ក្រចេះ/ភ្នំពេញៈ កម្លាំងនគរបាលកាលពីម្សិលមិញ បានចាប់ខ្លួនបុរស ២ នាក់ ពាក់ព័ន្ធអំពើឃាតកម្មទៅលើប្រពន្ធរបស់ខ្លួនកាលពីដើមខែសីហា ដែលបានប្រព្រឹត្តនៅក្នុងតំបន់ផ្សេងពីគ្នា។ បុរសម្នាក់ក្នុងចំណោមនេះនឹងត្រូវបញ្ជូនទៅទៅកាន់តុលាការនៅថ្ងៃព្រហស្បតិ៍នេះ។
ក្រចេះ ជនសង្ស័យដែលកាប់ប្រពន្ធស្លាប់នៅភូមិអូរឫស្សី ២ សង្កាត់អូរឫស្សី ក្រុងខេត្ត ក្រចេះកាលពី ថ្ងៃទី ៥ ខែ សីហា ត្រូវនគរបាលក្រុងក្រចេះ ចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី ៧ សីហា នៅភូមិ-ឃុំ អូរគ្រៀង ស្រុក សំបូរ ខេត្តក្រចេះ បន្ទាប់ពីរត់គេចខ្លួនបាន ២ ថ្ងៃ។
លោក ប៉ាង យូហុក អធិការរងនគរបាលក្រុងក្រចេះ ប្រាប់ពីម្សិលមិញថា ជនសង្ស័យឈ្មោះ សំ សុភ័ក្រ្តា ហៅ សុភក្រ អាយុ ៣១ ឆ្នាំ រីឯ ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ គង់ ស្រីតូច អាយុ ២៧ ឆ្នាំ មានកូនប្រុសអាយុ ៥ ឆ្នាំម្នាក់ និងកូនស្រីអាយុ ៤ ឆ្នាំម្នាក់ រស់នៅភូមិសង្កាត់ខាងលើ។ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានហើយកាលពីព្រឹក ថ្ងៃទី ៧ សីហា។
លោកប្រាប់ថា៖ «ជនសង្ស័យ សមត្ថកិច្ចជំនាញរបស់ខ្ញុំកំពុងសួរយកចម្លើយសិន ដើម្បីធ្វើកំណត់ហេតុ មុននឹងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ»។
លោកប្រាប់ថា ជនសង្ស័យក្រោយពីធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធរបស់ខ្លួន កាលពីយប់ថ្ងៃទី ៥ សីហានោះមក ត្រូវកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានក្រុងក្រចេះតាមជាប់រហូតដល់ថ្ងៃទី ៧ សីហា ទើបសមត្ថកិច្ចចាប់បានបន្ទាប់ពីជនសង្ស័យបានរត់គេចទៅលាក់ខ្លួននៅផ្ទះមិត្តភក្តិក្នុងភូមិសាស្រ្តស្រែត្រែង ស្ថិតក្នុងភូមិឃុំខាងលើ។
លោក នេត លីន អធិការនគរបាលក្រុងក្រចេះ បានប្រាប់ថា មូលហេតុនៃការកាប់សម្លាប់ស្រ្តីរងគ្រោះនេះ សមត្ថកិច្ចរបស់លោកបានដាក់ការសន្និដ្ឋាន ២ ដែលករណីទី១ គឺដោយសារ ២ នាក់ប្តីប្រពន្ធនេះ តែងមានជម្លោះនៅក្នុងគ្រួសារ និងករណីទី ២ បណ្តាលមកពីជនសង្ស័យ ប្រចណ្ឌនឹងស្រ្តីរងគ្រោះជាប្រពន្ធរបស់ខ្លួន។ តាមសម្តីសាច់ញាតិស្រ្តីរងគ្រោះថា ពួកគេបានរៀបការជាមួយគ្នាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេចេះតែឈ្លោះ គ្នាព្រោះជនសង្ស័យប្រចណ្ឌនឹងស្រ្តីរងគ្រោះរហូត មានការលែងលះគ្នាមួយលើកជា ២ លើកទៀតផង តែជនសង្ស័យមិនព្រមលែង។
អំឡុងពេល ២ ទៅ ៣ ថ្ងៃមុនកើតហេតុរវាងជនសង្ស័យនិង ស្រ្តីរងគ្រោះមិនបានរស់នៅជាមួយគ្នាទេ។ លុះនៅយប់ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៩ ស្រ្តីរងគ្រោះបានជិះម៉ូតូម្នាក់ឯងទៅទិញទឹកក្រឡុកយកមកឲ្យកូនផឹក។ ស្រាប់តែពេលត្រឡប់មកផ្ទះវិញ ខណៈស្រ្តីរងគ្រោះជិះម៉ូតូតាមផ្លូវស្ងាត់ម្នាក់ឯង ស្រាប់តែជនសង្ស័យចេញពីក្នុងព្រៃរបោះហើយកាប់ស្រ្តីរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ រីឯជនសង្ស័យបានរត់គេចខ្លួនបាត់។
