ភ្នំពេញៈ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន ចំពោះ​ល្បិចកល​បោកប្រាស់​មួយចំនួន​របស់​ជនខិលខូច ក្នុង​ពេល​ដែល​ជំងឺ​កូវីដ១៩ កំពុង​តែ​រីករាលដាល។

ល្បិច​ទាំងនោះ​មាន​ជា​រូបភាព​ការជួយឧបត្ថម្ភ​ថវិកា ឬ​ម្ហូបអាហារ ការផ្ដល់ប្រាក់​កម្ចីងាយៗ ឬ​បន្លំ​ជា​អាជ្ញាធរ មន្ត្រី​មន្ទីរពេទ្យ ហើយ​ទាមទារ​ឱ្យ​បង់ប្រាក់​ ដើម្បី​ជួយឧបត្ថម្ភ ឬ​ជួយសង្គ្រោះ។

លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ឲ្យ​ដឹងថា ក្នុងពេល​ប្រជាពលរដ្ឋ​កំពុង​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​នឹង​ការរាតត្បាត​ពី​ជំងឺ​កូវីដ១៩ ក៏មាន​ជនខិលខូច​មួយចំនួន​បាន​កំពុង​រិះរក​ល្បិចកល ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ ដោយ​បន្លំ​ក្រោម​រូបភាព​ផ្សេងៗ​ជាច្រើន។

លោក​ថ្លែងថា៖ «ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជនខិលខូច​មួយចំនួន ដែល​អាច​ឆ្លៀតឱកាស​បោកប្រាស់​បងប្អូន​តាមរយៈ​ទូរស័ព្ទ ឬ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្រោម​រូបភាពផ្សេង»។

បើតាម​លោក ជា ពៅ ជនខិលខូច​អាច​ប្រើ​វិធី​មួយ​ចំនួន​ដូចជា ការជួយឧបត្ថម្ភ​ថវិកា ឬ​ម្ហូបអាហារ ដែល​វិធី​នេះ ជនខិលខូច​អាច​ផ្ញើសារ ឬ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្នុង​ន័យ​ជួយឧបត្ថម្ភ ប៉ុន្តែ​ទាមទារ​ឱ្យ​បងប្អូន​ចុច Like ដើម្បី​បង្កើន​ចំនួន Like ផេក​របស់​ពួកគេ ឬ Share ព័ត៌មាន​ ដើម្បី​បំពុលសង្គម​តែប៉ុណ្ណោះ។

វិធី​បោកប្រាស់​មួយទៀត​ គឺ​ធ្វើ​ជា​ការផ្ដល់​ប្រាក់​កម្ចីងាយៗ ដែល​តាមរយៈ​កម្មវិធី​នេះ ជនខិលខូច​ទាមទារ​ឱ្យ​បង់​កម្រៃ​សេវាកម្ម​ជាមុន និង​ភ្ជាប់​មកជា​មួយ​នូវ​តំណរ​ភ្ជាប់ (Link) ដែល​មាន​ផ្ទុកមេរោគ​ ដើម្បី​លួច​យក​ទិន្នន័យ។ ចំណែក​វិធី​មួយទៀត​ គឺ​គេ​ក្លែងបន្លំ​ជា​អាជ្ញាធរ ឬ​មន្ត្រី​មន្ទីរពេទ្យ ហើយ​ទាមទារ​ឱ្យ​បង់ប្រាក់​ ដើម្បី​ជួយឧបត្ថម្ភ ឬ​ជួយសង្គ្រោះ​បងប្អូន។

លោក ជា ពៅ បញ្ជាក់​ថា​ការប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​បែបនេះ មិនមែន​មាន​ន័យថា សកម្មភាព​នោះ​បាន​កើតឡើង ហើយ​ទើប​ធ្វើការ​ប្រកាសប្រាប់​ពលរដ្ឋ​នោះទេ។

លោក​ថា នេះ​ជា​ការពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ជាមុន ដើម្បី​កុំឲ្យ​ចាញ់​ការឆបោក ដែល​នាំឲ្យ​ខាតបង់​ពេលវេលា និង​ទ្រព្យសម្បត្តិ។

