ភ្នំពេញៈ នគរបាល​ចរាចរណ៍​ផ្លូវគោក និង​មន្ត្រី​ពាក់ព័ន្ធ​ទទួល​បាន​ប្រាក់រង្វាន់​លើក​ទឹកចិត្ត​ម្នាក់ៗ​ចន្លោះ​ពី ២០ ​ម៉ឺន​រៀល​ទៅ ២ ​លាន​រៀល​ក្នុង​ ១ ​ខែ​ពី​ការផាកពិន័យ​បទល្មើស​ក្នុង​ពេល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ២ ​ខែ​ចុងក្រោយ​។

ចំណែក​ការអនុវត្ត​ការបង់ប្រាក់​ពិន័យ​តាម​ស្នាក់ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​មាន​ទឹកប្រាក់​ជាង ៣ ​លាន​ដុល្លារ​។ នេះ​បើ​តាម​ការលើកឡើង​របស់​អគ្គស្នងការ​នគរបាលជាតិ និង​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ការលើក​ឡើង​បែបនេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ឆមាស​ទី​ ១ ឆ្នាំ ២០២០ ​នេះ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ធ្វើ​ឡើង​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្លែងថា នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​ ១ ៦១៩ ​លើក​បណ្ដាល​ឲ្យ​ស្លាប់​ចំនួន ៨១៦ ​នាក់ និង​របួស​ចំនួន ២ ៤៤៩ ​នាក់​។ អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន ១៤៦ ​នាក់​ខេត្ត​កំពង់ធំ ៦០ ​នាក់ និង​ខេត្តកណ្ដាល ៥៩ ​នាក់​។

មូលហេតុ​នៃ​គ្រោះថ្នាក់​ទាំងនេះ​បណា្ដល​មកពី​ការបើកបរ​លើស​ល្បឿន​កំណត់ (៣៣%) មិន​គោរព​សិទ្ធិ (២៣%) មិន​ប្រកាន់​ស្ដាំ (១៤%) ចំណែក​កត្តា​ផ្សេងទៀត​រួមមាន​ការវ៉ាជែង ការបត់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង កត្តា​យានយន្ដ និង​បើកបរ​ទាំង​ងងុយ​។ ក្នុង​រយៈពេល ៦ ខែ​នេះ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​យានយន្ដ​សរុប​ជិត ១ ​លាន​គ្រឿង​ក្នុង​នោះ​ម៉ូតូ​ចំនួន ៦១% ហើយ​បាន​រកឃើញ​យានយន្ដ​ល្មើស និង​ពិន័យ​ចំនួន​ ២៣៤ ១១៤ ​គ្រឿង ស្មើនឹង ២៤% ក្នុង​នោះ​ម៉ូតូ​ចំនួន ៦៥%​។ គ្រោះថ្នាក់​លើ​រថយន្ត​ដឹក​កម្មករ​មាន​ចំនួន ៧ ​លើក​មាន​អ្នកស្លាប់ ៣ ​នាក់ ​អ្នករបួស ២០០​ ​នាក់​។

ចាប់ពី​ខែ​ឧសភា​មក សមត្ថកិច្ច​បាន​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​តាម​អនុក្រឹត្យ​ថ្មី ដែល​កំណត់​ពី​ការផាកពិន័យ​។ នៅក្នុង​រយៈពេល ២ ​ខែ​គឺ​ខែ​ឧសភា និង​មិថុនា សមត្ថកិច្ច​បាន​ធ្វើការ​ពិន័យ​សរុប​ចំនួន ៨៣ ៣៨៦ ករណី​ក្នុង​នោះ​អ្នកបើក​ម៉ូតូ​មាន​ចំនួន​ ៦១ ០២២ ​នាក់ ស្មើ​ ៧៣% និង​រថយន្ដ​ចំនួន​ ២២ ៣៦៤ ​ករណី ស្មើ​ ២៧%​។

លោកស្រី មឹន មាណវី មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ ២ ​ខែ​នេះ​ការអនុវត្ត​ការបង់ប្រាក់​ពិន័យ​តាម​ស្នាក់ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក ទទួល​បាន​ប្រាក់​ពិន័យ​ចំនួន​ជាង ១២ ៥០១ ​លាន​រៀល ឬ​ប្រមាណ​ជាង ៣,១ ​លាន​ដុល្លារ​។ ប៉ុន្តែ​នៅមាន​ប្រាក់​ពិន័យ​ចំនួន ២០ ​ភាគរយ​ទៀត​មិនទាន់​បង់​។

អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ថ្លែង​ក្នុង​ពិធី​បូកសរុប​លទ្ធផល​នេះ​ថា ការថយចុះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ​តែ​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​ធ្វើឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ប្ដូរ​ឥរិយាបថ​មក​គោរព​ច្បាប់​។ លោក​កោតសរសើរ​ដល់​ការដឹកនាំ និង​ការអនុវត្ត​ច្បាប់​នៅ​ភ្នំពេញ ប៉ុន្តែ​បាន​រិះគន់​ការអនុវត្ត​ច្បាប់​នៅ​ខេត្ត​កំពង់ធំ និង​កំពត ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​។

