ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សម្រេច​បង្កើត​អនុគណ:កម្មាធិការ​ជំនួយ​សង្គម​ដែល​ជា​សេនាធិការ​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ក្នុង​ការគាំទ្រ​គោលនយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ដែល​រហូតមកដល់​បច្ចុប្បន្ន​មាន​ស្ត្រី​ជាង​ ៥ ​ម៉ឺន​នាក់ ​ទទួល​បាន​ផលប្រយោជន៍​ពី​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​នេះ​។

តាម​អនុក្រឹត្យ​លេខ​ ២៤៤ អនក្រ.បក ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៣១ ខែ​ ធ្នូ ឆ្នាំ​ ២០១៩ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា អនុគណៈកម្មាធិការ​ជំនួយ​សង្គម​មាន​តួនាទី និង​ភារកិច្ច ដឹកនាំ​ការសម្របសម្រួល​ការងារ​បច្ចេកទេស​មួយចំនួន​។ ជាពិសេស​ការសិក្សា​ស្រាវជ្រាវ​ និង​ការដកស្រង់​បទពិសោធ​អំពី​ប្រព័ន្ធ​ជំនួយ​សង្គម​ដែល​ទទួល​ជោគជ័យ​ក្នុង​បណ្តា​ប្រទេស​នានា​។

បន្ថែម​ពីនេះ អនុគណ:កម្មាធិការ​ជំនួយ​សង្គម​ដែលមាន​សមាសភាព​មកពី​ក្រសួង​ពាក់ព័ន្ធ​ជាង​ ១០ ​ស្ថាប័ន​ក៏​មាន​តួនាទី​ក្នុង​ការសម្របសម្រួល​ការអភិវឌ្ឍ​ប្រព័ន្ធ​ជំនួយ​សង្គម ការរៀបចំ​ផែនការ​អប់រំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​អំពី​ប្រព័ន្ធ​ជំនួយ​សង្គម ក៏ដូចជា​គាំទ្រ​ការតាមដាន និង​វាយតម្លៃ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​នានា​ក្នុង​ប្រព័ន្ធ​ជំនួយ​សង្គម​ផងដែរ​។

អនុក្រឹត្យ​បញ្ជាក់ថា​៖ «​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​»​។

អនុក្រឹត្យ​ដដែល​បាន​បញ្ជាក់ថា អនុគណៈកម្មាធិការ​ជំនួយ​សង្គម​ត្រូវ​រៀបចំ​កិច្ចប្រជុំ​រៀងរាល់​ ៣ ​ខែម្តង ឬ​ក្នុងករណី​ចាំបាច់​តាម​ការអញ្ជើញ​របស់​ប្រធាន​។ បន្ទាប់ពី​ចុះហត្ថលេខា​បទប្បញត្តិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​។

កាលពី​ថ្ងៃទី​ ១៥ ខែ​ មិថុនា ឆ្នាំ​ ២០១៧ ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ​មួយ​ដោយបាន​ត្រាស់បង្គាប់​ឲ្យ​បង្កើត​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ដោយ​មាន​សមាសភាព​មកពី​ក្រសួង​សេដ្ឋកិច្ច ក្រសួង​ការងារ ក្រសួងសុខាភិបាល និង​ក្រសួង​សង្គមកិច្ច​ជាដើម​។

ជាមួយ​នឹង​ការប្រកាស​បង្កើត​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​នេះ​នៅ​ឆ្នាំ​ដដែល ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ខ្លួនឯង​ក៏​បាន​សម្រេច​បង្កើត​គណៈកម្មាធិការប្រតិបត្តិ និង​អគ្គលេខាធិការដ្ឋាន ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​របស់​ខ្លួន​ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ក្នុង​ការគាំទ្រ​ដល់​គោលនយោបាយ​របស់​រដ្ឋាភិបាល​សម្រាប់​ជួយ​ដល់​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​។

