ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅកុំចេញក្រៅផ្ទះ និងគ្រប់គ្រងកូនចៅនៅក្នុងផ្ទះបើគ្មានការចាំបាច់ដែលត្រូវចេញទៅខាងក្រៅ បើចេញត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលមិនទាន់ដឹងច្បាស់ពីប្រភពជំងឺចេញពីកន្លែងណាពិតប្រាកដ។ ខណៈព្រឹទ្ធសភានឹងអនុម័តច្បាប់ស្ដីពីវិធានគ្រប់គ្រងកូវីដ ១៩ នៅថ្ងៃទី ១១ ខែមីនា ដែលជាសេចក្ដីស្នើច្បាប់ប្រញាប់។
លោក ហ៊ុន សែន បានមានប្រសាសន៍នៅយប់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២១ ថា៖ «សភាពការណ៍នៅក្នុងប្រទេសកម្ពុជា ពិតជាមិនធម្មតាដែលចំនួននៃអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានការកើនឡើងដោយគិតក្នុងទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តព្រៃវែង និងផ្នែកខ្លះក្នុងខេត្តកណ្តាល។ សភាពការណ៍នេះបានដាក់ចេញជាចំណោទធំៗ សម្រាប់យើងក្នុងការបន្តជំហានដើម្បីប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះកាន់តែរាលដាលខ្លាំង ដោយពេលនេះមិនដឹងថា ជំងឺពិតប្រាកដចេញពីកន្លែងណា»។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីក៏បានអំពាវនាវ និងចេញបទបញ្ជាឱ្យស្ថាប័ននីមួយៗរបស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញតិផ្អាកជាបណ្តោះអាសន្ន តាមការកាត់បន្ថយនូវចំនួនមនុស្សធ្វើការឱ្យបានយ៉ាងហោចណាស់ ៩០ ភាគរយ ដោយត្រូវធ្វើការពីគេហដ្ឋានជំនួសវិញ។
លោកមានប្រសាសន៍ថា៖ «ត្រូវមានមនុស្សប្រចាំការតែចំនួនតិចតួចបានហើយ ដោយការផ្អាកបណ្តោះអាសន្ននេះគឺក្នុងរយៈពេលយ៉ាងតិច ៧ ថ្ងៃ។ ការធ្វើដូចនេះគឺយើងអាចបញ្ចៀសនូវហានិភ័យដែលយើងមិនទាន់ស្គាល់នូវអ្នកដែលមានការពាក់ព័ន្ធ»។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «នេះគឺជាបញ្ហាប្រឈមដ៏ធំ។ ខ្ញុំគិតថាវិធានការនេះគឺជាវិធានការចាំបាច់ដើម្បីការពារនូវសុខភាពរបស់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ ក៏ដូចជាសង្គមជាតិរបស់យើងផងដែរ ហើយខ្ញុំសុំអំពាវនាវឱ្យមានការផ្អាកនូវការជួបជុំដែលមិនមានការចាំបាច់ដើម្បីកាត់បន្ថយនូវហានិភ័យ»។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការណែនាំ និងដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនដោយបានកំណត់ជាអប្បបរមានូវចំនួនមន្ត្រីដែលត្រូវមកបំពេញការងារ និងប្រចាំនៅក្រសួង អនុញ្ញាត និងចាត់ចែងឱ្យមន្ត្រីធ្វើការនៅផ្ទះរៀងៗខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ ការពារ» និង «៣ កុំ»។
ខណៈដែលកម្ពុជាកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាលបានស្នើច្បាប់ស្ដីពីវិធានការគ្រប់គ្រងកូវីដ ១៩ នេះឡើងកាលពីថ្ងៃទី ២៨ កុម្ភៈ ហើយត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ៥ មីនា។ លោក ហ៊ុន សែន តាមរយៈសារជាសំឡេងកាលពីយប់ថ្ងៃទី ៨ មីនានោះដែរ ក៏បានជំរុញឱ្យព្រឹទ្ធសភា ពន្លឿនការអនុម័តច្បាប់នេះ ព្រោះច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននឹងមិនត្រូវបានប្រើប្រាស់ទេ។
លោកមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំស្នើឯកឧត្តមប្រធានព្រឹទ្ធសភាស្ដីទី មេត្តាពិនិត្យរកវិធីណាដើម្បីឱ្យច្បាប់ដែលសភាបានអនុម័តនោះបានចូលជាធរមាន។ អាចបើកការប្រជុំតាមអនឡាញ ហើយមានការជួបជុំក្នុងទម្រង់ចំនួនមនុស្សតិចដែលអាចធ្វើទៅបាន ព្រោះច្បាប់នេះត្រូវការបន្ទាន់ យើងមិនអាចប្រើច្បាប់ក្នុងគ្រាមានអាសន្នសម្រាប់សភាពការណ៍នេះទេ។ តែយើងត្រូវការច្បាប់គ្រប់គ្រងជំងឺកូវីដ ១៩ និងជំងឺកាចសាហាវផ្សេងទៀត»។
