ឧត្តរមានជ័យៈ នគរបាល​ខេត្ត​ឧត្តរមានជ័យ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​បាន​បញ្ជូន​ជនសង្ស័យ​ដែលជា​ពេទ្យ​នៅតាម​ភូមិ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ បន្ទាប់ពី​ពេទ្យ​រូបនេះ​បាន​ព្យាបាល​បុរស​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​កាលពី​ថ្ងៃទី​ ២ ខែ​មីនា​។

លោក​ យិន ណារ៉េត ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​ឲ្យ​ដឹងថា បុរស​ជា​ពេទ្យ​ឈ្មោះ អ៊ុក រ៉ែន អាយុ​ ២៩ ​ឆ្នាំ​ រស់នៅ​ភូមិ​គោកសំព័រ ឃុំ​លំទង​។ រីឯ​ជនរងគ្រោះ​ឈ្មោះ​ ឈន់ ឈយ អាយុ​ ៧២ ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​លំទង ស្រុក​អន្លង់វែង​ដូចគ្នា​។ ​«​ជនសង្ស័យ​ខាង​ខ្ញុំ​បញ្ចូន​គាត់​ទៅ​តុលាការ​ព្រោះ​គាត់​ពាក់ព័ន្ធ​បាត់បង់​ជីវិត​មនុស្ស​»​។

លោក​ សិន វណ្ណៈ អធិការ​ស្រុក អន្លង់វែង ថ្លែង​ថា​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ប្តឹង​មក​សមត្ថកិច្ច​របស់លោក​។ គ្រូពេទ្យ​ម្នាក់នេះ​បាន​បើក​ព្យាបាល​អ្នកជំងឺ​យូរ​មកហើយ ហើយ​បើ​តាម​លោក​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ឃើញ​ថា គាត់​មាន​លិខិត​បញ្ជាក់ថា គាត់​ជា​គ្រូពេទ្យ​កម្រិត​មធ្យម​។ ប៉ុន្តែ​ដោយសារ​ពាក់ព័ន្ធ​នឹង​ការស្លាប់​មនុស្ស ដូច្នេះ​លោក​ត្រូវតែ​ឃាត់ខ្លួន​។ «​សមត្ថកិច្ច​ខ្ញុំ​មាន​នាទី​តែ​ឃាត់ខ្លួន​ទេ​តែ​ខាង​បច្ចេកទេស​ព្យាបាល​យ៉ាងណា​នោះ​មិនមែន​កិច្ចការ​ខ្ញុំ​ទេ​»​។

លោក​វេជ្ជបណ្ឌិត ឃួន ប៉ោង អនុប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ឧត្តរមានជ័យ​ដែល​ចុះ​ស៊ើបអង្កេត​ពី​ករណី​នេះ​ថ្លែងថា ពេទ្យ​រូបនោះ​បាន​ប្រមូល​យក​សម្បក​ថ្នាំ​ដែល​គាត់​បាន​ប្រើ​យក​ទៅ​ដុតចោល​អស់ហើយ​ដូច្នេះ​លោក​គ្មានអ្វី​វិភាគ​ ឬ​ជា​ភ័ស្តុតាង​ដើម្បី​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​ពិត​បានទេ​។

លោក​បន្តថា ពេទ្យ​នោះ​បាន​ប្រាប់​សមត្ថកិច្ច​ចម្រុះ​ថា គាត់​ប្រើ​តែ​ថ្នាំ​ដែល​គាត់​បានបង្ហាញ​ជូន​សមត្ថកិច្ច​នោះទេ​។ តែ​តាម​ការពិត​ថ្នាំ​ដែល​គាត់​ប្រើ​ទៅ​ធ្វើឲ្យ​មាន​ប្រតិកម្ម​ដល់​ជនរងគ្រោះ​គឺ​គាត់​ដុតចោល​អស់ហើយ​។ សាច់ញាតិ​និយាយ​ថា ក្រុមគ្រួសារ​បាន​ដឹក​អ្នកជំងឺ​មក​ឲ្យ​ពេទ្យ​នេះ​ព្យាបាល​តាំងពី​ថ្ងៃទី​ ១៧ ខែ​កុម្ភៈ ដោយ​មុនដំបូង​ជនរងគ្រោះ​គ្រាន់តែ​ក្តៅខ្លួន​អស់​កម្លាំង​ប៉ុណ្ណោះ​៕