លោក​បញ្ជាក់ថា៖ «អ្វីដែល​យើង​ធ្វើ​ហ្នឹង គឺជា​សារ​អប់រំ ដើម្បី​ការពារ​ទុកជាមុន ឲ្យ​ប្រជាជន​ប្រយ័ត្នប្រយែង ព្រោះ​ប្រជាជន​ម្នាក់ៗ​រាល់ថ្ងៃនេះ កំពុងតែ​ចង់បាន​ស្បៀងអាហារ​អីចឹង មាន​អ្នក​បន្លំ ព្រោះ​ពីមុន​មក​ធ្លាប់មាន​ករណី​បែប​ហ្នឹង អីចឹង​យើង​ត្រូវតែ​បង្ការ​ប្រជាពលរដ្ឋ​ ដោយសារ​តែ​ការប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្នឹង​វា​ច្រើន​ឥឡូវ​ហ្នឹង» ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់ខ្លួន នៅ​ថ្ងៃទី ២២ ខែមេសា នេះ​ថា ដើម្បី​ការពារ​ពី​ការបោក​បន្លំ​ដោយ​ជនខិលខូច​មួយចំនួន​នោះ សូម​ប្រជាពលរដ្ឋ​អនុវត្ត​តាម​ការណែនាំ​មួយចំនួន​ដូចជា ធ្វើការ​បញ្ជាក់​ប្រភពព័ត៌មាន ថា​ជា​ប្រភព​ផ្លូវការ​មុន​នឹង​ចុច​លើ​តំណ​ភ្ជាប់ (Link) ឬ​ចុច Like ឬ Share ផេក​ណាមួយ។

ធ្វើការ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ផ្ដល់ព័ត៌មាន​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​ការឧបត្ថម្ភ​ម្ហូបអាហារ ឬ​ការឧបត្ថម្ភ​ផ្សេងៗ​ទៀត ដើម្បី​ចៀសវាង​កុំឱ្យ​ជនខិលខូច អាច​យក​ទិន្នន័យ​ទាំងនេះ​ទៅ​ធ្វើការ​បោក​បញ្ឆោត​នៅពេល​ក្រោយ។

លោក​បន្ថែមថា៖ «ក្នុងករណី​ដែល​មាន​ការសង្ស័យ បងប្អូន​អាច​ធ្វើ​ការទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យប្រើប្រាស់ ដើម្បី​ទទួល​ព័ត៌មាន​លម្អិត។ ក្នុងករណី​ដែលមាន​ការពាក់ព័ន្ធ​នឹង​ការផ្ដល់សេវា​សុខាភិបាល សូម​ទូរស័ព្ទ​ទៅ​លេខ ១១៥ ឬ​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​សួរនាំ​បន្ថែម ឬ​បញ្ជាក់​ពី​ព័ត៌មាន​ទាំងនោះ»។

លោក ស៊ឹង សីហា ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ បាន​ឲ្យ​ដឹងថា តាមរយៈ​ការប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក លោក​សង្កេត​ឃើញថា មាន​ករណី​បង្ហោះ​បោក​បញ្ឆោត​ដោយ​ដាក់​លុយ​ធ្វើជា​នុយ ច្រើន​បែប​ច្រើនយ៉ាង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ។

លោក​បញ្ជាក់ថា៖ «ខ្វះ​អី​អាល្បិច​អីចឹង គេ​លេង​តាម​ហ្វេសប៊ុក គេ​សំ​ញ៉ែង​លុយ​គេ​រាប់ម៉ឺន​ដុល្លារ​គេ​ចែក​អីចេះ ចែក​អីចុះ យើង​ទៅ​ពាក់ព័ន្ធ​ធ្វើ​អី ក្រឡា​ហ្នឹង​ចេញមក​ដឹង​តែ​បោក​ហ្មង ទៅ​ចំណាយពេល​ជាមួយ​ពួកវា បាន​ការអី»៕