ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​បាន​អះអាង​ថា សមត្ថកិច្ច និង​ក្រុម​ជំនាញ​ស្រាវជ្រាវ​បាន​ស្រាវជ្រាវ​ឃើញ​ថា វីដេអូ​ឯកសារ «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស​ប្រទេសជាតិ ប្រពៃណី និង​ស្ត្រី​ខ្មែរ ហើយ​បាន​អះអាង​ថា​អាជ្ញាធរ​ថៃ​នឹង​ប្រគល់​ជនសង្ស័យ​ដែល​ផលិត​វីដេអូ​ឯកសារ​នេះ​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

ជនសង្ស័យ​ម្នាក់​ឈ្មោះ រ៉ាត់ រ័ត្នមុនី ដែល​ជាប់​ទាក់ទង​ការផលិត​វីដេអូ​ឯកសារ​មាន​ចំណង​ជើង​ថា «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ថ្ងៃទី​ ៧ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ​តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុជា​ បន្ទាប់ពី​សមត្ថកិច្ច​ និង​ក្រុម​ជំនាញ​កម្ពុជា​បាន​ស្រាវជ្រាវ​រកឃើញ​ថា ការផលិត​ភាពយន្ត​ឯកសារ​មួយ​នេះ​គ្មាន​ការពិត​ និង​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស​ប្រទេស​កម្ពុជា​ និង​ស្ត្រី​ខ្មែរ​បន្ទាបបន្ថោក​ដល់​ស្ត្រី​ជា​មាតា​ដែល​បាន​លក់​ព្រហ្មចារី​កូនស្រី​របស់​ខ្លួន​។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង​នគរបាលជាតិ​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា អាជ្ញាធរ​នៃ​ប្រទេស​ថៃ​នឹង​ប្រគល់​ជនសង្ស័យ​ រ៉ាត់ រ័ត្នមុនី ឲ្យ​សមត្ថកិច្ច​កម្ពុជា​នាពេល​ខាង​មុខ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​សាកសួរ​អំពី​ការពិត​ក្នុង​ការផលិត​វីដេអូ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​ទាក់ទង​ទៅ​ប្រទេស​ថៃ​ដើម្បី​ចាប់​បញ្ជូន​មក​ឲ្យ​អាជ្ញាធរ​យើង​។ អាជ្ញាធរ​ថៃ​បាន​សហការ​ជាមួយ​យើង ហើយ​គេ​បាន​ចាប់​ខ្លួន​។ គេ​នឹង​បញ្ជូន​មក​យើង​ប្រហែល​ជា​មិន​យូរ​ទេ អាជ្ញាធរ​ថៃ​បាន​ឃាត់​ខ្លួន​គាត់​ប៉ុន្មាន​ថ្ងៃ​ហើយ​»​។

លោក​បន្ថែម​ថា​វីដេអូ​ឯកសារ​នេះ​គឺជា​ការ​ប្រឌិត​បាន​ធ្វើឲ្យ​ប៉ះពាល់​ប្រពៃណី​កម្ពុជា ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​ជាតិ​ខ្លាំង ហើយ​វីដេអូ​ឯកសារ​នេះ​ហាក់បី​ដូច​មាន​ចេតនា​វាយប្រហា​ទៅលើ​គោលនយោបាយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រឆាំង​ការជួញដូរ ហើយ​បាន​លើក​ឡើង​ថា​បើ​យោង​តាម​ម្តាយ​ និង​កូនស្រី​ឈ្មោះ​ កែវ ម៉ាឡៃ និង​ឈ្មោះ ឃៀង ស្រីម៉ិច បាន​ស្នើឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកគេ​ បន្ទាប់ពី​ពួកគេ​បាន​ឃើញ​មាន​ឃ្លីប​វីដេអូ​ឯកសារ «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​។

ពួកគេ​បាន​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ រ៉ាត់ រ័ត្នមុនី បាន​ប្រាប់​ពួកគេ​ទាំង​ ២ ​ថា ការថត​នោះ​គឺ​ក្នុង​រឿង​ប្រទេស​ខ្មែរ​ក្រោយ​របប​ប៉ុលពត​ហើយ ការល្បួង​ឲ្យ​ពួកគេ​ថត​រឿង​នោះ​ទៀត​ក៏​មាន​ជនបរទេស ៤ ​រូប​ដែល​បាន​ជួយ​ថត និង​រៀបចំ​ឈុតឆាក​។

លោក គឹមខឿន បញ្ជាក់​ថា​៖ «​នៅពេល​ដែល​ឃើញ​ឃ្លីបវីដេអូ «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» គាត់​ខកចិត្ត​ខ្លាំង​ណាស់​ហើយ​គាត់​បាន​ប្តឹង​មក​សមត្ថកិច្ច​យើង​ជួយ​រក​យុត្តិធម៌​លុបលាង​កិត្តិយស​គាត់​វិញ​ ពីព្រោះ​នេះ​មិនមែន​ភាពយន្ត​ឯកសារ ប្រទេស​កម្ពុជា​ក្រោយ​របប​ប៉ុលពត​ទោះបី​យើង​មិន​ទាន់​សន្និដ្ឋាន​ថា​យ៉ាងម៉េច​ក៏​ប៉ុន្តែ​យើង​ដឹងថា​រឿង​នេះ​វា​ពាក់ព័ន្ធ​ជាមួយ​ឯកសារ​មួយ​ចំនួន​ដែល​យើង​ប្រមូល​បាន និង​ស៊ើបអង្កេត​ និង​វាយតម្លៃ​របស់​យើង និង​ព័ត៌មាន​ដែល​សាក្សី​ផ្តល់​ជូន​យើង​»​។

