ភ្នំពេញ: នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន​ចំនួន ២៦ ​មក​ផ្ដល់​អាសយដ្ឋាន​លេខ​ទូរស័ព្ទ​ទាក់ទង និង​បំពេញ​ឯកសារ​មួយចំនួន​បន្ថែម​ទៀត ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូតដល់​ថ្ងៃទី​ ៣០ ខែកញ្ញា ​ឆ្នាំ​ ២០២០ ខណៈ​មន្ត្រី​ថ្លែងថា ក្រុមហ៊ុន​សន្តិសុខ​ទាំង​ ២៦ ​នេះ​គ្មាន​សកម្មភាព​បម្រើ​សេវាកម្ម​ទេ​។

តាម​សេចក្ដី​ជូនដំណឹង​របស់​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចុះ​ថ្ងៃទី​ ២៦ ​ខែ​សីហា ​ឲ្យ​ដឹងថា កន្លង​មក​នេះ ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​ចំនួន ២៦ ​ក្រុមហ៊ុន មិនមាន​សកម្មភាព​បម្រើ​សេវាកម្ម​សន្ដិសុខ​ឯកជន​ហើយ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​ក៏​មិនអាច​ទំនាក់ទំនង​បាន​ដែល​ធ្វើឲ្យ​តួលេខ​នៃ​ការគ្រប់គ្រង​សន្ដិសុខ​ឯកជន​មិនមាន​ភាព​សុក្រឹត​។

សេចក្ដី​ជូនដំណឹង​បាន​បន្តថា ដូច្នេះ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន សូម​ជូនដំណឹង​ដល់​លោក​អគ្គនាយក លោកស្រី​អគ្គនាយិកា​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​ដែល​ពុំមាន​សកម្មភាព​បម្រើ​សេវាកម្ម​ទាំងនេះ សូម​ទាក់ទង​មក​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ដើម្បី​ផ្ដល់​អាសយដ្ឋាន លេខ​ទូរស័ព្ទ​ទាក់ទង និង​បំពេញ​ឯកសារ​មួយចំនួន​បន្ថែម​ទៀត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូតដល់​ថ្ងៃទី​ ៣០ ខែ កញ្ញា ឆ្នាំ​ ២០២០​។

លោក លឹម សុខារស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​បាន​ថ្លែង​ពីថ្ងៃ​ពុធ​ថា មន្ត្រី​ជំនាញការ​ជូនដំណឹង​នេះ​ដោយសារ​ក្រុមហ៊ុន​សន្ដិសុខ​ដែល​បានមក​ចុះបញ្ជី​ទាំង​ ២៦ ​នោះ​គ្មាន​សកម្មភាព​អ្វី​ទាំងអស់​ក្នុង​កិច្ចការ​ជួយ​ការពារ​សន្ដិសុខ​សុវត្ថិភាព​សង្គម​។

លោក​បន្តថា ដូច្នេះ​មន្ត្រី​ជំនាញ​ត្រូវ​ក្រើនរំឭក​ពួកគាត់​ឲ្យ​ចាត់​តំណាង​ក្រុមហ៊ុន​ម្នាក់​មក​បង្ហាញខ្លួន ដោយ​នាំយកមក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​។ លោក​បញ្ជាក់ថា​៖ «​យើង​មិនដឹងថា ក្រុមហ៊ុន​គាត់​បិទ​ហើយ​ឬ​នៅទេ​? បើ​គាត់​លែងមាន​សកម្មភាព​អ្វី គឺ​យើង​នឹង​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​បិទ ឬ​លុបឈ្មោះ​ក្រុមហ៊ុន​គាត់​តែម្ដង ប៉ុន្ដែ​បើ​គាត់​មិនទាន់​បិទ​ទេ ត្រូវ​មក​បង្ហាញខ្លួន ដើម្បី​ជជែក​គ្នា​រក​ដំណោះស្រាយ​បន្តទៀត​»​។

បើ​តាម​លោក សុខារស្មី វិស័យ​សន្តិសុខ​ឯកជន​មាន​សារៈសំខាន់​ក្នុង​ការរួមចំណែក​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក៏ដូចជា​សង្គមជាតិ​ទាំងមូល ជាពិសេស​ភ្នាក់ងារ​សន្តិសុខ​ឯកជន ដែល​ឈរជើង​នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស ធនាគារ កន្លែង​ប្តូរប្រាក់ ទីតាំង​លក់​វត្ថុ​មានតម្លៃ​មាសពេជ្រ ផ្សារ​ទំនើប ផ្សារ​សាធារណៈ សណ្ឋាគារ​ទំនើបៗ ភោជនីយដ្ឋាន​​រមណីយដ្ឋាន ផ្ទះសំណាក់ បុរី រោងចក្រ ក្លិប​កម្សាន្ដ និង​ទីកន្លែង​កម្សាន្ដ​នានា​។

លោក នុក ណេ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​សន្ដិសុខ ភី អិល ​(​ខេមបូឌា) ​ស៊ីឃ្យួរីធី (P.L (Cambodia)Security Co ..,LTD) ​ដែល​មាន​សន្តិសុខ​ជិត​ ៣០០ ​នាក់​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​របស់លោក​បាន​និង​កំពុង​បម្រើ​សេវាកម្ម​ជូន​អតិថិជន​យ៉ាងសកម្ម ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ហើយ​បុគ្គលិក​សន្ដិសុខ​របស់លោក​តែងតែ​សហការ​ជាមួយ​មន្ត្រី​សមត្ថកិច្ច​យ៉ាងល្អ​។

លោក​បន្តថា បុគ្គលិក​សន្ដិសុខ​ដែល​បានផ្ដល់​សេវា​សន្ដិសុខ​ឯកជន​ដល់​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ត្រូវ​បាន​ក្រុមហ៊ុន​ពិនិត្យមើល​ទៅលើ​សាវតារ ប្រវត្តិរូប​របស់​បុគ្គលិក​ម្នាក់ៗ​យ៉ាងច្បាស់​លាស់​មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ​។

លោក​បញ្ជាក់ថា​៖ «​ពួកខ្ញុំ​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ការពារ​សន្ដិសុខ​នេះ​ជាច្រើន​ឆ្នាំ​ហើយ ប៉ុន្ដែ​មិនដែល​មាន​បញ្ហា​អ្វី​ជាមួយ​សមត្ថកិច្ច និង​អតិថិជន​ទេ គឺ​យើង​បាន​ជួយ​ការពារ​ទ្រព្យសម្បត្តិ​អតិថិជន ក៏ដូចជា​អចលនទ្រព្យ​របស់​អតិថិជន​បាន​យ៉ាង​ល្អ​»​។

ក្រុមហ៊ុន សុវត្ថិ ខេមបូ គ្រុប ខូ អិលធីឌី (SOWATHE CAMBO GROUP Co., LTD(S.C.G) ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​សេចក្ដី​ជូនដំណឹង​នេះ​ទេ​។

ចំណែក​ក្រុមហ៊ុន​សន្តិសុខ អឹម.អេស.អឹម សិកឃ្យូរីធី (​ខេមបូឌា) ​ខូអិលធីឌី (M.S.M) ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ ប៉ុន្ដែ​ក៏​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការជូនដំណឹង​នេះ​ផងដែរ​៕