ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ សាលាដំបូងរាជធានីភ្នំពេញ និងសាលារាជធានីភ្នំពេញ ចាត់វិធានការទៅតាមផ្លូវច្បាប់ទៅលើមន្ត្រីនគរបាលផ្កាយ ២ មួយរូបនៃស្នងការដា្ឋននគរបាលជាតិម្នាក់ដែលបានបំពាននឹងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ហ៊ុន សែន បានមានប្រសាសន៍តាមរយៈសារជាសំឡេងមួយដោយលោកបានលើកឡើងថា លោកកំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំព្រះមហាក្សត្រដកស័ក្តិ និងបណ្តេញចេញពីនគរបាលជាតិ។
លោកបានថ្លែងថា៖ «ម្នាក់នេះត្រូវតែកាត់ទោស ហើយខ្ញុំកំពុងតែធ្វើនីតិវិធី ដើម្បីស្នើសុំព្រះមហាក្សត្រដកស័ក្តិ ហើយបណ្តេញចេញពីនគរបាលជាតិ។ វាយខ្នោះហើយ មិនត្រូវព្រលែងទេគឺត្រូវតែកាត់ទោស ហើយថ្ងៃនេះចូលធ្វើការវិញ យើងកាត់ទោសថ្ងៃនេះ គឺល្អម៉ង»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា អ្នកណាដែលបំពាននឹងត្រូវកាត់ទោសតែម្តង។
គួរបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌមានជ័យនៅយប់ថ្ងៃសៅរ៍ ទី ១៦ ខែមេសា បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោម្នាក់ឈ្មោះ អ៊ុង ចាន់ធួក អាយុ ៤៥ ឆ្នាំ ដែលមានតួនាទីជាអនុប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអ្នកពាក់ព័ន្ធចំនួន ២ នាក់ទៀត ដោយសារអ្នកទាំងនេះបានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅជាមួយនឹងអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់ទៀតផង។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់កាលពីយប់ថ្ងៃទី ១៦ ខែមេសា ថា វិធានការបិទខ្ទប់ត្រូវបានដាក់ចេញក្នុងគោលបំណងកាត់ផ្តាច់នូវការបំលាស់ទីរវាងមនុស្សពីផ្ទះមួយទៅផ្ទះមួយ ពីកន្លែងមួយទៅកន្លែងមួយ និងពីតំបន់មួយទៅតំបន់មួយ។
លោកបានថ្លែងថា៖ «វិធានការនេះត្រូវបានអនុវត្តន៍យ៉ាងតឹងរ៉ឹងចំពោះការធ្វើដំណើរ ការជួបជុំ និងចំពោះសកម្មភាពអាជីវកម្មដែលមិនបម្រើឱ្យតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ»។
លោក គឹម សន្តិភាព បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តន៍វិធានការនេះឱ្យបានត្រឹមត្រូវ បើមិនដូចនោះទេនឹងទទួលបាននូវការអនុវត្តច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចដែលរួមមានការពិន័យជាប្រាក់ និងការដាក់ទណ្ឌកម្មផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ៕