហើយ​អូស​សព​ទៅ​ដាក់​ក្បែរ​ទ្រុង​ជ្រូក រួច​ហើយ​ក្រោយ​មក​ក៏​យក​ទៅ​ចម្ការ​ដុត​ចោល​តែ​ម្តង។ ហ្នឹង​បើ​តាម​ការ​សារភាព​របស់​ជន​សង្ស័យ»។

លោក ស៊ុន អេង បាន​បន្ថែម​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការ​នគរបាល​ខេត្ត​ចាត់​ការ​បន្ត​តាម​នីតិវិធី​នៅ​ថ្ងៃទី ២ ខែ​ឧសភា​នេះ៕