លោកបន្តថា ក្រោយកើតហេតុកម្លំាងសមត្ថកិច្ចរបស់លោកបានចុះពិនិត្យមើលសាកសពឃើញមានស្នាមកាប់នឹងកាំបិតត្រូវត្រង់ ក និងត្រូវកញ្ចឹង ក ពីក្រោយស្នាមកាប់ ត្រូវដៃទាំងសងខាង និងស្នាមកាប់នៅលើដងខ្លួនជាច្រើនកាំបិតទៀតផង។ នៅកន្លែងកើតហេតុនោះដែរ ឃើញមានកាំបិតផ្គាក់ចំនួន ១ ប្រឡាក់ឈាមដែលជាវត្ថុតាងបង្កបទល្មើសរបស់ជនសង្ស័យ ។
ទោះបីយ៉ាងណា បើតាមមន្រ្តីនគរបាលមួយរូប នៃអធិការដ្ឋាននគរបាលក្រុងក្រចេះដែលមិនឲ្យបញ្ចេញឈ្មោះប្រាប់ថា ជនសង្ស័យជាមនុស្សមិនធ្វើការងារអ្វីទេ មិនតែប៉ុណ្ណោះ ថែមទាំងជក់គ្រឿងញៀនទៀតផង។
ដោយសារតែជនសង្ស័យ មិនជួយរកស៊ីចិញ្ចឹមកូនប្រពន្ធនោះទើបស្រ្តីរងគ្រោះសុំជនសង្ស័យលែងលះគ្នា ដោយប្តឹងដល់អាជ្ញាធរក្រុងក្រចេះផង តែជនសង្ស័យមិនព្រមផ្តិតមេដៃឲ្យស្រ្តីរងគ្រោះ រហូតកើតមានជាការកាប់សម្លាប់បែបនេះ។
ភ្នំពេញ ដោយឡែកបុរសម្នាក់ក៏នឹងត្រូវ បញ្ជូនទៅតុលាការនៅថ្ងៃទី ៨ សីហា នេះ ពាក់ព័ន្ធ វាយសម្លាប់ប្រពន្ធនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីថ្ងៃទី ៥ សីហា។ បុរសជាប្តីរូបនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃទី ៥ សីហា ដោយសារជនសង្ស័យ វាយប្រពន្ធរបស់ខ្លួននឹងដៃបណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ជួល ។
លោក ជា សុវណ្ណ អធិការរងនគរបាល ខណ្ឌ ពោធិ៍សែនជ័យ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ពីម្សិលមិញថា បុរសជា ជនសង្ស័យឈ្មោះ ផង់ សំណាង អាយុ ២៣ ឆ្នាំ រីឯ ស្រ្តីរងគ្រោះឈ្មោះ នុយ វណ្ណារី អាយុ ២៣ ឆ្នាំ មានមុខបរជានារីបម្រើក្នុងហាងខារ៉ាអូខេ។
លោកបានថ្លែងថា៖ «ជនសង្ស័យរូបនេះ សមត្ថកិច្ចរបស់ខ្ញុំបានបញ្ចប់នីតិវិធីស៊ើបសួរហើយ ថ្នាក់លើបានចុះហត្ថលេខា ឲ្យបញ្ជូនជនសង្ស័យបន្តទៅតុលាការ»។
លោកប្រាប់តាមសម្តីគ្រួសារស្រ្តីរងគ្រោះថា រវាងជនសង្ស័យ និងនារីរងគ្រោះបានស្រឡាញ់គ្នា តែមិនបានរៀបការទេ ហើយពួកគេតែងតែឈ្លោះគ្នាជាញឹកញាប់ ដោយជនសង្ស័យប្រើអំពើហិង្សាលើស្រ្តីរងគ្រោះទៀតផង។
លោកបន្តថា លុះនៅថ្ងៃទី ៥ សីហា ជនសង្ស័យបានវាយស្រ្តីរងគ្រោះបណ្តាលឲ្យត្រូវភ្នែកខាងស្តាំ និងបាក់ក្តោងច្រមុះ បណ្តាលឲ្យស្រ្តីរងគ្រោះសន្លប់ ហើយបន្ទាប់ពីវាយរួច ជនសង្ស័យបានដើរចេញពីបន្ទប់។ ពេលនោះ ស្រ្តីម្នាក់ជាបងបង្កើតរបស់ស្រ្តីរងគ្រោះបានចូលទៅមើលស្រ្តីរងគ្រោះ ស្រាប់តែឃើញស្លាប់បាត់ទៅហើយ ហើយប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យតែម្តង។
លោកបន្តថា៖ «នារីរងគ្រោះខ្ញុំមិនជឿថា គ្រាន់តែវាយនឹងដៃស្លាប់ទេតែអាចមកពីនារីរងគ្រោះត្រូវជនសង្ស័យវាយធ្វើបាបកន្លងមក ហើយនាងគ្រាំក្នុង»៕