ភ្នំពេញៈ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​អនុវត្ដ​វិធានការ​ក្តៅ​ក្នុង​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ នៅពេល​យប់​ចាប់ពី​ម៉ោង​ ១១ ​យប់​ដល់​ម៉ោង​ ២ ​កន្លះ​រំលង​អធ្រាត្រ​ដោយ​មិនមាន​ការលើកលែង​ចំពោះ​អ្នកបើកបរ​ល្មើស​ឡើយ ខណៈ​គ្រាន់តែ​ ១ ​យប់​ថ្ងៃ​ចន្ទ ទី​ ៩ ខែ​មីនា សមត្ថកិច្ច​បាន​ចាប់​ឃាត់​រថយន្ត​ និង​ម៉ូតូ​រហូត​ដល់​ជាង ៤០០ ​គ្រឿង​យក​ទៅ​ស្នងការដ្ឋាន​ដើម្បី​ធ្វើការ​អប់រំ​ និង​ផាកពិន័យ​។ ​

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅពេល​យប់​នេះ​គឺ​មាន​ការត្រួតពិនិត្យ​សារជាតិ​ស្រវឹង​ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ករណី​គ្រឿងញៀន​ និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ជាដើម​នៅតាម​បណ្តា​គោលដៅ​នានា​ក្នុង​ខណ្ឌ​ទាំង​ ១៤ ចាប់ពី​ម៉ោង ១១ ​យប់​ដល់​ម៉ោង​ ២ ​កន្លះ​រំលង​អធ្រាត្រ​ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ និង​កាត់បន្ថយ​ករណី​បទល្មើស​ផ្សេងៗ ឱ្យមាន​ការថយចុះ​រឹតតែ​ខ្លាំង​ថែមទៀត​។

លោកស្នងការ​បានបញ្ជាក់​ថា​៖ «​យើង​រឹតបន្ដឹង​ទាំង​ការបើកបរ​ដោយ​មិន​ពាក់មួក​ទាំង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ក្រុម​ក្មេង​ទំនើង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​គឺ​រួម​ទាំងអស់​មិនមែន​តែ​​ធ្វើ​តែ​លើ​រឿង​ចរាចរណ៍​តែមួយ​មុខ​ទេ​គឺ​ធ្វើ​ទាំងអស់​សំដៅ​ឱ្យ​បទល្មើស​ផ្សេងៗ​មានការ​ថយចុះ​កាន់តែខ្លាំង​»​។

លោក​បន្តថា ការរឹតបន្តឹង​ច្បាប់​នេះ​មិនមាន​ពេល​កំណត់​នោះទេ ប៉ុន្ដែ​ចាប់ធ្វើ​ពីថ្ងៃ​ទី ៩ ខែ​មីនា រហូត​ដល់ពេល​មាន​ការកែសម្រួល​អនុក្រឹត្យ​ថ្មី​លើ​ការបង្កើន​ការផាកពិន័យ​។

លោក ស ថេត បញ្ជាក់ថា​៖ «​យើង​ធ្វើជា​រៀងរាល់​យប់​ក្នុង​ ១ ​យប់​យើង​ដាក់​កម្លាំង​ចល័ត​ចំនួន​ ៧ គោលដៅ​ក្នុង​ ១ ​គោលដៅ​មាន​កម្លាំង​ ៤៥ ​នាក់​។ ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ​ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅពេល​យប់​មាន​សភាព​ធ្ងន់ធ្ងរ បើ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង មិនសូវមាន​អ្នករបួស​ទេ ឱ្យ​តែមាន​កើតឡើង​គឺ​ស្លាប់​តែម្ដង ព្រោះ​អ្នកបើកបរ​ពេលយប់​ភាគច្រើន​បើកបរ​ក្នុង​ល្បឿន​លឿន​ និង​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ហើយ​អ្នកបើកបរ​ច្រើន​ជា​យុវជន​»​។

លោក​បញ្ជាក់ថា ការអនុវត្ដ​ការ​រឹតបន្តឹង​ច្បាប់​នេះ​នៅពេល​ឃាត់​បាន​អ្នក​ល្មើសច្បាប់ និង​នាំយក​ទៅកាន់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​តែម្ដង ដើម្បី​ធ្វើការ​ណែនាំ​ និង​ផាកពិន័យ​ដោយ​មិនមាន​ករណី​ឃាត់ខ្លួន ហើយ​ទៅ​ទិញ​មួក ឬ​ឱ្យ​អ្នកផ្សេង​យក​មួក​មកឱ្យ​ហើយ​អាច​ទៅវិញ​បាន​ទៀត​នោះទេ​គឺ​ផាកពិន័យ​តែម្ដង ដើម្បីឱ្យ​ពលរដ្ឋ​គោរព​ច្បាប់ ដោយ​មិនមាន​ការយោគយល់​ ឬ​កិច្ចអន្តរាគមន៍​អ្វី​ទាំងអស់​។

