ភ្នំពេញៈ ស្នងការដ្ឋាននគរបាលរាជធានីប្រកាសចាត់វិធានការរាល់រថយន្ត និងទោចក្រយានយន្តត្រីចក្រយានយន្តគ្មានស្លាកលេខដែលកំពុងចរាចរណ៍នៅលើដងផ្លូវ ដោយលើកហេតុផលថា អ្នកបើកយានយន្តគ្មានស្លាកលេខទាំងនេះបានឆ្លៀតឱកាសប្រព្រឹត្តអំពើល្មើស ខណៈនៅភ្នំពេញមានរថយន្តប្រមាណ ៥០ ម៉ឺនគ្រឿង និងម៉ូតូ ១ លាន ៦ សែន ៥ ម៉ឺនគ្រឿងបានចុះបញ្ជី។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងចុះនៅថ្ងៃទី ១១ ខែតុលាថាចាប់តាំងពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៩ តទៅនគរបាលនឹងចាត់វិធានការត្រួតពិនិត្យ និងចាប់ឃាត់ជាបណ្តោះអាសន្ននូវរថយន្ត និងទោចក្រត្រីចក្រយានយន្តដែលគ្មានស្លាកលេខយកមករក្សាទុក និងធ្វើការផាកពិន័យនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករហូតទាល់តែធ្វើស្លាកលេខរួចរាល់ទើបអនុញ្ញាតឲ្យយកត្រឡប់ទៅវិញបាន។
វិធានការដែលដាក់ចេញនេះគឺធ្វើឡើងដោយសារតែមួយរយៈពេលចុងក្រោយនេះមានរថយន្ត និងទោចក្រត្រីចក្រយានយន្តមួយចំនួនដែលធ្វើចរាចរណ៍នៅតាមដងផ្លូវដោយគ្មានស្លាកលេខ ឬប្រើប្រាស់ស្លាកលេខមិនប្រក្រតី និងបានឆ្លៀតឱកាសយករថយន្ត និងទោចក្រត្រីចក្រយានយន្តទាំងនោះទៅប្រព្រឹត្តអំពើឆក់ ប្លន់ ឬធ្វើសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត និងបង្កគ្រោះថ្នាក់ រួចបើកគេចវេះពីការទទួលខុសត្រូវចំពោះមុខច្បាប់។
ស្នងការដ្ឋាននគរបាលរាជធានីបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា៖ «ចំពោះមុខដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សង្គមនៅរាជធានីភ្នំពេញសំដៅទប់ស្កាត់បង្ក្រាបរាល់សកម្មភាពល្មើសច្បាប់ផ្សេងៗ និងផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវតាមរកជនល្មើសមួយចំនួន និងបង្កើនប្រសិទ្ធភាពនៃការគោរពច្បាប់»។
សេចក្តីជូនដំណឹងបន្តថា ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនត្រឹមត្រូវត្រូវរួសរាន់ទៅបំពេញបែបបទសុំស្លាកលេខ និងបណ្ណសម្គាល់រថយន្ត និងទោចក្រត្រីចក្រយានយន្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
លោក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញបានថ្លែងនៅលើគេហទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋានថា កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទាំង ១៤ នឹងចាប់ផ្តើមធ្វើការឃាត់ទុកបណ្តោះអាសន្ន និងធ្វើការផាកពិន័យទៅតាមច្បាប់កំណត់ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វើចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតីចាប់ពីថ្ងៃប្រកាសនេះទៅ។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍យ៉ាងខ្លីកាលពីម្សិលមិញបន្ថែមថា៖ «យើងមិនកំណត់ថ្ងៃជាក់លាក់ក្នុងការចុះត្រួតពិនិត្យនោះទេគឺយើងចាប់ផ្តើមពីពេលនេះទៅហើយ»។
យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកមាត្រា ៨២ បានចែងថាជនណាប្រើប្រាស់រថយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត និងគ្មានស្លាកលេខសម្គាល់រថយន្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃដល់ ១ ខែ និងពិន័យជាប្រាក់ពី ១ សែនរៀល ដល់ ៨ សែនរៀល។
លោក គង់ រតនៈ នាយកស្ដីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថាជាទូទៅយានយន្តមានស្លាកលេខ ឬអត់ស្លាកលេខដែលធ្វើចរាចរណ៍លើដងផ្លូវ បើសិនបើមិនគោរពច្បាប់គឺមានហានិភ័យដូចគ្នា។ ប៉ុន្តែលោកថា បើយានយន្តដែលគ្មានស្លាកលេខគឺច្បាស់ណាស់មានផលប៉ះពាល់ដល់សន្តិសុខ បើសិនបើពួកគាត់បានប្រព្រឹត្តសកម្មភាពល្មើសថែមទាំងបង្កការលំបាកក្នុងការកំណត់អត្តសញ្ញាណទៀតផង។
លោក គង់ រតនៈ បានបន្តថាការដែលអាជ្ញាធរមានវិធានការលើបញ្ហានេះគឺជាការប្រសើរ ដូច្នេះបន្ថែមពីលើវិធានការនេះលោកស្នើឲ្យអាជ្ញាធរគួរមានផែនការឲ្យបានច្បាស់លាស់ក្នុងការរឹតបន្តឹងច្បាប់ និងអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងឈានទៅដល់ការចាត់វិធានការទៅលើទីតាំងលក់យានយន្តគ្មានពន្ធគ្រប់ប្រភេទដែលលោកចាត់ទុកជាមូលហេតុធំ នាំឲ្យមានភាពអនាធិបតេយ្យក្នុងការធ្វើចរាចរណ៍យានជំនិះគ្មានស្លាកលេខនៅក្នុងប្រទេស។
លោកបានបញ្ជាក់ថាលោកនៅតែឃើញមានក្រុមហ៊ុនមួយចំនួននៅតែបន្តលក់យានយន្តដែលគ្មានពន្ធនៅលើទីផ្សារដែលទាមទារការចាត់វិធានការជាបន្ទាន់ និងមានប្រសិទ្ធភាព ស្របពេលដែលយានយន្តដែលគ្មានស្លាកលេខភាគច្រើនត្រូវបានប្រើប្រាស់ដោយមន្ត្រី។
លោកបញ្ជាក់ថា៖ «កន្លងមកយើងឃើញមួយចំនួនធំដែលជាមន្ត្រីខិលខូចមួយចំនួនក្នុងស្ថាប័នអនុវត្តច្បាប់ហ្នឹង ដែលខ្ញុំមិនប្រាកដមួយណាទេ តែខ្ញុំឃើញភាគច្រើនយានយន្តដែលអត់ពន្ធ គាត់ច្រើនប្រើប្រាស់ស្លាកលេខ ខ.ម ឬខេមរភូមិន្ទអីជាដើម។
ខ្ញុំមិនចោទប្រកាន់ទាំងស្រុងទេ ព្រោះមានអ្នកទទួលបានសិទ្ធិប្រើប្រាស់ស្លាកលេខនេះ ប៉ុន្តែអ្នកដែលខិលខូចមួយចំនួន បន្លំប្រើប្រាស់ស្លាកលេខ ឬប្រើប្រាស់យានយន្តអត់ស្លាកលេខនេះ។ ដូច្នេះមានតែការរឹតបន្តឹងច្បាប់ប្រកបដោយតម្លាភាព និងគ្មានការលើកលែងដោយចូលរួមគោរពច្បាប់ទាំងអស់គ្នាទេ ទើបអាចដោះស្រាយបាន»។
លោក ប៉ាល់ ចន្ទតារា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ចូនបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា៖ «គិតមកត្រឹមឆ្នាំ ២០១៩ នេះនៅរាជធានីភ្នំពេញមានរថយន្តចំនួន ៥០ ម៉ឺនគ្រឿង និងម៉ូតូមានចំនួន ១ លាន ៦ សែន ៥ ម៉ឺនគ្រឿងបានចុះបញ្ជី។ យើងមិនដឹងទេថា យានយន្តគ្មានពន្ធ (មិនបានចុះបញ្ជី) មានចំនួនប៉ុន្មានគ្រឿងនោះទេ ដែលកំពុងចរាចរណ៍នៅក្នុងរាជធានីភ្នំពេញគឺយើងអត់ដឹងទេ»៕