ភ្នំពេញៈ នគរបាល​ជាតិ​កំពុង​ប្រមូល​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ទ្រព្យ​សម្បត្តិ​របស់​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១១៨ រូប ខណៈ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ថា​ការ​រឹបអូស​ទ្រព្យសម្បត្តិ​អាច​នឹង​ធ្វើ​ឡើង​ប្រសិន​បើ​មន្ត្រី​​គណបក្ស​ទាំង​នោះ​នៅ​បន្ត​ធ្វើ​សកម្មភាព​ «​បដិវត្តន៍​ពណ៌​របស់​ពួកគេ​»​ នៅ​បរទេស​។

សមាជិក​ជាន់​ខ្ពស់​ចំនួន ១១៨ រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​បន្ទាប់ពី​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ស្ទើរ​ពាក់​កណ្តាល​ប្រទេស​នេះ​ដោយ​ចោទប្រកាន់​ថា​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​។

របាយការណ៍​នគរបាល​ជាតិ​សម្រាប់​ខែ​ធ្នូ​មាន​មួយ​ឃ្លា​បាន​សរសេរ​ថា​ខ្លួន​ត្រូវ​ការ​ធ្វើឲ្យ​មាន​វឌ្ឍនភាព​ទៅ​លើ​ការ​ស៊ើបអង្កេត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ «១១៨» ​រូប​តាមរយៈ​ «​ការ​វិភាគ និង​វាយតម្លៃ​» ​ធនធាន​ហិរញ្ញវត្ថុ​របស់​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​សកម្មភាព​អវិជ្ជមាន​។

អត្ថបទ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​បន្ត​ផ្តោត​លើ​សន្តិសុខ​ជាតិ​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ប្រមូល​ព័ត៌មាន ការ​វិភាគ និង​ការ​វាយ​តម្លៃ​ធនធាន​ហិរញ្ញវត្ថុ​របស់​អ្នក​ដែល​មាន​គោលដៅ​អវិជ្ជមាន​ចំពោះ​ប្រទេស​ជាតិ និង​រដ្ឋាភិបាល​» នឹង​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ក្រោម​សកម្មភាព​បន្ត​សម្រាប់​ខែ​មករា​ឆ្នាំ​ ២០១៨ នេះ​។

ដំណើរ​វិវឌ្ឍន៍​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​អំពាវនាវ​ពី​ក្រុម​សហជីព​គាំទ្រ​រដ្ឋាភិបាល​ដែល​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បង្កក​ទ្រព្យសម្បត្តិ​បិទ​លិខិត​ឆ្លងដែន និង​ហាមប្រាម​ការ​ផ្ទេរ​លុយ និង​ព្យួរ​គណនី​ធនាគារ​របស់​អតីត​អ្នក​នយោបាយ​ទាំង ១១៨ នាក់​នោះ​ចំពោះ​ការ​ព្យាយាម​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​បរទេស​ឲ្យ​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការ​ស៊ើបអង្កេត​ទៅ​លើ​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គ្រាន់​តែ​ជា​ការ​បន្ត​បង្ក្រាប​ទៅ​លើ​បដិវត្តន៍​ពណ៌។

កាលពី​ថ្ងៃ​អាទិត្យ​លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា​ខណៈ​បដិវត្តន៍​ត្រូវ​បាន​បង្ក្រាប​មជ្ឈដ្ឋាន​អមិត្ត​នៅ​តែ​កំពុង​បន្ត​ឃុបឃិត​គ្នា​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។ ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​ «​ជ័យជម្នះ​៧​មករា​» លើ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​។

លោក​ សុភ័គ បាន​ថ្លែង​ទៀត​ថា​៖ «​អ្នក​ដែល​បាន​បំពាន​ច្បាប់​សាលដីកា​បាន​ព្យួរ​សិទ្ធិ​នយោបាយ​របស់​ពួកគេ ប្រសិន​បើ​ពួកគេ​នៅ​តែ​បន្ត​ការ​ប៉ុនប៉ង​យើង​នឹង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​»​។

លោក​បន្ត​ថា​៖ «​យើង​នឹង​ពិចារណា​អំពី​វា​ឧទាហរណ៍ ថា​តើ​នរណា និង​ថា​តើ​ពួកគេ​មាន​លុយ​នឹង​នៅ​ក្នុង​ធនាគារ​។ នេះ​គឺ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ពី​បរទេស​»​។

