ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្រ្តី​​ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ថ្នាក់​ដឹកនាំ​ខេត្ត​​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ប្រកាស​​បិទ​ពិធី​មង្គលការ ​និង​ពិធី​ជួប​ជុំ​គ្នា​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ពិចារណា​បិទ ​ឬផ្អាក​ការ​រៀបចំ​ណា​មួយ​តាម​សេចក្តី​សម្រេច​របស់​ខេត្ត។

លោក​បាន​ថ្លែង​តាម​សារ​ជា​សំឡេង​នៅ​ថ្ងៃទី ​១៥ ខែ​មីនា នេះ​ថា ​លោក​គិត​ថា​រឿង​នេះ ​គឺ​ជា​រឿង​ដែល​គួរ​តែ​ត្រូវ​បាន​ពិនិត្យ​ឱ្យ​បាន​ហ្មត់​ចត់​ ហើយ​ដាក់​ចេញ​នូវ​វិធាន​ការ​លើ​ករណី​នេះ។

លោក ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ថា៖​ «អង្វរករ​សុំ​ចិត្ត​ប្រជាពលរដ្ឋ​របស់​យើង​ មេត្តា​យោគយល់ ឥឡូវ​នេះ​គ្រាន់​តែ​ករណី​កើត​ឡើង​ក្នុង​ខេត្ត​តាកែវ​មួយ​ ​គឺ​ត្រូវ​បិទ​កន្លែង​ជាច្រើន​ និង​បាន​បង្ក​ឱ្យ​មាន​ហានិភ័យ​ជា​ច្រើន​ទៀត​»។

លោក​ថា លោក​បាន​ផ្តល់​សិទ្ធិ​ទៅ​ឱ្យ​​អភិបាល​ខេត្ត​​ទាំង​អស់​រួច​ហើយ នៅ​ឡើយ​តែ​ថ្នាក់​ដឹកនាំ​ខេត្ត​ទាំង​អស់​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​ដែល​លោក​បាន​ផ្តល់​នោះ​ដោយ​របៀប​ណា​តែ​ប៉ុណ្ណោះ។

លោក​បន្ត​ថា៖ «ត្រូវ​ពិនិត្យ​មើល​កន្លែង​ណា​ដែល​​មិន​ទាន់​មាន​វិធានការណ៍​ហ្មត់ចត់​ សុំ​យក​ចិត្ត​ទុក​ដាក់ ដោយសារ​ឥឡូវ​នេះ​មាន​ករណី​អ្នក​នៅ​រាជ​ធានីភ្នំពេញ​បាន​ទៅ​ការ​គេ​នៅ​ខេត្ត​ ហើយ​អ្ន​កនោះ​មាន​លទ្ធផល​វិជ្ជមាន​កូវីដ ១៩ ដែល​ជា​រឿង​មួយ​ដែល​ផ្អើល​ស្ទើរ​តែ​កន្លះ​ប្រទេស។ ដូចនេះ​អាពាហ៍ពិពាហ៍​គួរ​តែ​ត្រូវ​បាន​ផ្អាក ហើយ​បើ​ធ្វើ​គួរ​តែ​សែន​ព្រេន​បណ្តោះអាសន្ន​សិន​ក៏​បាន»។

លោក ​ហ៊ុន សែន ​បាន​បញ្ជា​​ឱ្យ​មាន​ការ​ពិចារណា​លើ​ការ​បិទ​កម្មវិធី​ទាំង​នេះ គឺ​បន្ទាប់​ពី​មាន​ករណី​អតីត​សង្ឃ​មួយ​រូប​ឈ្មោះ កក្កដា សោភ័ណ្ឌ បាន​ចូល​រួម​ពិធី​មង្គលការ​នៅ​ខេត្ត​តាកែវ ​កាល​ពី​ថ្ងៃទី ​១២ ខែ​មីនា កន្លង​មក​ ហើយ​ត្រូវ​បាន​ពិនិត្យ​មាន​វិជ្ជមាន​កូវីដ ១៩។

អាជ្ញាធរ​ខេត្ត​តាកែវ​សម្រេច​បិទ​ភូមិ​ក្រាំងលាវ​ទាំង​ស្រុង​នៅ​ថ្ងៃ​នេះ​ ក្នុង​ឃុំរវៀង ស្រុក​សំរោង ក្រោយ​ពេល​ដែល​អ្នក​ជំងឺ កក្កដា សោភ័ណ្ឌ បាន​ចូលរួម​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ចេញចូល​ទេ។ ក្នុង​នោះ​ដែរ អ្នក​ប៉ះពាល់​នៅ​ក្នុង​ពិធី​មង្គលការ​ជាមួយ​អ្នក​ជំងឺ​នេះ​មាន​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន ២៥ នាក់ និង​ប៉ះ​ពាល់​ប្រយោល​ចំនួន ៣៥៥ នាក់។

មួយ​វិញ​ទៀត អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ក៏​បាន​សម្រេច​ផ្អាក​ទីតាំង​ចំនួន ៥ កន្លែង ក្នុង​ខេត្ត​ដែល​ពាក់ព័ន្ធ​មិត្តភក្តិ​របស់​អ្នក​ជំងឺ កក្កដា សោភ័ណ្ឌ៕