កណ្តាលៈ នគរបាលខេត្តកណ្តាល កាលពីម្សិលមិញ បានចាប់ឃាត់ខ្លួនបុរសម្នាក់ ដែលប្រើកាំបិតប៉័ងតោ កាប់ទៅលើប្រពន្ធរបស់មិត្តភក្តិខ្លួន និងកូនស្រីរបស់មិត្តភក្តិ ២ នាក់ ឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១ នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ដោយសារ តែខឹងស្ត្រីរងគ្រោះរអ៊ូរទាំថា ឱ្យប្តីរឿងផ្តុំគ្នា «ផឹកស៊ី»។
របាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចន សុវណ្ណ ចាន់តុកុល ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ។
បច្ចុប្បន្នជនសង្ស័យស្នាក់នៅកន្លែងធ្វើការសំណង់ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានគ្នា ៣ នាក់ ឈ្មោះ សុខ ចាន់ឌី អាយុ ៣២ ឆ្នាំ ត្រូវជាម្តាយ រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី។ ចំណែកកូន ២ នាក់ ឈ្មោះ រស្មី ស្រីយ៉ា ភេទស្រី អាយុ ១៣ ឆ្នាំ និង ឈ្មោះ រស្មី សូជីញ ភេទស្រី អាយុ ៨ ឆ្នាំ ក៏រងរបួសធ្ងន់ដែរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យបានផឹកស៊ីជាមួយប្ដីស្ត្រីរងគ្រោះឈ្មោះ ផាន ភក្តី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ។ នៅពេលផឹកអស់ស្រា និងអស់សាច់ក្លែម ប្តីស្ត្រីរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅទិញស្រា និងសាច់ក្លែម ឃើញឱកាសបែបនេះជនសង្ស័យក៏បានកាប់លើស្ត្រីរងគ្រោះតែម្តង។ មូលហេតុដោយសារតែពេលជនសង្ស័យកំពុងផឹកស្រាជាមួយប្ដី ឮស្ត្រីរងគ្រោះនៅក្រោមផ្ទះ បានរអ៊ូរទាំជេរប្ដីមិនឱ្យផឹកស្រាជាមួយខ្លួន។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនរួមទាំងវត្ថុតាង។
លោក វង សែ នាយផ្នែកសេនាធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា បន្ទាប់ពីចាប់ខ្លួននៅផ្ទះរបស់ជនសង្ស័យ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ នគរបាលនឹងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃនេះ។
លោកបញ្ជាក់ថា៖ «ជនសង្ស័យបានប្រើកាំបិតបុ័ងតោកាប់លើស្ត្រីរងគ្រោះ និងកូនស្រីទាំង ២ នាក់បណ្តាលឱ្យរងរបួសធ្ងន់»។ ប៉ុន្តែលោក វង សែ មិនបានបញ្ជាក់ថា កាប់ចំនួនប៉ុន្មានកាំបិតនោះទេ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាយល់ឃើញថា អំពើហិង្សាដែលនៅតែបន្តកើតឡើងជាបន្តបន្ទាប់ស្ទើតែជារៀងរាល់ថ្ងៃ នៅក្នុងសង្គមគឺដោយសារតែការអភិវឌ្ឍខាងផ្នែកស្មារតី ឬសីលធម៌នៅក្នុងសង្គមនៅមានកម្រិតទាបនៅឡើយ។
លោកបន្តថា នៅពេលប្រជាពលរដ្ឋមិនមានតុល្យភាពក្នុងការរីកចម្រើនផ្នែកស្មារតីឱ្យទាន់ទៅនឹងការរីកចម្រើននៃសង្គមនាំឱ្យមានការកើនឡើងនូវអំពើហិង្សា ឬទង្វើអសីលធម៌ក្នុងសង្គម។
លោក ច័ន្ទរឿន បញ្ជាក់ថា៖ «មានន័យថា ប្រជាពលរដ្ឋយើងទទួលបានតែការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ឬក៏សម្ភារទេ ប៉ុន្តែការអភិវឌ្ឍដុសខាត់ខាងផ្នែកស្មារតីនៅទាបនៅឡើយ។ ហេតុនេះហើយ ទើបយើងតែងតែឃើញអំពើហិង្សាកើតឡើងនៅក្នុងសង្គមជារឿយៗ ជាពិសេសទម្រង់នៃអំពើហិង្សានោះ ករណីខ្លះឃោរឃៅហួសប្រមាណ»។
បើតាមលោក ប៉ា ច័ន្ទរឿន នៅក្នុងប្រព័ន្ធអប់រំរបស់កម្ពុជានៅថ្នាក់ចំណេះដឹងទូទៅមានមុខវិជ្ជាសីលធម៌ ពលរដ្ឋវិជ្ជា ប៉ុន្តែការអប់រំជាក់ស្តែងទាំងខ្លឹមសារ និងគុណភាពនៃការអប់រំ គឺនៅមានកម្រិតនៅឡើយ។ ជាមួយគ្នានោះស្ថាប័នដែលជាគ្រឹះសម្រាប់បណ្តុះបណ្តាលផ្លូវវិញ្ញាណរបស់សង្គម តួយ៉ាងដូចជាស្ថាប័នសាសនាក៏មានការអន់ថយគុណតម្លៃនៃការគោរពប្រតិបត្តិផងដែរ៕