ភ្នំពេញ: នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ព្រមាន​ឱ្យ​បញ្ឈប់​សកម្មភាព​អសីលធម៌​ក្នុង​កម្មវិធី​បណ្តាញ​សង្គម TikTok ខណៈ​មន្ត្រី​កត់សម្គាល់ឃើញ​យុវជន​មួយចំនួន​បាន​ប្រើប្រាស់​កម្មវិធី​នេះ បង្កើត​វីដេអូ​បង្ហាញ​កាយវិការ ឬ​រូបភាព​អាសអាភាស​ប្រាសចាក​ពី​ក្រមសីលធម៌​សង្គម​ ឬ​ច្បាប់​កម្ពុជា​។

សារ​ព្រមាន​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​របស់ខ្លួន​ឱ្យ​ដឹងពី​ម្សិលមិញ​ថា កម្មវិធី​កម្សាន្ត​ TikTok ​គឺជា​កម្មវិធី​វីដេអូ​ខ្លីៗ​ដែល​កំពុង​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា ដើម្បី​ទទួល​បាន​ការទាក់ទាញ​អ្នកទស្សនា ដោយ​អ្នកប្រើប្រាស់ TikTok ព្យាយាម​បង្កើត​វីដេអូ​ត្រាប់​សំឡេង ឬ​ការបញ្ចេញ​កាយវិការ​កំប្លែង​។​ល​។

កន្លងមក​ក្រុមការងារ នាយកដ្ឋាន​ព័ត៌មានវិទ្យា​សង្កេតឃើញ​មាន​យុវជន​មួយចំនួន​បាន​ប្រើប្រាស់​កម្មវិធី​នេះ​ប្រាសចាក​ពី​ក្រមសីលធម៌ ឬ​ច្បាប់​កម្ពុជា​ដូចជា ការបង្កើត​វីដេអូ​បង្ហាញ​កាយវិការ​ ឬ​រូបភាព​អាសអាភាស ការបង្កើត​វីដេអូ​ជាមួយ​កាយវិការ ឬ​ពាក្យពេចន៍​អសីលធម៌ និង​ការបង្កើត​វីដេអូ​ក្នុង​គោលបំណង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បង្ខូច​កិត្តិយស​អ្នកដទៃ ឬ​បង្ក​ឱ្យ​មាន​ចលាចល​សង្គម​។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​ក្រើនរំឭក​ដល់​អ្នកលេង​កម្មវិធី​បណ្តាញ​សង្គម TikTok ត្រូវតែ​បញ្ឈប់​សកម្មភាព​ខុសឆ្គង​ដូច​បាន​រៀបរាប់​ខាងលើ ព្រោះ​ទង្វើ​ទាំងនេះ​អាច​ធ្វើឱ្យ​ខ្លួន​ក្លាយជា​ជនសង្ស័យ​នៃ​បទល្មើស​ណាមួយ​ដោយ​ពុំបាន​ដឹងខ្លួន​។

លោក ហោ សំអាត អគ្គលេខាធិការរង​ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ​មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​ពី​ម្សិលមិញ​។

យុវជន​ម្នាក់​ឈ្មោះ ដួង សីហា អាយុ​ ២០ ​ឆ្នាំ​ដែលជា​អ្នក​ចូលចិត្ត​លេង​បណ្ដាញ​សង្គម TikTok ថ្លែង​ពី​ម្សិលមិញ​ថា រូបគេ​ចាប់ផ្ដើម​លេង TikTok ជិត​ ១ ​ឆ្នាំ​ហើយ ដោយសារ​ឃើញ​មិត្តភក្តិ​នាំគ្នា​លេង​យ៉ាង​សប្បាយ​។

យុវជន​រូបនេះ​បន្តថា នៅក្នុង​បណ្ដាញ TikTok នេះ​រូបគេ​ចូលចិត្ត​មើល​វីដេអូ​ខ្លីៗ​របស់​មិត្តភក្ដិ​សម្ដែង​ដែល​មាន​ការរាំច្រៀង និង​ធ្វើ​កាយវិការ​ត្រាប់ ឬ​និយាយ​តាម​សំឡេង​ចម្រៀង​ និង​ការនិយាយ​បែ​បក​ប្លែង​។ ចំណែក​រូបគេ​មិនដែល​បាន​សម្ដែង​ ឬ​ប្រព្រឹត្ត​អ្វីដែល​ប៉ះពាល់​ដល់​អ្នកដទៃ​ទេ​។

សីហា បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏បាន​ឃើញ​មាន​វីដេអូ​ខ្លះ​ជេរប្រមាថ​គេ​ឈ្លោះ​គ្នា បង្ហាញ​រូបភាព​អាសអាភាស ដើម្បី​ឱ្យគេ​ចូល​មើល​ច្រើន​។ ខ្ញុំ​គិតថា ក្នុងនាម​យើង​ជា​យុវជន​គួរតែ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​សង្គមជាតិ ហើយ​មិនគួរ​ប្រព្រឹត្ត​អ្វីដែល​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ឬ​ខុសច្បាប់​ទេ​»​។

លោក​ អ៊ឹម សុធី នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ (YCC) ​ដែល​ជា​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​សង្កេតឃើញថា ពិតជា​មាន​យុវជន​មួយចំនួន​បាន​ប្រព្រឹត្ត​ដូច​ការលើកឡើង​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​មែន ដោយសារ​យុវជន​ទាំងនោះ​មិនទាន់​បាន​យល់​អំពី​សិទ្ធិ និង​យល់ដឹង​អំពី​ច្បាប់​ច្បាស់លាស់​។ ពួកគាត់​នៅតែ​មានគំនិត​ថា បណ្ដាញ​អ៊ីនធឺណិត​ជា​កន្លែង​បញ្ចេញមតិ​ដោយ​សេរី​ ឬ​អាច​ប្រើប្រាស់​ដោយ​សេរី និង​គ្មាន​ទោសពៃរ៍​។

លោក​បញ្ជាក់ថា​៖ «​ក្មេងៗ​សម័យថ្មី​នេះ​គឺ​ពួកគាត់​ភាគច្រើន​មិន​បាន​យល់​អំពី​ច្បាប់​ទេ ពួកគាត់​ធ្វើ​អ្វីៗ គឺ​ជឿ​តាម​គ្នា ឬ​ឃើញ​គេ​ធ្វើ ក៏​ធ្វើតាម​គេ​។ ប្រសិនបើ​យើង​មិនទាន់​មាន​ច្បាប់​នេះ គឺ​គួរតែ​​ពន្លឿន​អនុម័ត​ឱ្យបាន​លឿន​បំផុត ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​»​។

លោក សុធី បាន​អំពាវនាវ​ឱ្យ​យុវជន​ទាំងអស់​គួរតែ​នាំគ្នា​យក​ពេលវេលា​ខំ​សិក្សា​រៀនសូត្រ ពី​ក្រមសីលធម៌ និង​ច្បាប់​ប្រទេស​ជាតិ​ឱ្យបាន​ច្រើន ដើម្បី​ចៀសវាង​ការប្រព្រឹត្ត​បទល្មើស​ណាមួយ ដោយ​មិនដឹង​ខ្លួន​។ ជាក់ស្ដែង ត្រូវ​ស្វែងយល់​ពី​របៀប​លេង​ទាក់ទង​ការប្រើប្រាស់​បណ្ដាញសង្គម TikTok ប្រកប​ដោយ​ក្រមសីលធម៌ ដើម្បី​កែលម្អ​សីលធម៌​សង្គម និង​អប់រំ​ណែនាំ​មិត្តភក្ដិ​ដទៃទៀត​៕