លោក ឆាយ គឹមខឿន បាន​បន្ថែម​ថា​សមត្ថកិច្ច​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់​ហើយ​បាន​ចាត់វិធានការ និង​​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​ការជួញដូរ​មនុស្ស​គឺ​បាន​និង​កំពុង​តែ​អនុវត្ត​យ៉ាង​សកម្ម​ហើយ​រាជរដ្ឋាភិបាល​ថែម​ទាំង​បាន​បង្កើត​ដល់​គណៈកម្មការ​ជាតិ​ប្រឆាំង​ការជួញដូរ​មនុស្ស​នេះ​ទៀត​ផង ដែល​ជា​យន្តការ​ថ្នាក់ជាតិ​មួយ​ដែល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជំរុញ​ឲ្យ​កម្លាំង​អនុវត្ត​ច្បាប់​។

ក៏ប៉ុន្តែ​អ្នកស្រី​ ឡុង គឹមហ៊ាង ជា​ភរិយា​របស់ រ៉ាត់ រ័ត្នមុនី បាន​និយាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ប្តី​របស់​អ្នកស្រី​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ចុង​ខែ​តុលា ហើយ​ចំណែក​អ្នកស្រី​បាន​ចាកចេញ​ពី​កម្ពុជា​នៅ​ដើម​ខែ​វិច្ឆិកា ហើយ​អ្នកស្រី​អះអាង​ថា​ការងារ និង​តួនាទី​របស់​ប្តី​អ្នកស្រី​ក្នុង​ភាពយន្ត​ឯកសារ​គឺជា​អ្នកសម្របសម្រួល​រៀបចំ​ឯកសារ ដើម្បី​ស្នើសុំ​សម្ភាស និង​ផ្តល់​ការបកប្រែ​អំឡុង​ពេល​សម្ភាស​ជាមួយ​ស្ត្រី​នៅក្នុង​ភាពយន្ត​ឯកសារ​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ដំណឹង​គេ​តាម​ចាប់​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​តាមរយៈ​សហគមន៍​នៅ​ថៃ ។ ប៉ូលិស​តាម​ចាប់​ប្តី​ខ្ញុំ​នៅពេល​ដែល​គាត់​ទៅ​ការិយាល័យ​ធ្វើ​ទិដ្ឋាការ​ដាក់​ពាក្យ​ពេល​ថ្ងៃ ថ្ងៃទី​ ៧ ពេល​ល្ងាច​ហ្នឹង​ប៉ូលិស​របស់​រដ្ឋាភិបាល​ថៃ ពេល​ដែល​គេ​ចាប់​ប្តី​ខ្ញុំ​ហ្នឹង គេ​ប្រាប់​ខ្ញុំ​ថា គេ​បាន​ទទួល​លិខិត​ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​ថា​ប្តី​ខ្ញុំ​មាន​ទោស​ផលិតភាព​យន្ត​ឯកសារ​មិន​ពិត រឿង​ជួញដូរ​ផ្លូវភេទ អីហ្នឹង​គឺ​មិន​ពិត​ទេ​»​។ អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​ប៉ូលិស​ខ្មែរ​គេ​បាន​ស្នើសុំ​ឲ្យ​ប៉ូលិស​ថៃ​សហការ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​»​។

អ្នកស្រី ឡុង គឹមហ៊ាង បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សកម្មភាព​បំបាត់​អំពើ​ជួញដូរ​មនុស្ស​ជា​ជាង​តាម​ចាប់​អ្នក​ដែល​លើក​យក​បញ្ហា​ហ្នឹង​មក​លាតត្រដាង​ហើយ​អ្នកស្រី​ក៏​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​​ឯករាជ្យ​ផង​ដែរ​។

អ្នកស្រី​បញ្ជាក់​៖ «​ខ្ញុំ​គិត​ថា​វា​ជា​រឿង​មិន​ត្រឹមត្រូវ​ដែល​រដ្ឋាភិបាល​គាត់​ព្យាយាម​ចាប់​ប្តី​ខ្ញុំ​។ ​វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ​ព្រោះ​គាត់​ជា​អ្នក​ប្រឆាំង​ការជួញដូរ​។ ​ពួកគាត់​គួរ​តែ​ប្រើប្រាស់​ធនធាន​ចំណេះដឹង ឱកាស តួនាទី ដែល​គាត់​មាន​ទប់ស្កាត់​រឿង​ហ្នឹង​ហើយ​រក​ឱកាស និង​រក​មធ្យោបាយ​ជួយ​ជនរងគ្រោះ​វិញ​ថា តើ​អ្នក​ទាំងអស់​គ្នា​ហ្នឹង​ត្រូវ​ជួយ​គាត់​ដោយ​វិធី​ណា​? ​ជួយ​គាត់​យ៉ាង​ម៉េច​?»​។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារ​ស្នើឲ្យ​រដ្ឋាភិបាល​ថៃ​កុំ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឈ្មោះ រ៉ាត់ រ័ត្នមុនី ​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ហើយ​បាន​ស្នើឲ្យ​រដ្ឋាភិបាល​ថៃ​ដោះលែង​ជនជាតិ​ខ្មែរ​រូប​នេះ​ជាបន្ទាន់ ដើម្បី​ឲ្យ​គាត់​មាន​សិទ្ធិ​ស្នើសុំ​សិទ្ធិ​ជ្រកកោន​នៅ​អង្គការ​សហប្រជាជាតិ​៕