ឧត្តរមានជ័យៈ នគរបាល​មូលដ្ឋាន​ស្រុក​អន្លង់វែង​បាន​ប្រទះឃើញ​សត្វ​ខ្ទីង​ញី​ ១ ​ក្បាល​ ត្រូវគេ​បាញ់​ងាប់​នៅក្នុង​ព្រៃ ក្បែរ​ជើងភ្នំ​ជញ្ជាំង ស្ថិត​ក្នុងភូមិ-ឃុំ​លំទង សង្ស័យ​ត្រូវ​ព្រានព្រៃ​បាញ់ប្រហារ​។

លោក ម៉ែន មូល នាយរង​នគរបាល​ប៉ុស្តិ៍ ឃុំ​លំទង ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា កាល​ពីមួយ​សប្ដាហ៍​មុន​ក្នុង​អំឡុងពេល​ចុះ​ល្បាត​តាម​ដងព្រៃ ដើម្បី​ការពារ​ និង​ទប់ស្កាត់​ប្រជាពលរដ្ឋ​ដែល​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក បន្ទាប់ពី​លួច​ឆ្លងដែន​ត្រឡប់​ពី​ប្រទេស​ថៃ ក្រុម​សមត្ថកិច្ច​ក៏បាន​ប្រទះឃើញ​សត្វខ្ទីង​ញី​ ១ ​ក្បាល​ងាប់​នៅក្នុង​ព្រៃរបោះ​ក្បែរ​ជើងភ្នំ​ជញ្ជាំង​ស្ថិត​ក្នុង​ភូមិ-ឃុំ លំទង ស្រុក​អន្លង់វែង​។ ​«​សត្វ​ខ្ទីង​ញី​ ១ ​ក្បាល​នោះ ទំនង​ជា​ត្រូវ​ក្រុម​ព្រានព្រៃ​បាញ់​ឱ្យ​ត្រូវរបួស​ពី​កន្លែង​ណាមួយ ហើយ​បាន​រត់​មក​ងាប់​នៅក្នុង​ព្រៃរបោះ​ក្បែរ​ជើងភ្នំ​ជញ្ជាំង ព្រោះ​នៅ​ផ្នែក​ខាងក្រោម​គុម្ពត្រចៀក​ខាងស្ដាំ​របស់​វា មាន​ស្នាមរបួស​»​។

លោក​បាន​បន្តថា​៖ «​វា​ទំនងជា​ងាប់​ ៣-៤ ​ថ្ងៃមុន​ពេល​ពួកយើង​បាន​ប្រទះឃើញ ព្រោះ​សព​របស់​វា មាន​សភាព​ហើម​ស្អុយ​។ ពួកយើង​ក៏បាន​សម្រេច​ជីកដី​កប់​សព​របស់​វា​នៅក្នុង​ព្រៃ​ក្បែរ​ទីតាំង​ដែល​វា​ងាប់​»​។

លោក ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​ថ្លែងថា តំបន់​ដែល​សត្វ​ខ្ទីង​នោះ​ងាប់​មិនស្ថិត​នៅក្នុង​តំបន់​ដែន​ជម្រក​នោះទេ​។ ប៉ុន្តែ​តំបន់​នោះ​ត្រូវបាន​អ្នកភូមិ​ និង​អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់បាន​ប្រទះឃើញ​ហ្វូង​សត្វ​ខ្ទីង​ប្រមាណ​ ១០ ​ក្បាល និង​ហ្វូង​សត្វ​ទន្សោង​ជាង​ ១០ ​ក្បាល​ចូល​ទៅ​រកស៊ី​ស្មៅ នៅក្នុង​ចម្ការកៅស៊ូ​ហើយ​ពេលខ្លះ​ហ្វូង​សត្វ​ខ្ទីង​ទាំងនោះ​ក៏បាន​ចូលទៅក្នុង​ចម្ការ​ដំឡូងមី​របស់​អ្នកភូមិ​ផងដែរ​។ ​«​យើង​មាន​ការសោកស្ដាយ​ណាស់​នៅពេល​ទទួល​ដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា មាន​សត្វ​ខ្ទីង​មួយ​ក្បាល​ងាប់​»​។ លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​នោះ​សូមជួយ​ការពារ​ និង​អភិរក្ស​ហ្វូង​សត្វព្រៃ​ដ៏កម្រ​ទាំងនោះ ដោយ​ត្រូវ​ចេះ​សហការ​គ្នា​ទប់ស្កាត់​ឱ្យ​បាន​នូវ​បទល្មើស​បរបាញ់​ ដាក់​អន្ទាក់​សត្វព្រៃ​។

បើតាម​លោក លីណា ខ្ទីង ជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ និង​មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប​។ គេ​កម្រ​ឃើញ​វា​រស់​នៅតាម​វាល​ទំនាប​ណាស់​ព្រោះ​សត្វ​នេះ មិន​ចូលចិត្ត​កម្តៅថ្ងៃ​យូរពេក​ទេ​។ សត្វខ្ទីង​មាន​មាឌធំ ខ្លួន​ខ្មៅ បូក​ក្រាស់​លាតសន្ធឹង​រហូត​ដល់​ស្ទើរ​ពាក់កណ្តាល​ខ្នង​។ ចំណែក​កខ្លី​បន្តិច រាង​មាំ ដោយមាន​បូក​នៅ​ផ្នែក​ខាងក្រោម​។ ជើង​ទាំង​ ៤ ​របស់​វា​ចាប់ពី​ជង្គង់​ចុះក្រោម​ពណ៌​ប្រផេះ​។ បច្ចុប្បន្ន​សត្វ​ខ្ទីង​កំពុង​ប្រឈម​ការរង​គ្រោះថ្នាក់​ដោយសារ​ការបាត់បង់​ទីជម្រក​រស់នៅ ការបរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការជួញដូរ​៕

វីដេអូ៖