លោក​បន្ថែមថា​៖ «​យើង​មិន​ចង់យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ទេ ប៉ុន្ដែ​ធ្វើ​ក្នុង​គោលបំណង​ល្អ​ដើម្បី​ថែរក្សា​អាយុជីវិត​ប្រជាពលរដ្ឋ និង​ធ្វើយ៉ាងណា ដើម្បី​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។ សំខាន់​ឱ្យ​ពលរដ្ឋ​ចេះ​គោរព​ច្បាប់​ការពារ​អាយុជីវិត​របស់​ពួកគាត់ ព្រោះ​យើង​មិន​ចង់ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ជា​រៀងរាល់ថ្ងៃ​បែបនេះ​ទេ​»​។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ស្ដីពី​លទ្ធផល​ត្រួតពិនិត្យ​ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​យប់​ថ្ងៃ​ចន្ទ​ទី​ ៩ ខែ​មីនា​បាន​បង្ហាញថា បាន​ឃាត់​អ្នកបើកបរ​ម៉ូតូ​អត់​ពាក់​ពួក​សុវត្ថិភាព​បាន​ចំនួន​ ៣៧៤ ​គ្រឿង ​អត់​កញ្ចក់​ ១ ​គ្រឿង​បើកបរ​រថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ ១៤ ​គ្រឿង និង​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ ១៥ ​គ្រឿង និង​ឃាត់​បាន​ករណី​គ្រឿងញៀន ១ ​ករណី​ផងដែរ​។ របាយការណ៍​នេះ​បញ្ជាក់ថា សរុប​ក្នុង​ ១ ​យប់​ថ្ងៃទី​ ៩ ខែមីនា​សមត្ថកិច្ច​ឃាត់​បាន​ម៉ូតូ​ ៣៨៩ ​គ្រឿង​ និង​រថយន្ត​ ១៤ គ្រឿង​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​​ផ្លូវគោក ដើម្បី​ធ្វើការ​អប់រំ ណែនាំ និង​ផាកពិន័យ​តាមច្បាប់​​ចរាចរណ៍​ផ្លូវគោក​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ក្នុងពេល​ធ្វើជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា​នៅ​កោះពេជ្រ​កាលពី​ម្សិលមិញ​ដោយបាន​ឯកភាព​ចំពោះ​ការអំពាវនាវ​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ដោយ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ភ័យខ្លាច​ចំ​ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ដូច​ទៅ​នឹង​ការភ័យខ្លាច ការឆ្លង​វីរុស កូវីដ​ ១៩ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​លើផ្លូវ​ថ្នល់​ជា​រៀងរាល់ថ្ងៃ​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ខ្ញុំ​ឯកភាព​ជាមួយ​ឯកឧត្ដម ខៀវ កាញារីទ្ធ ម្សិលមិញ​ (​ថ្ងៃ​ ៩ មីនា​) ​គាត់​ប្រកាស គាត់​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ភ័យខ្លាច​គ្រោះថ្នាក់​ចរាចរណ៍​ស្មើនឹង​ភ័យខ្លាច​កូវីដ​ ១៩ ប្រហែលជា​ជីវិត​មនុស្ស​នៅ​គង់វង្ស​រាប់ពាន់នាក់​។ រឿង​និយាយ​ការពិត ខ្មែរ​យើង​មិនបាន​យក​ការភ័យខ្លាច​លើ​គ្រោះថ្នាក់​ចរាចរណ៍​ស្មើនឹង​ការភ័យខ្លាច​កូវីដ​ ១៩ ទេ​។ ឥឡូវ​នាំគ្នា​ខ្លាច​គ្រោះថ្នាក់​ចរាចរណ៍​វិញ​ម្ដង​មើល បើ​មិន​កាត់បន្ថយ​ការស្លាប់​មនុស្ស​។ ប៉ុន្ដែ​រឿង​មិនគួរ​ខ្លាច​ទៅជា​នាំគ្នា​ខ្លាច​ពេញ​ទឹក​ពេញ​ដី ខ្លាច​ជ្រុល​»​។

លោកស្រី លឹម សុខជា ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សាទរ​ចំពោះ​ការ​អនុវត្ដ​វិធានការ​ចំ​គោលដៅ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នេះ ខណៈ​ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៦១ ​ភាគរយ​នៅពេល​យប់​ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាងហោចណាស់​ ២ ​ថ្ងៃ​មាន​ចំនួន​ ៣ ​នាក់​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​យន្ត​ការដែល​ធ្វើឡើង​នៅពេល​យប់​នេះ គឺ​ស្របទៅនឹង​បញ្ហា​ដែល​កំពុង​ប្រឈម និង​កំពុង​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ប្រឈម​ចំ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ​»​។

លោកស្រី​បន្តថា​៖ «​ឥរិយាបថ​របស់​ពល​រដ្ឋ​យើង​នៅពេល​យប់ ពួកគាត់​បើកបរ​មិនសូវ​គោរព​ច្បាប់​ និង​ស្ថិតនៅក្នុង​ស្ថានភាព​ស្រវឹង​។ ដូច្នេះ​ការ​អនុវត្ដ​វិធានការ​រឹតបន្ដឹង​ច្បាប់​នេះ គឺ​ពិតជា​អាច​ជំរុញ​ឱ្យ​អត្រា​អ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​អាច​ថយចុះ​បាន​»៕