ភ្នំពេញ: សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពីម្សិលមិញបានបញ្ជូនជនសង្ស័យចំនួន ៦ នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចបានបង្ក្រាបបទល្មើសកែច្នៃ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ៣ ករណីផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ ដោយរឹបអូសគ្រឿងញៀនជិត ៤ គីឡូក្រាម និងសម្ភារមួយចំនួនទៀត។
លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបានថ្លែងពីម្សិលមិញថា មន្ត្រីជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនទាំងសំណុំរឿង និងជនសង្ស័យចំនួន ៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ ខែមេសា ដើម្បីឲ្យតុលាការចាត់ចែងតាមនីតិវិធីច្បាប់បន្តទៀត។
លោកបន្តថា សមត្ថកិច្ចជំនាញនៅថ្ងៃទី ២៦ ខែមេសា បានស៊ើបអង្កេត និងបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែងក្នុងករណីកែរឆ្នៃ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៣ គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់។ ជាពិសេសសមត្ថកិច្ចបានឃាត់ខ្លួនអ្នកជំនាញខាងកែច្នៃគ្រឿងញៀនម្នាក់ និងមេក្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ផងដែរ។
លោក ឡឹក វណ្ណៈ បញ្ជាក់ថា៖«សមត្ថកិច្ចយើងបានបញ្ចប់ការសាកសួររួចរាល់ហើយ ដោយបានបញ្ជូនទាំងសំណុំរឿងនិងជនសង្ស័យទៅតុលាការនៅរសៀលថ្ងៃទី ២៩ ខែមេសានេះ ប៉ុន្ដែតុលាការសម្រេចយ៉ាងណា ខ្ញុំអត់ដឹងទេ។ សមត្ថកិច្ចយើងកំពុងបន្តធ្វើការងារទៀត គឺបន្តស៊ើបអង្កេត និងបង្ក្រាបករណីគ្រឿងញៀននេះ»។
លោក គុជ គឹមឡុង ព្រះរាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញការសម្រេចរបស់តុលាការនៅឡើយ។
តាមរបាយការណ៍មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបានបង្ហាញពីម្សិលមិញឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី ២៦ ខែមេសា នេះ ដែលដឹកនាំបញ្ជាដោយលោក អ៊ិន សុង នាយករងមន្ទីរ សម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងក្រឡាបញ្ជីនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត និងបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែងក្នុងករណីកែរឆ្នៃ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៣ គោលដៅផ្សេងៗគ្នា។
របាយការណ៍បន្តថា សមត្ថកិច្ចបានចុះបង្ក្រាបនៅគោលដៅទី១ ត្រង់ចំណុចខាងមុខផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ គោលដៅទី ២ ត្រង់ចំណុចភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងគោលដៅទី ៣ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៦ នាក់។
របាយការណ៍បន្ថែមថា សមត្ថកិច្ចបានរឹបអូសយកវត្ថុតាងគ្រឿងញៀនសរុប ៣៩៧.៥១ ក្រាម ក្នុងនោះមានប្រភេទមេតំហ្វេតាមីន(ICE) ២៣.៧៤ ក្រាម, អ៊ិចស្តាស៊ី(MDMA) ២៩.៥០ ក្រាម, កេតាមីន(Ketamine) ១៨៣.១៧ ក្រាម, នីមេតាហ្សាប៉ាម (Nimetazapam) ៦.៣០ ក្រាម, កញ្ឆាក្រៀម ១៥៤.៨០ ក្រាម, សារធាតុមិនច្បាស់លាស់ ៣៤៦៦.២៩ ក្រាម, ជញ្ជីងថ្លឹង ០១ គ្រឿង, ម៉ូតូ ២ គ្រឿង, ទូរស័ព្ទ ៣ គ្រឿង, ឧប្បករណ៍កែឆ្នៃគ្រឿងញៀនចំនួន ០១ ឈុត, សំបកវេចខ្ចប់គ្រឿងញៀនមួយចំនួន និងមានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