ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​អ្នក​រិះគន់​លោក ជាពិសេស​រឿង​ទទួល​វ៉ាក់សាំង​ចិន​ថា ជា​ក្រុម​ឆ្កែ​កាច​ហើយ​លោក​ប្រកាស​មិន​តមាត់​ជាមួយ​ពួកគេ​ទេ ព្រមទាំង​មិន​និយាយ​ជាមួយ​ស្ថានទូត​បរទេស​ណា​ដែល​ចង់ឱ្យ​មាន​ការចរចា​​រវាង​លោក​ និង​បុគ្គល​ទាំងនោះ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​។

លោក ហ៊ុន សែន លើកឡើង​ដូច្នេះ​ឆ្លើយតប​ទៅនឹង​សំណួរ​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទកាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក្នុង​ឱកាស​ដែល​លោក​ទៅ​ទទួល​វ៉ាក់សាំង​ស៊ីណូហ្វាម​ជា​ជំនួយ​របស់​ចិន​ចំនួន​ ៦០ ​ម៉ឺនដូស​កាលពី​រសៀល​ថ្ងៃទី​ ៧ ខែកុម្ភៈ​។

លោក​បញ្ជាក់​ជំហរ​ថា លោក​ឈប់​តបត​ជាមួយ​នឹង​អ្នក​រិះគន់ ព្រមទាំង​បាន​ណែនាំ​អ្នក​ក្រោម​ឱវាទ​ឱ្យ​ឈប់​តមាត់​ជាមួយ​អ្នក​ទាំងនោះ​។ ការណែនាំ​បែបនេះ​មាន​ន័យថា​ទ្វារ​ (​ចរចា​) ​ត្រូវបាន​បិទ​ហើយ​។ ​នៅពេល​ទ្វារ​ត្រូវ​បាន​បិទ ដូច្នេះ​លោក​មិនចាំបាច់​ខ្វល់​ពីអ្វី​ដែល​អ្នកនោះ​និយាយ​ទេ អ្វី​ដែលជា​កង្វល់​របស់​លោក គឺ​សេចក្ដីសុខ​របស់​ប្រជាជន​។

កម្ពុជា​មាន​ប្រជាជន​ ១៦ ​លាន​នាក់​ ក្នុងប្រទេស​ដែល​ចាំបាច់​ត្រូវ​រក្សា​ឱ្យបាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម កាត់បន្ថយ​ភាពក្រីក្រ នៅតែ​ធ្វើ​បន្ត​។

លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖ «​មនុស្ស​មួយចំនួន​តូច​មិន​សប្បាយចិត្ត ទុក​ឱ្យ​អ្នកឯង​មិន​សប្បាយចិត្ត ព្រោះ​នៅលើ​លោក​នេះ​វា​មាន​អ្នក​ដែល​សប្បាយចិត្ត និង​អ្នក​ដែល​មិន​សប្បាយចិត្ត​។ ​ចំណុច​សំខាន់​សួរថា អ្នក​សប្បាយ​​ចិត្ត​ច្រើន​ជាង​អ្នក​មិន​សប្បាយចិត្ត ឬ​អ្នក​មិន​សប្បាយចិត្ត​ច្រើនជាង​អ្នក​សប្បាយចិត្ត​។ ប្រទេស​កម្ពុជា​មាន​មនុស្ស​តិច​ណាស់​ដែល​នៅក្នុង​គុក ឬ​រត់ចោល​ស្រុក​ដែល​វា​កើតទុក្ខ អានោះ​ឱ្យ​វា​កើតទុក្ខ​ទៅ ព្រោះ​គេ​ជា​អ្នកបង្កើត​រឿង​»​។

