ភ្នំពេញៈ នគរបាល​ខណ្ឌ​សែនសុខ​នឹង​បញ្ជូន​សំណុំរឿង​លុយ​ដុល្លារ​ក្លែងក្លាយ​ទៅកាន់​សាលា​ដំបូល​រាជធានី​​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​មាន​ជនសង្ស័យ​ស្រី​ប្រុស​ ៤ ​នាក់ ​ក្រោយពី​បាន​ឃាត់ខ្លួន​នៅក្នុង​ផ្ទះ​កោសជប់​មួយកន្លែង​ស្ថិត​ក្នុង​ភូមិ អន្លង់ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ថ្ងៃទី​ ២៩ ខែឧសភា​។

លោក ហួរ ម៉េងវ៉ាង អធិការ​នគរបាល ខណ្ឌ​សែនសុខ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​៖ «​ពួកគេ​ទាំង​​ ៤ ​នាក់ ​ត្រូវ​សមត្ថកិច្ច​ខ្ញុំ​បញ្ជូន​ទៅ​តុលាការ​នៅថ្ងៃនេះ​ហើយ​ (​ថ្ងៃទី​ ៣១ ​ឧសភា​) ​ដើម្បី​ឲ្យ​ច្បាប់​ចាត់ការ​បន្ត​តាម​នីតិវិធី​»​។

លោក ហួរ ម៉េងវ៉ាង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១- ​ឈ្មោះ ទុយ ស្រី ភេទ​ស្រី អាយុ​ ២៤ ​ឆ្នាំ ទី​២- ​ឈ្មោះ​ សា ស្រីយ៉ា អាយុ​ ២៩ ​ឆ្នាំ ភេទ​ស្រី ទី៣- ​ឈ្មោះ​ ញ៉េប ម៉ៅ អាយុ ៣៨ ​ឆ្នាំ​ជា​កម្មករសំណង់ និង​ទី៤- ​ឈ្មោះ ញ៉េប វណ្ណី អាយុ​ ២៤ ​ឆ្នាំ​ ជា​កម្មករ​សំណង់ ហើយ​ពួកគេ​ក៏​ជា​ម្ចាស់​​ទីតាំង​ម៉ាស្សា​នេះដែរ​។

លោក ញាណ នន នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា ពាក់ព័ន្ធ​នឹង​លុយ​ដុល្លារ​ក្លែងក្លាយ​នេះ គឺ​មុន​ពេល​កើតហេតុ​មាន​បុរស​ម្នាក់​មកពី​ខេត្តកំពង់ចាម​បាន​ចូលទៅ​ផ្ទះ​កោសជប់​ខាងលើ​។ ​ខណៈ​នោះ​មាន​ស្ត្រី​ម្នាក់​បាន​ប្រាប់​ឲ្យ​ជនរងគ្រោះ​ផ្លាស់​សម្លៀកបំពាក់​ហើយ​សម្លៀកបំពាក់​ដែល​ផ្លាស់ចេញ​នោះ​ត្រូវ​ស្ត្រី​ម៉ាស្សា​កោសជប់​បង្គាប់​ឲ្យ​ជនរងគ្រោះ​ព្យួរទុក​មួយ​កន្លែង​។

ចំណែកឯ​ជនរងគ្រោះ​វិញ​ត្រូវ​ស្ត្រី​ម៉ាស្សា​នោះ​បង្គាប់​ឲ្យ​ដេក​ផ្កាប់មុខ​ ដើម្បី​ជប់​ខ្យល់​។ ពេល​ជនរងគ្រោះ​កំពុង​ដេក​ផ្កាប់មុខ​ដើម្បី​ឲ្យ​គេ​ជប់​ខ្យល់​ឲ្យ​ស្រាប់តែ​គ្នីគ្នា​របស់​ជនសង្ស័យ​បាន​ដកយក​លុយ​ក្រដាស​ ១០០ ​ដុល្លារ​ ក្លែងក្លាយ​ចំនួន​ ១ ៤០០ ​ដុល្លារ​ ទៅ​ប្តូរ​យក​លុយ​ដុល្លារ​ពិតជា​ប្រភេទ​ក្រដាស​ ១០០ ​ដុល្លារ​ ដូចគ្នា​ដាក់​ក្នុង​ហោប៉ៅ​របស់​បុរសរងគ្រោះ​។

លុះ​ពេល​កោសជប់​រួចរាល់​ហើយ​បុរសរងគ្រោះ​បាន​ងើបឡើង​ស្លៀកខោ ពាក់អាវ​ហើយ​បាន​ដក​លុយ​ដើម្បី​ឲ្យ​ថ្លៃ​កោស​ជប់​។ ប៉ុន្តែ​ពេល​គាត់​ដកយក​លុយ​ពី​ក្នុង​ហោប៉ៅ​ខោ​របស់​គាត់​ទៅកាន់​ក៏មាន​អារម្មណ៍​ថា​លុយ​នោះ​មាន​ភាព​ស្តើង​ហើយ​សន្លឹក​លុយ​ក៏​ខុសប្លែក​ពី​លុយ​ពិត​ទើប​ជនរងគ្រោះ​សួរ​ទៅ​ស្ត្រី​ម៉ាស្សា​កោស​ជប់​នោះ​ថា ​តើ​មាន​នរណា​ដកយក​លុយ​របស់គាត់​ទេ​ព្រោះ​លុយ​ទាំងនោះ​មិនមែន​ជា​លុយ​ពិត​ទេ​។ ប៉ុន្តែ​ក្រុម​ជនសង្ស័យ​បាន​នាំគ្នា​មក​មើល​ហើយ​ឆ្លើយថា​ពួកគេ​មិនបាន​ប្តូរ​យកលុយ​នោះ​ពី​ក្នុង​ហោប៉ៅ​ជនរងគ្រោះ​ទេ​។

លោក ញាណ នន ថ្លែង​ថា​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ឃ្មួញ​ហើយ​លោក​បាន​ហៅ​ជន​ទាំង​ ៤ ​នាក់​ មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​។ ក្រោយ​សាកសួរ​ពួកគេ​ឆ្លើយថា​ពិតជា​បាន​ធ្វើ​សកម្មភាព​បន្លំ​ប្តូរ​លុយ​របស់​ជនរងគ្រោះ​មែន​។ យោងតាម​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