កណ្តាលៈ មន្ត្រី​នគរបាល​ចាប់​បុរស​ជា​កសិករ​ម្នាក់​អាយុ​ ៣៣ ​ឆ្នាំ​ឈ្មោះ ផាត់ តឿ ស្ថិត​នៅ​ក្នុង​ភូមិ​ពាមប្រជុំ ឃុំ​ព្រែកអំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល ក្រោយពី​បាន​ចាប់​រំលោភ​ផ្លូវភេទ កូនស្រី​បង្កើត​រហូត​មាន​ផ្ទៃពោះ​ ៥ ​ខែ​ទើប​បាន​ដឹង​ដល់​ម្ដាយ​ដែល​នាំ​ឲ្យ​ចាប់​ខ្លួន​ជន​ជា​ប្ដី​នេះ​។

លោក សា រ៉ាវ័ន្ដ អធិការរង​ស្រុក​ស្អាង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ជនសង្ស័យ​នេះ​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ឃាត់​ខ្លួន​នៅ​ថ្ងៃទី​ ២៨ ខែ​សីហា ហើយ​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ដ ដើម្បី​បន្ដ​នីតិវិធី​តាម​ផ្លូវ​ច្បាប់​។

លោក រ៉ាវ័ន្ត បាន​ថ្លែង​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុក​ចាប់​បង្ខំ​រំលោភ​កូនស្រី​បង្កើត​នេះ​ឈ្មោះ ផាត់ តឿ ភេទ​ប្រុស អាយុ​ ៣៣ ​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​លំនៅ​ភូមិ​ពាមប្រជុំ ឃុំ ព្រែកអំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ ជនរងគ្រោះ​ជា​កូនស្រី​មាន​អាយុ​ទើប​ ១២ ឆ្នាំ​ប៉ុណ្ណោះ​មាន​មុខរបរ​ស៊ីឈ្នួល​ប៉ាក់ស្បៃ រស់នៅ​ជាមួយ​ឪពុកម្ដាយ​។

យោង​តាម​កំណត់ហេតុ​របស់​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា​កាលពី​ខែ​​កក្កដា ២០១៧ វេលា​ម៉ោង​ ៧ ​យប់ នៅ​ពេល​ដែល​ជនសង្ស័យ​មក​យក​កូន​ (​ជនរងគ្រោះ​) ចេញ​ពី​ស៊ីឈ្នួល​គេ​វិញ ជនសង្ស័យ​បាន​យក​ទូក​មក​ចម្លង​កូន ពេល​នោះ​ជនសង្ស័យ​បាន​លួងលោម​រួម​ភេទ​ជាមួយ​កូន តែ​កូន​មិន​ព្រម​រួច​គំរាម​ថា «​បើ​មិន​ព្រម​ឲ្យ​អញ អញ​វ៉ៃ​ងាប់​ឥឡូវ​។ ពេល​រំលោភ​រួច កូនស្រី​និយាយ​ថា​ចាំមើល​ទៅ​ដល់​ផ្ទះ​ខ្ញុំ​ប្រាប់​ម៉ែ ពេល​នោះ​ជនសង្ស័យ​គំរាម​ថា បើ​ហ៊ាន​ប្រាប់​ម៉ែ​ហ្អែង​អញ​សម្លាប់​ចោល​»​។

របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយមក​ជនសង្ស័យ​តែងតែ​រំលោភ​កូនបង្កើត​ខ្លួនឯង​ជា​បន្តបន្ទាប់​ដោយ​គំរាម​កូន​មិន​ឲ្យ​និយាយ​ប្រាប់​ម្ដាយ និង​អ្នក​ដទៃ​ឡើយ​។ បើ​ហ៊ាន​និយាយ​នឹង​សម្លាប់​ចោល​។

រហូត​ដល់​ថ្ងៃទី​ ២៨ ខែ​សីហា ឆ្នាំ​ ២០១៨ វេលា​ម៉ោង​ ១២ និង​ ៣០ នាទី​រសៀល ជនរងគ្រោះ​បាន​និយាយ​ប្រាប់​ម៉ែ​អំពី​ការបាត់​រដូវ​របស់​នាង​រយៈពេល​ ៣ ​ខែ​ហើយ​ភ្លាម​នោះ​ម្ដាយ​ជនរងគ្រោះ​បាន​ទៅ​ទិញ​ឧបករណ៍​ពិនិត្យ​ទឹកនោម​។ ពេល​ទិញ​បាន​ហើយ​ក៏​ធ្វើការ​ពិនិត្យ​ទឹកនោម​ឃើញ​ថា កូនស្រី​មាន​ផ្ទៃពោះ រួច​ក៏​សួរ​កូន​ពី​ទំនាក់ទំនង​ដែល​នាំ​ឲ្យ​មាន​ផ្ទៃពោះ​។ ជា​លទ្ធផល​ពេទ្យ​ពិនិត្យ​ឃើញ​ថា ជនរងគ្រោះ​មាន​ផ្ទៃពោះ​រយៈពេល​ ៥ ​ខែ ទើប​ឈាន​ដល់​ការ​ប្ដឹង​ទៅ​នគរបាល​។

លោក សា រ៉ាវ័ន្ដ ថ្លែង​ថា​៖ «​ក្រោយពី​យើង​ឃាត់​ខ្លួន​បាន​ហើយ​ហើយ​បាន​សាកសួរ​មក​យើង​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ដ​កណ្ដាល​ហើយ​ដើម្បី​បន្ដ​នីតិវិធី​តាម​ផ្លូវ​ច្បាប់​»៕