លោក​ តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១២ មករា ថា បន្ទាប់ពី​ក្រុមប្រឹក្សា​បាន​បង្កើតឡើង​មាន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​ជាង​ ៥ ​ម៉ឺន​នាក់​ បាន​ទទួល​នូវ​គោលនយោបាយ​។ លោក​បន្តថា ក្រៅពី​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​សូម្បី​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​មាន​ពិការភាព​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ទាំងនេះ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​នេះ ទើបតែ​ចាប់ផ្តើម​អនុវត្ត​ទៅលើ​នយោបាយ​ជាតិ​គាំពារ​សង្គម​ដែល​យើង​បានដាក់​ចេញ​ឲ្យ​អនុវត្ត​ដល់​ឆ្នាំ​​ ២០២៦ ដែល​យើង​បានចាប់ផ្តើម​អនុវត្ត​គោលយោបាយ គាំពារ​ផ្តល់​ជា​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ឆ្នាំ​»​។

បើតាម​លោក តូច ចាន់នី ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ គឺ​បាន​អនុវត្ត​តាំងពី​ខែកញ្ញា ឆ្នាំមុន ហើយ​ក៏​បន្ត​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០២០ ​នេះ​តទៅ​ផងដែរ​។ គោលនយោបាយ​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​រហូតដល់​សម្រាលកូន​ហើយ​ ២ ​ឆ្នាំ​ដោយ​ក្នុងនោះ ស្ត្រី​ម្នាក់​ទទួល​បាន​ថវិកា​សរុប ​១៩០ ​ដុល្លារ បែងចែក​ទៅ​តាម​ដំណាក់កាល​។

លោក​បន្ថែមថា​៖ «​ស្ត្រី​ដែល​ទទួល​បាន​គោលនយោបាយ​នេះ គឺ​ស្ត្រី​ក្រីក្រ ដែល​មាន​បណ្ណ​ក្រីក្រ ចេញ​ដោយ​ក្រសួង​ផែនការ បន្ទាប់ពី​ចុះទៅ​ធ្វើ​ជំរឿន​ថ្មីៗ​ហ្នឹង​។ ក្រៅពីនេះ​គឺ​ស្ត្រី​ក្រីក្រ​ដែល​ទទួលបាន​ការវាយតម្លៃ​ពី​អាជ្ញាធរ​ដែនដី ហើយ​យើង​បាន​ចេញ​បណ្ណ​នេះ​ដើម្បី​ឲ្យ​គាត់​ទទួលបាន​របប​នេះ​»​។

លោក​ វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចាត់ទុក​ការបង្កើត​អនុគណៈកម្មាធិការ​ជំនួយ​សង្គម​ក្នុង​ការគាំទ្រ​ដល់​ក្រុមប្រឹក្សា​ជាតិ​ថា ជា​រឿង​មួយ​ល្អ​ដែល​រដ្ឋាភិបាល បាន​គិតគូរ​បន្ថែម​ទៀត​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​។

ទោះយ៉ាងណា លោក​ក៏​ចង់​ឲ្យ​ក្រុមប្រឹក្សា​ក៏ដូចជា អនុគណៈកម្មាធិការ​នេះ អនុវត្ត​បន្ថែម​ទៀត និង​ធ្វើយ៉ាងណា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ និង​បើកឱកាស​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួម​ក្នុង​យន្តការ​ទាំងនេះ​។

លោក​បន្តថា​៖ «​ដើម្បី​ឲ្យ​ប្រសើរ​ជាងនេះទៅទៀត ខ្ញុំ​គិតថា​គួរតែ​មាន​ភាគី​សង្គម​ស៊ីវិល​ចូលរួម​ជាមួយ​អនុគណៈកម្មាធិការ​នេះ ដើម្បី​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ហើយ​គួរតែ​បន្ថែម​ការត្រួតពិនិត្យ​បន្ថែមទៀត​ទៅលើ​ការប្រើប្រាស់​សេវា​ជំនួយ​សង្គម​នេះ ដោយ​ធ្វើយ៉ាងណា​ទម្លាក់​កញ្ចប់​ថវិកា​ឲ្យ​ចំ​គោលដៅ​»៕