
ពិធីរៀបចំចាប់ឆ្នោតយកដីឡូត៍ដែលលោក ហ៊ុន សែន ចែកជូនពលរដ្ឋពីថ្ងៃទី ៧ កុម្ភៈនៅខេត្តបន្ទាយមានជ័យ។ រូប រដ្ឋបាលខេត្ត ប.មានជ័យ
បន្ទាយមានជ័យៈ ប្រជាពលរដ្ឋប្រមាណជាង ១ ២០០ គ្រួសារ ដែលមានទំនាស់ដីធ្លីរុំារ៉ៃជាង ២០ ឆ្នាំនៅខេត្តបន្ទាយមានជ័យឈានដល់ការចាប់ឆ្នោតទទួលយកដីឡូត៍រស់នៅស្របច្បាប់ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យកាត់ដីនៅចំណុចភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ចំនួនជាង ៣០០ ហិកតា សម្រាប់ការរៀបចំឱ្យប្រជាពលរដ្ឋរស់នៅ ដើម្បីបញ្ចប់ទំនាស់ដីធ្លីនៅទីនោះ។
លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំក្រុមការងារចុះដោះស្រាយបញ្ចប់វិវាទដីធ្លីនៅទីនោះ បានឱ្យដឹងថា ប្រជាពលរដ្ឋមានវិវាទដីធ្លីជាង ២០ ឆ្នាំមកហើយដោយមានមេខ្យល់ឆបោកនាពេលកន្លងមក។ នេះជាហេតុនាំឱ្យពួកគាត់ទៅរស់នៅលើដីរបស់គេ ដែលមានម្ចាស់រួចទៅហើយ ធ្វើឱ្យមានជម្លោះដោះស្រាយមិនចេញ។
ប៉ុន្តែក្រោយមករឿងនោះបានដឹងទៅដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកនាយករដ្ឋមន្ត្រីក៏បានចាត់ឱ្យលោកជាតំណាងចុះមកធ្វើការដោះស្រាយ។
លោកថ្លែងថា៖ «នៅពេលយើងចុះទៅបានរកឃើញថា ពួកគាត់សុទ្ធតែមករស់នៅលើដីគេទី១ តាមរយៈការទិញដូរតែគ្នាគាត់។ ទី២ តាមរយៈការមកចាប់យកមក អាស្រ័យផលដោយពុំមានស្របច្បាប់ ហើយនិយាយរួមដីសុទ្ធតែគេមានម្ចាស់ទាំងអស់»។
បើតាមលោក ប៊ុនថន ដោយឃើញថា ពលរដ្ឋមានទុក្ខលំបាក គ្មានទីលំនៅត្រឹមត្រូវ សំណូមពរទទូចចង់រស់នៅទីនោះ ទើបលោកនាយករដ្ឋមន្ត្រីសម្រេចឱ្យកាត់ដី ៣០០ ហិកតាធ្វើការរៀបចំសម្រាប់ការរស់នៅរបស់ពលរដ្ឋតែម្តង។
លោកបន្តថា៖ «ដោយសារយើងពិនិត្យឃើញថា អ្នកខ្លះមានការខ្វះខាត អ្នកខ្លះក៏បានអាស្រ័យផលខ្លះដែរ ហើយខ្លះទៀតក៏បានមកសាងសង់ [ផ្ទះ] តូចៗនៅលើហ្នឹងហើយ អ៊ីចឹងគាត់សំណូមពរថា គាត់ចង់រស់នៅទីនោះ។ អ៊ីចឹងទៅក៏សម្តេចតេជោលោកក៏បានបរិច្ចាគនូវដីចំនួន ៣០០ ហិកតា ហ្នឹងជូនពួកគាត់ ដើម្បីយើងពុះឡូត៍ចែកឱ្យគាត់មករស់នៅលើដីនេះវិញឱ្យចេញពីដីគេ ប្រគល់ដីឱ្យគេវិញ»។
លោក ប៊ុនថន ប្រាប់ថាកាលពីថ្ងៃទី ៧ កុម្ភៈ ប្រជាពលរដ្ឋបានមកចូលរួមចាប់ឆ្នោតយកដីឡូត៍នៅទីតាំងដីនោះផ្ទាល់តែម្តង។ ដីដែលផ្តល់ជូនពលរដ្ឋនេះជាដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានមកពីការបរិច្ចាគរបស់សប្បុរសជន។
លោកថ្លែងថា៖ «សប្បុរសជន គាត់ធ្វើអំណោយជូនសម្តេច ដើម្បីយើងដោះស្រាយគោលនយោបាយជូនពួកគាត់។ អ៊ីចឹងទៅសម្តេចក៏បានសម្រេចថាដីហ្នឹង ប្រគល់ទៅប្រជាពលរដ្ឋដែលគាត់មករស់នៅលើដីគេហ្នឹងតែម្តងទៅ»។
ក្រោយពេលក្រុមការងារធ្វើជំរឿនបានរកឃើញថា ប្រជាពលរដ្ឋទាំងអស់ដែលមានទំនាស់ដីធ្លីយូរឆ្នាំនោះមានចំនួនសរុប ១ ២១៣ គ្រួសារ។ ក្នុងនោះក៏មានការវាយតម្លៃបន្ថែមសម្រាប់ការបែងចែកជូនប្រជាពលរដ្ឋទៅតាមសភាពជាក់ស្តែងផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុនថន។
លោកបន្ថែមថា៖ «នៅក្នុងនោះយើងក៏មានការវាយតម្លៃបន្ថែមនូវដីប្រភេទ ១ និងប្រភេទ ២។ អ៊ីចឹងប្រភេទ ១ ហ្នឹងគឺមាន ៣០ គុណ ៥០ ម៉ែត្រហើយប្រភេទ ២ ហ្នឹង គឺ ២២ គុណ ២៥ ម៉ែត្រ។ ២ ផ្នែកហ្នឹងគឺយើងចែកជូនយោងតាមយើងធ្វើអត្តសញ្ញាណកម្មជាក់ស្តែងថាអ្នកណាយើងគួរឱ្យប្រភេទ ១ អ្នកណាគួរឱ្យប្រភេទ ២»។
លោក គឹម សុភ័គ ប្រជាពលរដ្ឋម្នាក់ដែលបានទៅចូលរួមចាប់ឆ្នោតយកទីតាំងដីបានសម្តែងការត្រេកអរយ៉ាងខ្លាំង ដែលគាត់ធ្លាប់តែមានទុក្ខលំបាករស់នៅលើដីគេត្រូវគេដេញចេញ។ ពេលនេះគាត់ប្តូរមកវិញនូវទីកន្លែងរស់នៅសមរម្យ និងមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ។
លោកនិយាយថា៖ «សព្វថ្ងៃនេះបានជោគជ័យដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គាត់បានចាត់ជំនួយការរបស់គាត់មក គឺឱ្យប្រជាពលរដ្ឋរស់នៅបានសុខស្រួល ដែលមានសាលារៀន មណ្ឌលសុខភាពស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាក់ការកងរាជអាវុធហត្ថ ស្នាក់ការភូមិ អគារកាកបាទក្រហម វត្ត សួនច្បារ កន្លែងហាត់ប្រាណ ស្រះទឹកជាដើម»៕