ជា​ថ្មី​ម្តង​ទៀត​លោក​ សុភ័គ ​បាន​ចង្អុល​ទៅ​កញ្ញា កឹម មនោវិទ្យា កូនស្រី​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​សមាជិក​សង្គម​ស៊ីវិល លោក ប៉ា ងួនទៀង ថា​ជា​គោលដៅ​សក្តានុពល​ដោយសារ​ពួកគេ​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​បរទេស​។

លោក សុភ័គ ថ្លែង​ថា​៖ «​ពួកគេ​ដូចជា​ឆ្កែ​ព្រុស​រទេះ​ភ្លើង​»​។

អតីត​តំណាងរាស្ត្រ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​បាន​រត់​គេច​ទៅ​បរទេស​ដោយ​ភ័យ​ខ្លាច​ការ​បំភិត​បំភ័យ​ និង​ធ្វើ​បាប​ពី​រដ្ឋាភិបាល ខណៈ​ពួកគេ​មួយ​ចំនួន​កំពុង​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​បរទេស​ដើម្បី​ឲ្យ​ដាក់​ទណ្ឌកម្ម​មក​លើ​អ្នក​ដែល​ធ្វើឲ្យ​មាន​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​។

ទាំង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ដក​ជំនួយ​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រួច​ហើយ ប៉ុន្តែ​បាន​ចង្អុល​បង្ហាញ​ថា ពួកគេ​កំពុង​ពិចារណា​លើ​វិធានការ​បន្ថែម​រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ផង​ដែរ​បើ​កម្ពុជា​នៅ​តែ​មិន​ព្រម​ស្តារ​ស្ថានការណ៍​នយោបាយ​ដែល​បាន​ធ្លាក់​ចុះ​ដុនដាប​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​ទេ​នោះ​។

លោក អ៊ូ ចាន់រ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា ​វា​ច្បាស់​ដែល​ថា ​ការ​បន្ត​ស៊ើបអង្កេត​ទៅ​លើ​បដិវត្តន៍​ពណ៌​បង្ហាញ​ថា ​រដ្ឋាភិបាល​ភ័យ​ខ្លាច​ចំពោះ​ប្រជាប្រិយភាព​នៃ​ការ​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​តែ​បន្ត​មាន​។

លោក​បន្ត​ថា​៖ «​ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​យាយី​យើង ហើយ​ចង់​ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​រួម​ទាំង​មេដឹកនាំ​ និង​មនុស្ស​ដទៃៗ​ទៀត​មិន​អាច​រស់​បាន​»​។ ​

លោក​បញ្ជាក់​ថា​៖ «​ពួកគេ​បាន​បញ្ចប់​ជីវិត​នយោបាយ​របស់​យើង​រួច​ហើយ ហើយ​ឥឡូវ​នេះ​មិន​ចង់​ឲ្យ​យើង​រស់នៅ​ក្នុង​សង្គម​នេះ​»​។ លោក​បាន​បន្ថែម​ទៀត​​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ទៅ​ក្រសួង​មហាផ្ទៃ​ជា​ប្រចាំ​ឆ្នាំ ដូច្នេះ​មិន​មាន​អ្វី​ត្រូវការ​ស៊ើប​អង្កេត​ទៅ​លើ​ហិរញ្ញវត្ថុ​របស់​គណបក្ស​ទេ​។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា​វា​ទំនង​ជា​​មិន​មាន​មូលដ្ឋាន​ច្បាប់​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ពិនិត្យ​ទៅ​លើ​ហិរញ្ញវត្ថុ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស ១១៨ រូប​នោះ​ទេ​ដោយ​លោក​ថ្លែង​ថា​វិធានការ​បែប​នេះ​គឺ​សម្រាប់​បទល្មើស​កម្រិត​ធ្ងន់​។

លោក​បន្ត​ថា​៖ «​នៅ​ពេល​ពួកគេ​ពិនិត្យ​ទៅ​លើ​គណនី និង​ធនាគារ​ពួកគេ​ត្រូវ​តែ​ផ្អែក​ទៅ​លើ​ច្បាប់​ដូចជា​ច្បាប់​សម្រាប់​ឧក្រិដ្ឋកម្ម​លាង​លុយ​ ឬ​ឧក្រិដ្ឋកម្ម​ភេរវកម្ម​»៕ PS