ស្វាយរៀងៈ បុរស​ជា​ឪពុក​ម្នាក់​ដែល​បាន​ផឹកស្រា​ស្រវឹង ហើយ​វាយដំ​កូនស្រី​ខ្លួនឯង​រហូត​ដល់​សន្លប់ ដោយសារ​តែ​ខឹង​កូនស្រី​លេង​ទូរស័ព្ទ​ដល់​យប់ជ្រៅ​ពេក​កាលពី​យប់​ថ្ងៃទី​ ១៣ ​ខែ​ កញ្ញា ឆ្នាំ​ ២០២០ ​នៅ​ភូមិ​ថ្មី សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​កាលពី​ម្សិលមិញ​។

លោក កៅ ហ៊ន អធិការរង​ក្រុង​បាវិត​ទទួល​ផែន​ព្រហ្មទណ្ឌ​ឱ្យ​ដឹងថា បុរស​ជា​ឪពុក​ឈ្មោះ ចាន់ ចំរើន អាយុ ៤៤ ​ឆ្នាំ រីឯ​ក្មេងស្រី​អាយុ​ ១៦ ​ឆ្នាំ​។ លោក​និយាយថា​៖ «​ជន​ជា​ឪពុក​ម្នាក់​នោះ​ខ្ញុំ​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​ស្វាយរៀង​ហើយ ហើយ​ខាង​មន្ត្រី​ជំនាញ​កំពុង​ចាត់​ការបន្ត​»​។

លោក កុយ សុភាព ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​មិនអាច​ទាក់ទង​សុំ​ព័ត៌មាន​លម្អិត​បានទេ​។

បើ​តាម​លោក​ កៅ ហ៊ន ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​ ១៣ ខែ កញ្ញា ឆ្នាំ​ ២០២០ នៅ​ភូមិ​ថ្មី សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ប៉ុន្តែ​ក្រោយ​កើតហេតុ កូនស្រី​រងគ្រោះ​មិន​បាន​ដាក់ពាក្យ​បណ្តឹង​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ឬ​នគរបាល​ក្រុង​បាវិត​នោះទេ​។ រហូត​ដល់​មាន​ការបង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទើប​មាន​ការភ្ញាក់ផ្អើល​ហើយ​ថ្នាក់លើ​ក៏​បញ្ជា​ដល់​កម្លាំង​របស់លោក​ឱ្យធ្វើ​ការស្រាវជ្រាវ​ក៏បាន​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​ ២១ ខែ​កញ្ញា​។

លោក​ គឹម ឡៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ម្នាក់​នេះ ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​រួចហើយ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ ពីព្រោះ​ជន​ម្នាក់នេះ​ប្រើ​ហិង្សា​លើ​កូនបង្កើត​ខ្លួនឯង​ព្រៃផ្សៃ​ពេក​។ ចំពោះ​មូលហេតុ​នៃ​ការវាយដំ​កូន​ខ្លួនឯង​នោះ​គឺ​ដោយសារ​ជនសង្ស័យ​ខឹង​កូន​លេង​ទូរស័ព្ទ​យប់ៗ​ជ្រៅ​ពេក ហើយ​គាត់​ហាម​មិន​ស្តាប់​ទើប​វាយដំ​កូន​ទៅ​។

លោក​ថ្លែងថា​៖ «​គាត់​ប្រដៅ​កូន តែ​គាត់​វាយ​គ្នា​ដល់​សន្លប់ និង​ប្រើ​អំពើហិង្សា​ព្រៃផ្សៃ​ពេក​។ គាត់​មិន​ត្រូវ​ធ្វើ​បែប​នេះ​ទេ​»​។

បើ​តាម​មន្ត្រី​នគរបាល​នៅ​ប៉ុស្តិ៍​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​មួយ​រូប​ប្រាប់ថា ជន​ជា​ឪពុកបង្កើត​នោះ​រស់នៅ​ជាមួយ​កូនស្រី​ចំនួន​ ៣ ​នាក់ ចំណែក​ប្រពន្ធ​ជនសង្ស័យ​បាន​គេច​ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ដោយសារ​តែ​មិន​ចង់​រស់នៅ​ជាមួយ​ជនសង្ស័យ​ពីព្រោះ​បុរស​ម្នាក់នេះ​តែង​ប្រើ​ហិង្សា​វាយដំ​ប្រពន្ធ​កូន​ពេល​ផឹកស្រា​ស្រវឹង​។ ជនសង្ស័យ​ជា​មនុស្ស​ផឹកស្រា​ច្រើន ហើយ​បង្កជម្លោះ និង​តែងតែ​ប្រើ​ហិង្សា​លើ​ប្រពន្ធ​កូន​ខ្លួនឯង​។

បើ​តាម​សម្តី​របស់​ក្មេងស្រី​រងគ្រោះ​ដែល​បាន​សម្ភាស​ដល់​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​រៀបរាប់ថា កាលពី​ឪពុក​របស់​នាង​វាយដំ​លើ​រូបនាង​នោះ នាង​បាន​ប្រាប់​ឪពុក​កុំ​ឱ្យ​វាយ​នាង​ហើយ​សួរ​គាត់​ថា ខ្លាច​គុក​ទេ​តែ​ឪពុក​នាង​ឆ្លើយថា មិន​ខ្លាច​ជាប់គុក​អី​ទេ ហើយ​ឪពុក​នាង​តែងតែ​វាយ​ធ្វើ​បាប​ម្តាយ​នាង​ជានិច្ច រហូត​ម្តាយ​នាង​ទ្រាំ​លែងបាន​ក៏​រត់​ទៅ​រស់នៅ​រាជធានី​ភ្នំពេញ​។

ក្មេងស្រី​រងគ្រោះ​ថា​៖ «​នេះ​បើ​ថា​ខ្ញុំ​ជា​កូនចុង​ទៅ​មិន​ថា​ទេ តែ​ខ្ញុំ​ជា​កូនបង្កើត​សោះ គាត់​វាយ​ខ្ញុំ​ដល់​ថ្នាក់​ហ្នឹង​។ បើ​ច្បាប់​ឱ្យ​គាត់​លែងលះ​ជាមួយ​ម្តាយ​ខ្ញុំ​ក៏​ល្អ ព្រោះ​រស់នៅ​គ្មាន​សេចក្តីសុខ​ទេ​»៕