ភ្នំពេញ៖ លោក មុំ សុជាតិ អាយុ ៣៤ ឆ្នាំ ធ្វើការនៅអង្គភាព វេបសាយ កវីភ្នំដែក ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញនៅក្នុងសង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលដែលកំពុងព្យាយាមលួចម៉ូតូមួយគ្រឿង ដែលគ្រោងបញ្ជូនទៅតុលាការនៅថ្ងៃនេះ ឬថ្ងៃស្អែក។
លោក ជា សុវណ្ណ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ មេសាថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ សង្កាត់កាកាប ២ ចាប់ខ្លួន ពេលជនសង្ស័យលួចម៉ូតូអ្នកភូមិ ១ គ្រឿង បម្រុងជិះគេចខ្លួន តែត្រូវប្រជាពលរដ្ឋឃើញហើយចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
លោកថ្លែងថា៖ «សំណុំរឿងរបស់ជនសង្ស័យកំពុងដំណើរការ ហើយប្រសិនបើបញ្ចប់នៅថ្ងៃនេះ (ថ្ងៃទី ២០ មេសា) ទាន់ខ្ញុំបញ្ចូនបន្តទៅតុលាការ តែបើមិនទាន់ទេខ្ញុំបញ្ចូនគេទៅតុលាការនៅថ្ងៃស្អែកនេះ (ថ្ងៃទី ២១ មេសា)»។
លោក សុវណ្ណ ថ្លែងដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យថា មុនកើតហេតុជនសង្ស័យបានឃើញម៉ូតូ ១ គ្រឿង ត្រូវបានម្ចាស់ចតទុកនៅក្បែរផ្ទះ ហើយជនសង្ស័យមើលឃើញគ្មានមនុស្សនៅក្បែរ និងមិនចាក់សោកផងនោះ ក៏ធ្វើសកម្មភាពលួចតែម្តង តែត្រូវប្រជាពលរដ្ឋឃើញ និងដេញចាប់បាន។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សនៃក្រសួងព័ត៌មានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ មេសាថា គេហទំព័រនេះ ឈ្មោះ កវីភ្នំដែក នេះ មានចុះបញ្ជីការនៅក្រសួងព័ត៌មានពិតប្រាកដមែន តែបុគ្គលឈ្មោះ មុំ សុជាតិ ម្នាក់នេះ មិនបានប្រើប្រាស់ប័ណ្ណសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មានទេ។
លោកថ្លែងថា៖ «អង្គភាពនេះមានចុះបញ្ជីការមែន មេគាត់ចេញប័ណ្ណរបស់អង្គភាពគាត់ឱ្យប្រើទេ»។
លោក សុវណ្ណ ថ្លែងថា អ្នកសារព័ត៌មានគួរតែគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ ប៉ុន្តែគ្រាន់តែថា វិជ្ជាជីវៈណាក៏មានការប្រព្រឹត្តខុសដែរ ហេតុនេះបុគ្គលដែលប្រព្រឹត្តខុសនឹងវិជ្ជាជីវៈរបស់ខ្លួន ត្រូវតែទទួលទោសតាមច្បាប់។
លោកថ្លែងថា៖ «ខ្ញុំមិនគាំទ្រនូវទង្វើបែបនេះទេ ហើយប្រសិនបើយើងធ្វើលើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានថា តើយើងគួរតែចងចំណុចនេះដែរ ឬទេ»៕