ទន្ទឹមនឹងនោះ លោក​ប្រាប់​ដល់​អ្នក​ដែល​គាំទ្រ​លោក និង​គាំទ្រ​រាជរដ្ឋាភិបាល​ឱ្យ​ឈប់​តមាត់​តក​ជាមួយ​ក្រុម​ដែល​លោក​ហៅថា​ «​ក្រុម​ឆ្កែ​កាច​» ហើយ​​កុំ​រំឭក​ឈ្មោះ ពួកគេ​នៅលើ​កញ្ចក់​ទូរទស្សន៍ និង​នៅលើ​ហ្វេសប៊ុក​។ ​ផ្ទុយទៅវិញ អ្នកគាំទ្រ​លោក​ត្រូវ​ងាក​មក​និយាយ​ពី​ការរួមគ្នា​ប្រយុទ្ធ​កូវីដ ​១៩​ ទប់ស្កាត់​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម កាត់បន្ថយ​ភាពក្រីក្រ ការធ្វើ​កំណែទម្រង់​រដ្ឋ ប្រឆាំង​នឹង​អំពើពុករលួយ ប្រឆាំង​នឹង​អំពើ​អសកម្ម​នានា​នៅក្នុង​សង្គម​វិញ​។

យ៉ាងណាក្ដី​លោក​បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​គេ​ត្រូវ​យល់​កន្លែង​នេះ​ឱ្យ​ច្បាស់​។ បើ​ឈប់​និយាយ​ហើយ កុំ​ថា ឡើយ​តមាត់​ជាមួយ​អ្នកនោះ ទោះបី​ជា​ស្ថាន​តំណាង​ទូត​នានា​មក​និយាយ​ជាមួយ​ខ្ញុំ​ក៏​ខ្ញុំ​អត់​ឆ្លើយតប​ដែរ គឺ​មិន​និយាយ​ជាមួយ​តែម្ដង​។ ​នេះ​ខ្ញុំ​សុំ​បញ្ជាក់​គឺ​ខ្ញុំ​មិន​និយាយ​ជាមួយ​។ បើទោះបី​អ្នកខ្លះ​ថា​ទុកឱ្យ​បរទេស​មក​ចរចា​ជាមួយ ហ៊ុន សែន ខ្ញុំ​អត់​មានការ​ចាំបាច់​និយាយ​ជាមួយ​អ្នកណា​លើ​រឿង​កម្ពុជា​ទេ​»​។

នៅ​ទីបញ្ចប់​នៃ​សន្និសីទ​សារព័ត៌មាន​នេះ​លោក​បាន​រំឭក​ប្រាប់ថា​៖ «​ម្ដាយ​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា បើ​គេ​ជេរ​យើង យើង​ដេកលក់ តែបើ​យើង​ជេរ​គេ យើង​ដេក​អត់​លក់​ទេ​។ ​រឿងនេះ​វា​ពិត ខ្ញុំ​ធ្លាប់​ឆ្លងកាត់​តមាត់ ត ក តែ​ទីបំផុត​អត់​បាន​ផល​អី​។ ឥឡូវ​ខ្ញុំ​យក​យុទ្ធសាស្ត្រ​មួយ​អត់ត ហើយ​ការមិន​ត​មានន័យ​ច្រើន សុំ​រង់​ចាំមើល​ឆាកល្ខោន​បន្ត តើ​វា​របៀប​ម៉េច​? ​គឺ​កុំឱ្យ​ខ្មាស​គេ​ចុះ​ឡើង ចុះឡើង​នៅតែ​ជេរ​គ្នា ឥឡូវ​ឱ្យគេ​ជេរ​យើង​ចុះ​។ ​អ៊ីចឹង ជនបរទេស​ទាំងឡាយ​អាច​នឹង​ដឹងថា ដោយសារ​វា​ជេរ​គេ​ច្រើន​ពេក គេ​ឈប់​និយាយ​រក ចប់ នៅឯណា នៅ​នោះ​ទៅ មាន​តែ​ប៉ុណ្ណឹង​»​។

កាលពី​ថ្ងៃទី​ ៥ កុម្ភៈ លោក​ សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​រឿងក្ដី​ច្រើន​នៅ​តុលាការ និង​កំពុង​រស់នៅ​បរទេស​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​លោក​ថា លោក​ ហ៊ុន សែន រង់ចាំ​ដល់​ថ្ងៃទី​ ៣១ កុម្ភៈ ទើប​ហ៊ាន​ចាក់​វ៉ាក់សាំង​ចិន​។

