ភ្នំពេញៈ នគរបាល​២​រូប នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ឃាត់​ខ្លួន​សាកសួរ នៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​ករណី​ផ្ទុះអាវុធ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​លេង​អាប៉ោង បណ្តាល​ឲ្យ​ត្រូវ​បុរស​ម្នាក់​ស្លាប់ ខណៈ​ក្រុម​គ្រួសារ ក៏បាន​ទទួល​សំណង​មួយចំនួន​ពី​អាជ្ញាធរ​ខណ្ឌ​ផងដែរ​។

លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា មន្ត្រី​នគរបាល​២​រូប ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ ត្រូវបាន​សាកសួរ ទាក់ទិន​នឹង​ករណី​ផ្ទុះ​អាវុធ​នេះ​។

លោក​ថ្លែងថា ការបង្ក្រាប​ល្បែង​ជល់​មាន់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​នេះ «​មិនមែនជា​ចេតនា ក្នុង​ការ​ធ្វើឃាត​មនុស្ស​ទេ​»​។

លោក​បន្តថា​៖«​វិធានការ​ច្បាប់​គឺ​យើង​បាន​ឃាត់​មន្ត្រី​នគរបាល​ ២ ​រូប​ជាម​ន្ត្រី​នៅ​អធិការដ្ឋាន​..នៅ​ជាប់​ឃុំឃាំង ថ្វី​ដ្បិត​គាត់​ជា​សមត្ថកិច្ច ចុះបង្ក្រាប​បទល្មើស​មែន​ប៉ុន្តែ​ពេល​ដែល​វា​គ្រោះថ្នាក់​ដល់​មនុស្ស​អ៊ីចឹង​គឺ​យើង​បើក​ការ​អង្កេត​ចប់​សព្វ​គ្រប់​ហើយ​។

លោក​បន្តថា​៖«​អង្គហេតុ​យើង​ពិនិត្យ​ឃើញ​ហើយ គឺជា​កិច្ច​ប្រតិបត្តិការ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ហើយ​ការ​ផ្ទុះ​អាវុធ​ក្នុង​ប្រតិបត្តិការ គឺ​ដើម្បី​គំរាម​ស្មារតី​ជនល្មើស​ឲ្យ​នៅ​ឲ្យ​ស្ងៀម ឲ្យ​ប្រតិបត្តិការ​របស់​មន្ត្រី​ទទួល​បាន​ជោគជ័យ​គ្មាន​គោល​បំណង​បាញ់​ប្រហារ​នរណា​ម្នាក់​ទេ​»​។

បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់ បាន​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់ ខណៈ​កំពុង​នៅ​ក្នុង​បន្ទប់​ជួល ជាមួយ​ប្រពន្ធ​នៅ​ជាន់​ទី ៣ នៅ​ពេល​ដែល​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​លេង​អាប៉ោង បាន​ប្រើ​កាំភ្លើង​បាញ់​រះ​ឡើង​លើ​ជាង ១០ គ្រាប់ ស្ថិត​ក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​អាទិត្យ ទី​២១ ខែមករា​។

បុរស​ជា​ជន​រងគ្រោះ​ឈ្មោះ សៀក សារ៉ន អាយុ ៣៣ ឆ្នាំ មក​ពី​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ត្រូវ​គ្រាប់​កាំភ្លើង​របស់​នគរបាល ២ គ្រាប់ ដែល​មួយ​គ្រាប់​ត្រូវចំ​បំពង់ក និង​មួយ​គ្រាប់​ទៀត ត្រូវ​អំបែង​គ្រាប់​ចំ​ដៃស្តាំ ហើយ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​។

ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ ណុប សុផានី អាយុ ២៧ ឆ្នាំ បាន​ស្រែក​ទ្រហោយំ​បណ្តើរ​និយាយ​បណ្តើរ​នៅ​នឹង​កន្លែង​តម្កល់​សព​នៅ​វត្ត​ពោធិ៍ចិនតុង​ កាលពី​ថ្ងៃ​អាទិត្យ​ថា​៖ «​ខ្ញុំ​មិន​សុខចិត្ត​ទេ​...​ឲ្យ​ខ្ញុំ​ធ្វើ​អី​ក៏​ធ្វើ​ដែរ ឲ្យ​តែ​ប្តី​ខ្ញុំ​រស់​វិញ​។ ប្តី​ខ្ញុំ​នៅ​សុខៗ ហេតុ​អី​គេ​បាញ់​ប្តី​ខ្ញុំ​?»​។

បង​ថ្លៃ​ជនរងគ្រោះ ឈ្មោះ ណុប ចាន់ថា ឲ្យ​ដឹងថា មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​បាន​យក​ថវិកា​មួយ​ចំនួន​មក​ជូន​ដល់​គ្រួសារ​ពួក​គាត់​គឺ​ក្នុង​ការ​ចង់ ​«​សម្រប​សម្រួល​សង​ជំងឺ​ចិត្ត​» ចំនួន ៨០០០ ដុល្លារ​។

លោក​បន្ត​ថា ៖ «​យើង​មិន​ចង់​រករឿង​អី​ធំដុំ​ទេ​សំខាន់​គឺ​ឲ្យ​គាត់​ទទួល​ខុស​ត្រូវ​លើ​គ្រួសារ និង​កូនៗ​(​ជន​រងគ្រោះ​)»​។

ទោះ​យ៉ាង​ណា​លោក​ចាន់​ថា ថ្លែងថា ការ​សម្រប​សម្រួល​យក​លុយ​នេះ​មិន​មែន​បញ្ចប់​រឿង​ឬ​«​យក​ជីវិត​ទៅ​ប្តូរ​នឹង​លុយ​» នោះទេ​គឺ​ដើម្បី​យក​ទៅ​ដោះស្រាយ​ចិញ្ចឹម​កូន​ជន​រងគ្រោះ​ប៉ុណ្ណោះ​។

ជន​រងគ្រោះ​បាន​ស្លាប់​ចោល​កូន​ ២ ​នាក់​ម្នាក់​ប្រុស​អាយុ ២​ ឆ្នាំ និង​ម្នាក់ទៀត​ស្រី​អាយុ​ ៥ ​ឆ្នាំ​៕