លោក​ថ្លែង​ថា​៖ «​កំពង់ធំ​ជា​រឿង​មួយ​ដែល​គេ​ហៅថា ជា​ការអាម៉ាស់​មួយ​ដ៏ធំ​បំផុត​សម្រាប់​នគរបាល ព្រោះ​ប្រធាន​ចរាចរណ៍​ផ្លូវគោក វា​ស្រវឹង​ហើយ វា​ទៅ​បើក​បុក​សួនច្បារ​ហើយ វា​ជេរ​ចៅហ្វាយ​ខេត្ត​ទៀត​។ អានេះ​វា​អស់តម្រិះ​ហើយ​។ មិន​ចង់​និយាយ​ទេ តែ​ត្រូវតែ​និយាយ​។ នេះ​ជា​រឿង​មួយ​ដែល​ការអនុវត្ត​របស់​បងប្អូន​នៅ​កន្លែង​នោះ​នៅមានកម្រិត​»​។

លោក នេត សាវឿន ថ្លែង​ថា ប្រាក់​ដែល​ទទួល​បាន​ពី​ការផាកពិន័យ ៧០ ​ភាគរយ​ចូលទៅ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ២៥ ​ភាគរយ​ចូលទៅ​អង្គភាព និង ៥ ​ភាគរយ​ចូល​ទៅ​រដ្ឋ​។ ទោះយ៉ាងណា​លោក​ថា ៥ ​ភាគរយ​សម្រាប់​រដ្ឋ​នោះ​ជាក់ស្ដែង​មិន​បាន​ចូលទៅ​រដ្ឋ​ទេ​ព្រោះ​ប្រាក់​នោះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បោះពុម្ព​ឯកសារ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​តាម​បទពិសោធ កងកម្លាំង​នគរបាល​ដែល​អនុវត្ត និង​កម្លាំង​ពាក់ព័ន្ធ ខ្ញុំ​បាន​បូកសរុប​មើល​កម្លាំង​ដែល​អនុវត្ត​ផ្ទាល់​ទាប​បំផុត​ ១ ​ខែ ២០ ​ម៉ឺន​រៀល នេះ​ជា​ប្រាក់រង្វាន់ ហើយ​តិច​ជាង​គេ​នៅ​តាកែវ​។ ច្រើនជាងគេ​នៅ​​ភ្នំពេញ​ក្នុង​ ១ ​នាក់​បាន ២ ​លាន​រៀល​ក្នុង​ ១ ​ខែ​។ នេះ​ប្រាក់​ពិន័យ​»​។

លោកស្រី មឹន មាណវី បាន​កត់សម្គាល់​ឃើញ​មានប្រតិកម្ម​ ២ ​ប្រភេទ​ពី​សំណាក់​សាធារណជន និង​សង្គម​ស៊ីវិល​គឺ​ប្រតិកម្ម​ដែលមាន​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​បែប​អគតិ និង​មាន​និន្នាការ​លម្អៀង​ទៅខាង​ផ្នែក​នយោបាយ និង​ប្រតិកម្ម​បែប​ស្ថាបនា និង​សំណូមពរ​។ ទុទ្ទិដ្ឋិនិយម​ធ្វើ​ឡើង​ក្នុង «​បំណង​ញុះញង់​បំពុល​បរិយាកាស​សង្គម​ប្រឆាំង​នឹង​ចំណាត់ការ​របស់​សមត្ថកិច្ច និង​រាជរដ្ឋាភិបាល ដោយ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ឬ​គេហទំព័រ​ប្រឌិត​ព័ត៌មាន រូបភាព​ក្លែងក្លាយ វាយប្រហារ​ទៅលើ​សមត្ថកិច្ច និង​រាជរដ្ឋាភិបាល​»​។

ការរិះគន់​នេះ​ធ្វើ​ឡើង​ដោយ​លើក​ហេតុផល​ថា ការផាកពិន័យ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ក្រីក្រ ឬ​ការកំណត់​ពេល​អនុវត្ត​រឹតបន្ដឹង​ច្បាប់​ដោយ​បង្ខំ ក្នុង​ខណៈ​ពេល​ជួប​វិបត្តិ​កូវីដ​១៩​។ សមត្ថកិច្ច​បាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ការផ្សព្វផ្សាយ​បំពុល​ដោយ​បាន​កោះហៅ​មនុស្ស ៩ ​នាក់​មក​បំភ្លឺ ហើយ​ពួកគេ​បាន​សារភាព​ទទួលស្គាល់​កំហុស និង​សន្យា​កែប្រែ​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា គ្រោះថ្នាក់​តែង​ធ្លាក់ចុះ​នៅពេល​មាន​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​លើក​ទឹកចិត្ត​ឲ្យ​បន្ត​ការរឹតបន្តឹង​នេះ​ដោយ​ភាពម៉ឺងម៉ាត់ ទូលំទូលាយ​មាន​តម្លាភាព និង​ស្មើភាព​។

លោក​ក៏​ស្នើ​ដល់​សមត្ថកិច្ច​ឲ្យ​មាន​ការអប់រំ​ផ្សព្វផ្សាយ​ភ្ជាប់​ទៅ​ជាមួយ​ការអនុវត្ត​ច្បាប់​នេះ ព្រោះ​ពេល​អនុវត្ត​ច្បាប់​តែង​មាន​ការរិះគន់ ដែល​ពេល​ខ្លះ​ដោយសារ​តែ​កំហុស​របស់​ពលរដ្ឋ ហើយ​ពេលខ្លះ​ក៏​អាច​បណ្ដាល​មកពី​សមត្ថកិច្ច​ដែល​ក៏​គួរ​ពង្រឹង​វិជ្ជាជីវៈ និង​គុណធម៌​ដល់​ពលរដ្ឋ​៕