ភ្នំពេញៈ លោក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ក្នុងរយៈពេល ៦ ថ្ងៃ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍គឺមន្ត្រីនគរបាលបានផាកពិន័យយានយន្តល្មើសច្បាប់ចរាចរណ៍ជាង ១២ ពាន់ (១២ ៧៣២) គ្រឿងក្នុងនោះមានម៉ូតូចំនួន ៩ ៩១៥ គ្រឿង និងរថយន្តចំនួន ២ ៨១៧ គ្រឿង។
លោក ឆាយ គឹមខឿន បានថ្លែងពីម្សិលមិញថា សម្រាប់អ្នកបើកបរម៉ូតូដែលល្មើសច្បាប់គឺភាគច្រើនមិនពាក់មួក បំពានស្លាកសញ្ញា និងអត់មានស្លាកលេខ រីឯអ្នកបើកបរឡានវិញ មិនពាក់ខ្សែក្រវាត់ គ្មានបណ្ណបើកបរ និងប្រើប្រាស់ទូរស័ព្ទ។ លោកបន្តថា ការផាកពិន័យទាំងនេះគឺបង្ខំពលរដ្ឋឱ្យរាងចាល និងងាកមកគោរពច្បាប់ចរាចរណ៍។
លោកថា៖ «កងកម្លាំងនគរបាលជាតិនៅតែប្តេជ្ញាចិត្តបន្តអនុវត្តពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក...ដើម្បីចាប់បង្ខំឱ្យអ្នកដែលមិនគោរពច្បាប់ ងាកមកគោរពច្បាប់ទាំងអស់គ្នា ហើយយើងសង្ឃឹមថា អ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមានទម្លាប់មិនគោរពច្បាប់ ងាកមកភ្ញាក់រឭកចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា»។
លោកបានថ្លែងថា អគ្គស្នងការដ្ឋាននគរបាលជាតិនឹងខិតខំអប់រំណែនាំដល់នគរបាលចរាចរណ៍ឱ្យអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ មានតម្លាភាព ដោយគ្មានការរើសអើងត្រូវប្រកបដោយកាយវិការទន់ភ្លន់ សុភាពរាបសា។
យោងទិន្នន័យពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថាក្នុងរយៈពេល ៦ ថ្ងៃ ក្នុងខែឧសភានេះនៅទូទាំងប្រទេសមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣៦ លើកបណ្ដាលឱ្យស្លាប់ ១៩ នាក់ និងរបួសធ្ងន់ស្រាលចំនួន ៣៩ នាក់។ យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិអះអាងថា ក្នុងរយៈពេល ៦ ថ្ងៃមកនេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងភ្នំពេញគឺបានថយចុះ និងគ្មានអ្នកស្លាប់ឡើយ៕