ព្រឹទ្ធសភានឹងកោះប្រជុំពេញអង្គនៅថ្ងៃទី ១១ ខែមីនា ស្អែកនេះ ដើម្បីអនុម័តច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតហើយច្បាប់នេះអាចនឹងប្រកាសឱ្យប្រើនៅថ្ងៃនោះ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា។
លោក ម៉ម ប៊ុននាង បានថ្លែងពីម្សិលមិញថា បន្ទាប់ពីច្បាប់នេះបានចូលដល់ដៃព្រឹទ្ធសភា ព្រឹទ្ធសភាបានបញ្ជូនទៅគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី ដើម្បីពិនិត្យ និងផ្ដល់យោបល់ត្រឡប់ទៅគណៈកម្មការអចិន្រៃ្តយ៍នៅថ្ងៃទី ១០ ពេលរសៀល។ បន្ទាប់មកគណៈកម្មកាអចិន្រៃ្តយ៍នឹងផ្ដល់យោបល់ ឬក៏ត្រូវសម្រេចបន្តដាក់សេចក្ដីព្រាងច្បាប់នេះដើម្បីអនុម័តក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភាគ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី ១១ មីនា។
ទោះបីសេចក្ដីស្នើច្បាប់ស្ដីពីវិធានគ្រប់គ្រងកូវីដ ១៩ ត្រូវបានចាត់ជាការប្រញាប់ក៏ដោយលោក ម៉ម ប៊ុននាង បញ្ជាក់ថា៖ «យើងមិនអាចធ្វើឱ្យលឿនជាង ៥ ថ្ងៃទេ ព្រោះច្បាប់ដែលប្រញាប់នោះ រដ្ឋធម្មនុញ្ញបានចែងច្បាស់នៅមាត្រា ១១៣ ថ្មីចែងថា ការស្នើច្បាប់មកព្រឹទ្ធសភាដែលរដ្ឋសភាចាត់ទុកជាការប្រញាប់នោះមិនឱ្យលើស ៥ ថ្ងៃទេ។ ពេលព្រឹទ្ធសភាអនុម័តហើយបញ្ជូនច្បាប់នេះទៅរដ្ឋសភាវិញដើម្បីដាក់ជូនព្រះមហាក្សត្រឡាយព្រះហស្ថលេខា ព្រោះច្បាប់នេះចាត់ទុកជាការប្រញាប់ ដូច្នេះពេលទៅដល់ព្រះមហាក្សត្រ ព្រះអង្គឡាយព្រះហស្ថលេខាហើយដាក់ឱ្យប្រើភ្លាម»។
សេចក្ដីព្រាងច្បាប់នេះមាន ៦ ជំពូក និង ១៨ មាត្រា មានវិសាលភាពអនុវត្តចំពោះវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ និងជំងឺកាចសាហាវផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមការកំណត់របស់ក្រសួងសុខាភិបាល។
សេចក្ដីព្រាងច្បាប់នេះក៏បានឱ្យដឹងផងដែរថា វិធានការលម្អិតនៃការទប់ស្កាត់កូវីដ ១៩ និងជំងឺនានានឹងមានចែងលម្អិតក្នុងអនុក្រឹត្យ។
ច្បាប់នេះក៏ចែងអំពីការរឹតត្បិត និងហាមឃាត់ការធ្វើដំណើរការជួបជុំ ការធ្វើសកម្មភាព ឬការប្រកបមុខរបរ ការបិទទីកន្លែងចាំបាច់ ការហាមឃាត់ពាណិជ្ជកម្មលើទំនិញមានហានិភ័យដល់ការចម្លងជំងឺ។
-បុគ្គល និងស្ថាប័នដែលមិនអនុវត្តតាមវិធានសុខាភិបាល វិធានរដ្ឋបាល និងវិធាននានាដែលដាក់ចេញនឹងប្រឈមទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌ រួមមានការផាកពិន័យ ការដកអាជ្ញាប័ណ្ណ និងការជាប់ពន្ធនាគារ។
-ទោសទណ្ឌដែលធ្ងន់បំផុតគឺមានចន្លោះពី ១០ ឆ្នាំទៅ ២០ ឆ្នាំក្នុងករណីដែលបុគ្គលល្មើសធ្វើការចម្លងកូវីដ ១៩ ឬជំងឺផ្សេងទៀតដោយចេតនា ប្រព្រឹត្តឡើងដោយមានក្រុម ឬអង្គការចាត់តាំង។
-ការទទួលខុសត្រូវព្រហ្មទណ្ឌនឹងត្រូវបានលើកលែង ឬសម្រាលចំពោះបុគ្គល និងក្រុមគ្រួសារដែលរាយការណ៍ព័ត៌មានប្រាប់ដល់មន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច និងកិច្ចសហការនានាដើម្បីជាប្រយោជន៍ដល់ការទប់ស្កាត់ការចម្លងកូវីដ ១៩។
មាត្រា ១៤ នៃច្បាប់នេះចែងថា ទោសទណ្ឌផ្សេងទៀតអាចត្រូវបានអនុវត្តលើបុគ្គល ឬស្ថាប័នដែលល្មើសក្នុងករណីដែលអំពើល្មើសនោះគឺជាបទល្មើសព្រហ្មទណ្ឌមានចែងក្នុងច្បាប់ផ្សេងទៀត។ ចំណែកមាត្រា ១៦ ចែងថា រាល់វិធានការដែលក្រសួងសុខាភិបាលបានដាក់ចេញមុនពេលច្បាប់នេះត្រូវបានបង្កើតឡើង ក៏នៅមានសុពលភាពសម្រាប់ការអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស៕