ភ្នំ​ពេញៈ បុរស​អាយុ​ ៣៣​ ឆ្នាំ​ម្នាក់​ ជា​ថៅ​កែ​នំ​ប៉ាវ​ត្រូវ​បាន​នគរ​បាល​ចាប់​ខ្លួន​បញ្ជូន​ទៅ​សាលា​ដំ​បូង​កាល​ពី​ម្សិល​មិញ​ ពាក់​ព័ន្ធ​នឹង​ការ​បង្ក​ហិង្សា​លើ​កូន​ឈ្នួល​ម្នាក់​ឲ្យ​រង​របួស​ ​ដែល​បាន​​ប្រ​ព្រឹត្ត​នៅ​ភូមិ​សំបួរ​ សង្កាត់​-​ខណ្ឌដង្កោ ​រាជ​ធានី​ ភ្នំ​ពេញ​ កាល​ពី​ថ្ងៃ​ទី​ ៩​ តុលា​។​

លោក ​ជឹម​ ​ស៊ីថា​ អធិការ​នគរ​បាល​ខណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​ថា ​ជន​សង្ស័យ​ឈ្មោះ​​ សៀវ​ ទី​ ភេទ​ប្រុស​ អាយុ ​៣៣ ​ឆ្នាំ​ ស្នាក់​នៅ​កន្លែង​កើតហេតុ។ ​ដោយ​ឡែក​​ជន​រង​គ្រោះ​ឈ្មោះ ​លី ​សុខ​ខេ​ង​ ភេទ​ប្រុស​ អាយុ ​៣៧ ​ឆ្នាំ ​មាន​លំនៅ​ផ្ទះ​ជួល​ផ្លូវ​បេតុង​​ ភូមិ​ត្នោត​ជ្រុំ ​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ ​រាជ​ធានី​​ភ្នំពេញ​ ជា​កម្មករ​ដឹក​នំប៉ាវ​ដាក់​ឲ្យ​ម៉ួយ។​ ជន​សង្ស័យ​​ត្រូវ​បាន​សមត្ថ​កិច្ច​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ​កាល​ពី​ថ្ងៃ​ទី​ ១២​តុលា​។​ ប៉ុន្តែ​បើ​តាម​រយៈ​ការ​ស៊ើប​អង្កេត​​គឺ​ទំនាស់​ក្នុង​រឿង​នេះ​​​កើត​ឡើង​ពី​បញ្ហា​លុយ​កាក់​ហើយ​ក៏​វាយ​គ្នា​​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ។​​

លោក​ ស៊ី​ថា​ ថ្លែង​ថា​៖​ «ទំនាស់​នេះ​មិន​មែន​ជា​រឿង​ធំដុំទេ​គ្រាន់​តែ​វាយ​ប្រតាយ​ប្រតប់​គ្នា​ ប៉ុណ្នឹង​​មិន​មែន​ជា​​ការ​បង្ក​​របួស​ស្នាម​ធ្ងន់​ធ្ងរ​អីទេ​​»​។

យ៉ាង​ណា​បើ​តាម​​មន្រ្តី​នគរ​បាល​​ប៉ុស្តិ៍ស​ង្កាត់​ដង្កោ​មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​​ប្រាប់​ពីម្សិល​មិញ​ថា ​មុន​កើត​ហេតុ​​ជន​រង​គ្រោះ​ត្រូវ​បាន​ជន​សង្ស័យ​ជា​ម្ចាស់​ហាង​នំប៉ាវ​​ប្រើ​ឲ្យ​យក​កេះ​នំប៉ាវ​ជាង​ ២៦​ កេះ​ ទៅ​ដាក់​ឲ្យ​ម៉ួយ​ដូច​សព្វ​ដង​។​ បន្ទាប់ពី​​ជន​រង​គ្រោះ​ដើរ​បោះ​ឲ្យ​ម៉ូយ​គ្រប់​កន្លែង​ហើយ​​ក៏​ត្រឡប់​មក​ផ្ទះ​ថៅកែ​វិញ​ដើម្បី​រាយ​ការណ៍។​​

ពេល​នោះ​ថៅកែ​​បាន​គិត​បញ្ជី​លុយ​ឃើញ​ថា ​​មាន​អតិថិ​ជន​ម្នាក់​បាន​ជំពាក់​​មិន​ទាន់​ទូទាត់​លុយនំ​ប៉ាវ​​​ចំនួន​ ៤ កេះ​ ប៉ុន្តែ​ជន​រង​គ្រោះ​និយាយ​ទៅ​ជន​សង្ស័យ​ថា​អតិថិ​ជ​ន​ម្នាក់​​នោះ​នៅ​ជំពាក់​តែ ​៣​ កេះទេ​ តែ​ជន​សង្ស័យ​មិន​ជឿ​ហើយ​ក៏​មាន​ការ​ទាស់​ពាក្យ​សម្តី​គ្នា​ទៅ​។​ ​

ក្រោយ​ជជែក​​មិន​ចុះ​សម្រុង​គ្នា​នោះ​ជន​សង្ស័យ​បាន​យក​ដៃ​វាយ​លើ​ជន​រងគ្រោះ​ហើយ​ស្រែក​គំរាម​ឲ្យ​ជន​រងគ្រោះ​អង្គុយ​នៅ​មួយ​កន្លែង​។ ប​ន្ទាប់​មក​​ជន​សង្ស័យ​​បាន​ដើរ​ទៅ​ផ្ទះបាយ​កាន់​កាំបិត​ប៉័ង​តោ​​មក​ហើយ​វាយ​ទាត់​ធាក់​និង​ ច្របាច់​ក​និង​​យក​កាំបិត​​វាយ​ផ្ទប់​ទៅ​លើ​ផ្ទៃ​មុខ​ជន​រងគ្រោះ​បណ្តាល​បែក​ក្បាល​ចេញ​ឈាម ​​និង​ហើម​ក្បាល​ខ្លាំង​។ ជន​រង​គ្រោះ​​បាន​​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​​នគ​រ​បាល​សង្កាត់​​ដង្កោ​៕