សៀមរាបៈ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រកាសប្រាប់ប្រជាពលរដ្ឋកុំឲ្យមានការភ្ញាក់ផ្អើល ឬបារម្ភជុំវិញការធ្វើសមយុទ្ធដើម្បីជួយសង្គ្រោះក្នុងគ្រោះមហន្តរាយនៅពេលមានឧបទ្ទវហេតុនៃការធ្លាក់យន្តហោះជាយថាហេតុ ខណៈព្រឹត្តិការណ៍នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបម្សិលមិញមានកម្លាំងជិត ៣០០ នាក់បានចូលរួម។
ថ្លែងពីម្សិលមិញក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសុំកុំឱ្យពលរដ្ឋមានការភ្ញាក់ផ្អើល ឬភ័យព្រួយជុំវិញការធ្វើសមយុទ្ធហ្វឹកហ្វឺននេះ។ លោកប្រាប់ថា៖ «សុំកុំឱ្យមានការភ័យព្រួយ ឬក៏ការប្រើប្រាស់បណ្ដាញសង្គមលើកឡើងអំពីការមួលបង្កាច់ទាក់ទងនឹងការធ្លាក់យន្តហោះ។ ព្រោះការធ្វើសមយុទ្ធនៅសៀមរាបគឺជាសមយុទ្ធតាមសភាពជាក់ស្ដែងរបៀបមានការធ្លាក់យន្តហោះ។ ប៉ុន្តែមិនមែនយកយន្តហោះបើកទៅឱ្យធ្លាក់នោះទេ ប៉ុន្តែធ្វើជារបៀបប្រភេទដែលអាចកើតមានបែបនោះ»។
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបលោក លីវ សុខុន បញ្ជាក់ពីម្សិលមិញថា មានកងកម្លាំងជិត ៣០០ នាក់បានចូលរួមធ្វើសមយុទ្ធលើកទី ៦ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីហ្វឹកហ្វឺនសាកល្បងក្នុងការជួយសង្គ្រោះនៅពេលកើតមានករណីធ្លាក់យន្តហោះជាយថាហេតុ។
លោក សុខុន ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា កងកម្លាំងជិត ៣០០ នាក់នោះ មកពីស្នងការដ្ឋាននគរបាលខេត្ត មន្ទីរសុខាភិបាលខេត្ត កងរាជអាវុធហត្ថខេត្ត ស៊ីម៉ាក់ខេត្ត បញ្ជាការដ្ឋានយោធភូមិភាគទី ៤ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរងខេត្ត កងទ័ពជើងអាកាសរួមទាំងរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។
លោកថា ការរៀបចំសមយុទ្ធនេះគឺដើម្បីតម្រូវទៅតាមស្ដង់ដាអន្តរជាតិ ហើយជាសមយុទ្ធលើកទី ៦ របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបដែលតែងធ្វើឡើងរយៈពេល ២ ឆ្នាំម្ដង។
លោកថ្លែងថា៖ «ការរៀបចំនេះគឺជាគោលនយោបាយរបស់រដ្ឋាភិបាលដែលអនុវត្តដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប»។
ជាមួយគ្នានេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានប្រកាសប្រាប់ពលរដ្ឋកុំភ្ញាក់ផ្អើលតាមការបំភ្លៃព័ត៌មានរបស់ក្រុមឆ្លៀតឱកាស ជុំវិញការធ្វើសមយុទ្ធប្រចាំឆ្នាំមួយនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបនោះ។ លិខិតមួយចុះថ្ងៃទី ១៧ ធ្នូ របស់លោក ខៀវ កាញារីទ្ធ បញ្ជាក់ថាការធ្វើលំហាត់ សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះ ដើម្បីហ្វឹកហ្វឺនសាកល្បង និងផ្ដល់បទពិសោធដល់ស្ថាប័នពាក់ព័ន្ធនានាក្នុងការលើកកម្ពស់ជួយជនរងគ្រោះឱ្យបានទាន់ពេលវេលានៅពេលមានករណីធ្លាក់យន្តហោះកើតឡើងជាយថាហេតុ។
លិខិតសរសេរថា៖ «នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះមានដុតប្រេង និងដុតកង់ឡានចាស់ៗបង្កើតបានជាអណ្ដាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះដែលជាប្រធានបទនៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ។ ទន្ទឹមនឹងនេះក៏មានការប្រកាសអាសន្នដល់សមត្ថកិច្ច អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញ ក្រុមសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនានា និងជាពិសេសរថយន្តពន្លត់អគ្គិភ័យនៅខេត្តសៀមរាប»។
កាលពីឆ្នាំ ២០១៧ ទំព័រហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយរូបភាពនៃការធ្លាក់យន្តហោះ ហើយអះអាងថាមានយន្តហោះ ១ គ្រឿង ដែលកើតមានបញ្ហាបច្ចេកទេសធ្វើឱ្យរលត់ម៉ាស៊ីនបានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិសៀមរាប ខណៈពេលកំពុងត្រៀមចុះចត។
កាលពីថ្ងៃទី ១៦ ធ្នូ លោកទៀ សីហា អភិបាលខេត្តសៀមរាបក៏បានជូនដំណឹងដល់ទាហាន នគរបាល កងរាជអាវុធហត្ថ មន្ទីរ និងអាជ្ញាធពាក់ព័ន្ធទាំងអស់ក្នុងខេត្តសៀមរាបសហការគ្នាផ្សព្វផ្សាយអំពីការធ្វើសមយុទ្ធនេះ ឱ្យបានដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចៀសវាងការភាន់ច្រឡំ៕