លោក សម រង្ស៊ី ថ្លែងប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​តាម​អ៊ីមែល​ពីថ្ងៃ​ម្សិលមិញ​ថា​៖ «​ប្រតិកម្ម​របស់​លោក (​ហ៊ុន សែន​) បង្ហាញ​ពី​ភាពអាម៉ាស់​របស់លោក​ដែល​ទីបញ្ចប់​មិន​ហ៊ាន​ទទួល​វ៉ាក់សាំង​ចិន​ដែល​អាច​មាន​គ្រោះថ្នាក់ និង​ការភ័យខ្លាច​របស់លោក​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅរស់​រវើក និង​កំពុង​ទទួល​បាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ថ្នាក់ជាតិ និង​អន្តរជាតិ​»​។

លោក ជែម សុខ អ្នកវិភាគ​នយោបាយ​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​ថ្លែងថា លោក ហ៊ុន សែន បាន​ប្រើពាក្យ​ «​ឆ្កែ​កាច​» ​ទំនង​សំដៅលើ​តួអង្គ​មេដឹកនាំ​ដែល​លោក​ថា ប្រឆាំង​គ្រប់​រឿង​ និង​និយាយ​បំផ្លើស បំភ្លៃ បំភិតបំភ័យ​ និង​បង្កើត​ព្រឹត្តិការណ៍​មិនចេះចប់​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ចំពោះ​រឿង​ដែល​លោក​ថ្លែងថា លោក​មិន​និយាយ​ជាមួយ​បរទេស​ដែល​ចង់​ពិភាក្សា​កិច្ចការ​រឿង​នយោបាយ​បាយ​ទាក់ទង​នឹង​ក្រុមប្រឆាំង​មិនចេះ​ឈប់​នោះ ហើយ​​ប្រឆាំង​គ្មាន​ហេតុផល ប្រឆាំង​មួលបង្កាច់​នោះ គឺជា​សញ្ញា​នយោបាយ​មួយ​ដែល​បង្ហាញថា មិនដឹង​ជា​ចរចា​រក​ស្អី​​ទៀត​ទេ ប្រសិនបើ​ភាគី​ខាង​នោះ​ ឬ​សមាសភាព​ខាង​នោះ​ចេះតែ​បង្កើត​បញ្ហា​សព្វគ្រប់​។ តាំងពី​រឿង​ទឹកជំនន់​តាំងពី​សប្បុរសជន​ចូលរួម​វិភាគទាន​ទិញ​វ៉ាក់សាំង រហូត​ដល់​រឿង​វ៉ាក់សាំង​នេះ គឺ​បំពុល​រហូត​»​។

ចំណែក​អ្នកវិភាគ​នយោបាយ​ ១ ​រូប​ទៀត គឺ​លោក ឡៅ ម៉ុងហៃ ​បាន​ថ្លែងថា ដោយសារ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាច​គ្រប់គ្រង​លោក​ សម រង្ស៊ី បាន លោក​មាន​ភាពឆ្លាតវៃ​ក្នុង​ការតបត​ដោយ​វិធី​ផ្សេង​ទៅ​លោក​ សម រង្ស៊ី និង​សកម្មភាព​របស់លោក ហើយ​ទុក​ឱ្យ​ពលរដ្ឋ​ជា​អ្នកវាយតម្លៃ​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​អ្វីៗ​ក្នុងប្រទេស​បច្ចុប្បន្ន​នឹង​បន្តទៅ​អនាគត​នោះ វា​នៅតែ​ជា​ចម្ងល់​ថា​តើ​លោក សម រង្ស៊ី អាច​ត្រឡប់មក​ប្រកួតប្រជែង​នយោបាយ​ផ្ទាល់​ឬ​អត់​? ​បើ​គិតពី​កេរ្តិ៍ឈ្មោះ​របស់គាត់ បច្ចុប្បន្ន​ក្នុង​នាម​ជា​កម្លាំង​នយោបាយ​មួយ​ដែល​ត្រូវ​ប្រកួតប្រជែង​នោះ លោក​ សម រង្ស៊ី មិនចាំបាច់​ត្រឡប់​មកវិញ​ដោយ​ផ្ទាល់​ទេ​»៕