មណ្ឌលគិរីៈ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីពីម្សិលមិញបាននិងកំពុងសាកសួរជនជាតិចិនចំនួន ២២ នាក់ នៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី ៨ ខែសីហា ក្នុងសណ្ឋាគារមួយនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមន្ត្រីបានអះអាងថា លិខិតឆ្លងដែនរបស់ពួកគេហួសសុពលភាព ប៉ុន្ដែមិនពាក់ព័ន្ធបទល្មើសទេ។
លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីកំពុងបន្តសាកសួរជនជាតិចិនទាំង ២២ នាក់ តាមនីតិវិធីច្បាប់នៅឡើយ ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេរសណ្ឋាគារ ១ កន្លែងស្ថិតនៅក្នុងខេត្តនេះដោយសង្ស័យថា ពួកគេលួចមកស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។
លោក សុខា បានថ្លែងឲ្យដឹងបន្តថា ការចុះឆែកឆេរនេះមន្ត្រីផែននគរបាលអន្តោប្រវេសន៍ខេត្តមណ្ឌលគិរីបានសហការជាមួយមន្ត្រីផែនការងារសន្តិសុខ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីបានរកឃើញជនជាតិចិនទាំង ២២ នាក់ ដែលលួចមកស្នាក់នៅខុសច្បាប់ក្នុងសណ្ឋាគារ ១ កន្លែងនៅខេត្តមណ្ឌលគិរី។
លោក ឡោ សុខា បញ្ជាក់ថា៖ «យើងកំពុងសាកសួរពួកគាត់នៅឡើយ គឺសួរមិនទាន់ចប់ទេ អ៊ីចឹងប្រហែលនៅថ្ងៃទី ១១ ខែសីហា យើងនឹងបញ្ជូនពួកគាត់បន្តទៅនាយកដ្ឋានអន្តោប្រវេសន៍នៅភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។ ក្នុងចំណោមជនជាតិចិនទាំង ២២ នាក់នេះមាន ១០ នាក់មានឯកសារ និងលិខិតឆ្លងដែនត្រឹមត្រូវតាមច្បាប់ ហើយក្រៅពីនេះលិខិតឆ្លងដែនគាត់សុទ្ធតែហួសសុពលភាព តែគាត់មិនទាន់ទៅស្នើសុំបន្តសុពលភាពនៅឡើយ»។
លោកបានឲ្យដឹងទៀតថា ជនជាតិចិនទាំង ២២ នាក់នេះ មិនមានពាក់ព័ន្ធបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ឬបទល្មើសឧក្រិដ្ឋកម្មអ្វីទេ ដោយពួកគេគ្រាន់តែមកស្នាក់នៅដោយគ្មានឯកសារគ្រប់គ្រាន់ពោលគឺពួកគាត់មួយចំនួនមិនទៅបន្តសុពលភាពទិដ្ឋាការរបស់ខ្លួន។ ដូច្នេះអាជ្ញាធរខេត្តមណ្ឌលគិរីត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។
លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យកាលពីថ្ងៃម្សិលមិញមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេ។
ប៉ុន្ដែមន្ត្រីនគរបាលម្នាក់នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យសុំមិនបញ្ចេញឈ្មោះពីម្សិលមិញបានថ្លែងឲ្យដឹងថា ជនជាតិចិនទាំង ២២ នាក់នោះត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរួចរាល់ហើយ ប៉ុន្ដែលោកមិនបានដឹងពីនីតិវិធីបន្តយ៉ាងណាទៀតទេ។ ដោយគ្រាន់តែដឹងថា ពួកគេមកស្នាក់នៅដោយហួសសុពលភាពទិដ្ឋាការ និងគ្មានឯកសារបញ្ជាក់គ្រប់គ្រាន់ ប៉ុន្ដែលោកមិនបានដឹងថា ពួកគេបានជាប់ពាក់ព័ន្ធបទល្មើសឬអត់នោះទេ?
លោកបានឲ្យដឹងទៀតថា សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន កុំព្យូទ័រចំនួន ៣៤ គ្រឿង, Laptopចំនួន ៦ គ្រឿង, USB Flash Drive ចំនួន ៩ គ្រឿង, ស៊ីមទូរស័ព្ទមិនទាន់ប្រើជិត ២០០ ស៊ីម, ក្តារចុចកុំព្យូទ័រចំនួន ២៣ គ្រឿង, រ៉ូឡូភ្លើងចំនួន ១៥ គ្រឿង, ដុំ Wifi ចំនួន ៧ គ្រឿង, ឆ្នាំងសាកទូរស័ព្ទមួយចំនួនធំ, ទូរស័ព្ទដៃចំនួន ១៣៥ គ្រឿង (ថ្មីមិនទាន់ប្រើ ៨ គ្រឿង និងកំពុងប្រើ ១២៧ គ្រឿង) និងប្រាក់ ៤៤៥ ដុល្លារអាមេរិក។ សម្ភារដែលរឹបអូសបានពីពួកគេត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីទាំងអស់ផងដែរ។
លោកបានថ្លែងថា៖ «នៅក្រុងសែនមនោរម្យនេះមិនសូវមានជនជាតិចិនច្រើនទេ ដោយពួកគាត់គ្រាន់តែមកដើរលេងកម្សាន្តហើយសម្រាកនៅ ៤ ឬ ៥ ថ្ងៃប៉ុណ្ណោះ។ រីឯអ្នកជំនួញជាជនជាតិចិនក៏មិនមានដែរ ព្រោះនៅទីនេះមានតែក្រុមហ៊ុនខ្មែរយើងដែលគាត់មកវិនិយោគផ្នែកកសិកម្មតិចតួច តែអត់មានជនជាតិចិនមកបើករោងចក្រកាត់ដេរនៅទីនេះទេ»៕